ជាតិ
សង្គមជាតិ
ស្មៀនសង្កាត់តាខ្មៅ លួចកិបកេងប្រាក់សម្រាប់ឧបត្ថម្ភអ្នកក្រ ត្រូវចាប់ខ្លួន
16, Nov 2022 , 10:59 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុក រដ្ឋបាលសង្កាត់តាខ្មៅ
រូបពីទំព័រហ្វេសប៊ុក រដ្ឋបាលសង្កាត់តាខ្មៅ
លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយរងការសង្ស័យថា លួចកិបកេងប្រាក់សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ។



លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា មន្រ្តីជំនាញ កំពុងស្រាវជ្រាវលម្អិតពីករណីលោក សុខ សុផា។ លោក បញ្ជាក់ដូច្នេះថា៖«គាត់ ធ្វើខុស គាត់ត្រូវមានទោស»។ 
 
លោកអភិបាលខេត្ត មិនចាំចំនួនទឹកប្រាក់ ដែលលោក សុខ សុផា កិបកេងឡើយ។ តែសារព័ត៌មាននានា ចុះផ្សាយដូចៗគ្នាថា ចំនួនទឹកប្រាក់ ដែលស្មៀនសង្កាត់តាខ្មៅរូបនេះកិបកេងយក មានប្រមាណ៧០លានរៀល (ជាង១,៦ម៉ឺនដុល្លារ)។  
 
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ជាធម្មតា ប្រាក់សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ត្រូវរដ្ឋាភិបាល ទម្លាក់ទៅតាមធនាគារវីង ហើយពួកគាត់ ប្រើកាត ដើម្បីទៅដកប្រាក់ឧបត្ថម្ភនោះ។ យ៉ាងណា ចំពោះករណីលោក សុខ សុផា លោក តូច ចាន់នី មិនទាន់អាចអាចបញ្ជាក់បានឡើយថា ស្មៀនសង្កាត់តាខ្មៅរូបនេះ កិបកេងយកសាច់ប្រាក់ផ្ទាល់តែម្តង ឬកិបកេងចំនួនទឹកប្រាក់ក្នុងគណនីធនាគារ។ 
 
អ្នកនាំពាក្យក្រសួងសង្គម ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ មិនទាន់ទទួលបានរបាយការណ៍ផ្លូវការទេ អ៊ីចឹង មិនអាចនិយាយបានថា គាត់ កិបកេងតាមរបៀបម៉េចទេ»៕  
 

Tag:
 ប្រាក់ឧបត្ថម្ភអ្នកក្រីក្
© រក្សាសិទ្ធិដោយ thmeythmey.com