ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់ដាក់ជីវភាពនយោបាយជាលើកទី២
16, Nov 2022 , 1:00 pm        
រូបភាព
បើសិនជាមានការរកឃើញថា លោក ហ៊ុន ម៉ាណែត បាននាំយកលុយ៥លានដុល្លារសហរដ្ឋអាមេរិកចូលទៅប្រទេសបារាំងកាលពីឆ្នាំ២០១៦ក្នុងគោលបំណងទិញទឹកចិត្តប្រជាជនខ្មែរនៅអឺរ៉ុបឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាមែន នោះលោក ហ៊ុន ម៉ាណែត នឹងយល់ព្រមបញ្ចប់អាជីពនយោបាយរបស់លោកមួយជីវិត។ ផ្ទុយទៅវិញ បើសិនជាការចោទប្រកាន់របស់លោក សម រង្ស៊ី ពុំមែនជាការពិតនោះទេ លោក សម រង្ស៊ី ត្រូវឈប់ធ្វើនយោបាយមួយជីវិតដូចគ្នា។ នេះគឺលក្ខខណ្ឌនៃការប្រកាសភ្នាល់គ្នាដែលលោក ហ៊ុន ម៉ាណែត បានស្នើទៅលោក សម រង្ស៊ី។

 
អនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសភ្នាល់ជាសាធារណៈជាមួយលោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយអះអាងថា ប៉ូលិសប្រទេសបារាំងបានចាប់ឃាត់ទុកទឹកប្រាក់៥លានដុល្លារ ដែលលោក ហ៊ុន ម៉ាណែត បានបន្លំនាំចូលតាមរយៈកាបូបការទូត។ បើតាមលោក សម រង្ស៊ី ទឹកប្រាក់ទាំងនោះត្រូវបានឃាត់ទុករហូតដល់សព្វថ្ងៃនេះ។
 
 លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ីយ៉ាងដូច្នេះ៖«ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ តោះ! លោក សម រង្សី! យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់ និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់។»។
 
លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសបបួលលោកសម រង្ស៊ី ភ្នាល់ដាក់ជីវភាពនយោបាយម្ដងហើយ នៅពេលដែលលោក សម រង្ស៊ី រិះគន់ និងចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាបត្រយោធាកម្រិត២ ឬសញ្ញាបត្រកិត្តិយសពីសាលាបណ្ឌិតសភាយោធា West Point ដ៏ល្បីរបស់សហរដ្ឋអាមេរិក។ លោក សម រង្ស៊ី មិនបានឆ្លើយតបជាមួយជាមួយលោក ហ៊ុន ម៉ាណែតឡើយ។
 
លោក ហ៊ុន ម៉ាណែត បានហៅលោក សម រង្ស៊ី ដោយចំអកថា ជាអ្នកនយោបាយចាស់វស្សាដែលចេះតែរករឿងវាយប្រហារលោកតែពីក្រោយខ្នង តាមរយៈការប្រឌិតរឿងម្ដងហើយម្ដងទៀត។
 
សេចក្ដីថ្លែងរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានចែករំលែកយ៉ាងទូលំទំលាយនៅលើបណ្ដាញសង្គម រួមទាំងទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
 
 

Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com