ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ទៀ បាញ់៖ ជោគជ័យកងទ័ពមួកខៀវកម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់អាម៉េរិកឡើយ
16, Nov 2022 , 4:09 pm        
រូបភាព
ជំនួបរវាងសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ផាទ្រិក មើហ្វ៊ី ឯកអគ្គរដ្ឋទូតអាម៉េរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
ជំនួបរវាងសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ផាទ្រិក មើហ្វ៊ី ឯកអគ្គរដ្ឋទូតអាម៉េរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
ដោយ៖ ទេពញាណ 
ក្នុងជំនួបផ្ទាល់មុខជាមួយលោក ផាទ្រិក មើហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងពីគុណស្រ័យរបស់អាម៉េរិក ដែលជួយកម្ពុជាលើវិស័យផ្សេងៗ ដោយរាប់ទាំងការបណ្តុះបណ្តាលទ័ពមួកខៀវកម្ពុជា ដែលទៅបំពេញបេសកកម្មរក្សាសន្តិសុខតាមបណ្តាប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិផងដែរ។



«ជោគ​ជ័យ​នៃ​បេសក​កម្ម​រក្សា​សន្តិភាព​របស់​កង​ទ័ព​កម្ពុជា ​គឺ​មិនអាច​កាត់​ផ្ដាច់បាន​ពីការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​ឡើយ​»។ នេះជាប្រសាសន៍របស់សម្តេច ទៀ បាញ់ ទៅកាន់លោកឯកអគ្គរដ្ឋទូតអាម៉េរិក ក្នុងជំនួបជាមួយគ្នាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា។ 
 
សម្តេចរដ្ឋមន្រ្តី អរ​គុណ​រដ្ឋាភិបាល ​កង​ទ័ព ​និង​ប្រជាជន​អាម៉េរិក ដែល​កន្ល​ង​មក​ តែង​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី​ សម្ភារៈ និង​ថវិកា​ដល់​កម្ពុជា​ ពិសេសបាន​ជួយ​​បណ្ដុះ​បណ្ដាល​​កង​ទ័​ព​កម្ពុជា​លើ​ការដោះ​មី​ន​ ការរក្សាសន្តិសុខ​លម្ហ​សមុទ្រ​ ជំនាញ​សង្គ្រោះពេលមាន​គ្រោះ​មហន្តរាយក្នុងប្រទេស រួមទាំងការជួយបណ្តុះបណ្តាលកងទ័ពកម្ពុជា លើ​ការ​រក្សា​សន្តិភាព​ ការបោសសម្អាត​មីន​ សម្រាប់​អង្គការ​សហ​ប្រជា​ជាតិ។
 
រដ្ឋមន្រ្តីការពារជាតិ បន្តថា ជាពិសេសទៀតនោះ ​ក្នុ​ង​ឆ្នាំ​២០០៩-២០១០​ ​អាម៉េរិក ​បា​នជួយ​សាង​សង់​សាលា​ហ្វឹកហ្វឺ​ន​កង​រក្សា​សន្តិភាព​ អា សេ អូ (ACO)​ នៅ​ក្នុងខេត្តកំ​ពង់​ស្ពឺ​ ​និងផ្ដល់​សម្ភារៈ​មួយ​ចំនួន​ដល់កម្ពុជា ព្រមទាំង​គាំទ្រឲ្យកម្ពុជា ​បាន​ធ្វើជាម្ចាស់​ផ្ទះនៃ​លំហាត់​ហ្វឹ​កហ្វឺន​​ឆ្នាំ​អង្គ​រ២០១០​។ សម្តេច បន្ថែមថា លំហាត់​ហ្វឹក​ហ្វឺន​ឆ្នាំ​អង្គរ២០១០នេះ បានធ្វើឲ្យកង​ទ័ព​កម្ពុ​ជា ចេ​ញទៅ​បំពេញ​បេសក​កម្ម​នៅ​បរទេស​កាន់​តែ​កើន​ឡើង​។
 
រីឯលោកឯកអគ្គរដ្ឋទូតវិញ លោក បាន​ស្នើសុំការ​គាំទ្រពីសម្តេចរដ្ឋមន្រ្តី ក្នុងកា​របន្តស្រា​វជ្រា​វរុក​រ​កអដ្ឋិធាតុ​ទាហានអាម៉េរិក ដែលបាន់ខ្លួន​ក្នុងអំឡុង​សង្គ្រាម​នៅ​កម្ពុជា។ បន្ថែមពីនេះ លោកទូត បា​នវា​យ​តម្លៃ​ខ្ពស់​​ចំពោះវិធាន​ការ​របស់​កម្ពុជា ក្នុង​ឋានៈជា​ប្រធាន​អាស៊ាន ដែល​​ប្រឹងប្រែង​ដោះ​ស្រាយ​វិបត្តិ​នៅ​​មីយ៉ាន់ម៉ា។ 
 
សម្តេច ទៀ បាញ់ ជម្រាបលោកឯក​អគ្គរដ្ឋទូតថា សម្ដេច​ នឹងជំរុញ​ក្រុម​ការងារ​ ឲ្យ​បង្កើនកិច្ច​សហប្រតិបត្តិការ​ជា​មួយ​កង​ទ័ពជំនាញរបស់​អាម៉េរិក ​ក្នុងការស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាម៉េរិក​។ ប្រមុខការពារជាតិកម្ពុជា បង្ហាញក្តីសង្ឃឹមថា ​កិច្ច​សហប្រតិការ​រនេះ នឹង​ធ្វើឲ្យ​កម្ពុជា-អាម៉េរិក ពង្រឹង​ចំណង​សាមគ្គីភាព និងមិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​។ 
 
ក្រៅពីព័ត៌មានដែលសរសេរដោយក្រសួងការពារជាតិកម្ពុជា លោកឯកអគ្គរដ្ឋទូតអាម៉េរិក ក៏បានសរសេរសារខ្លីលើបណ្តាញធ្វីតធ័រដែរថា លោក បានជួបពិភាក្សាគ្នាជាមួយសម្តេច ទៀ បាញ់ ដែលជាប្រធាននៃកិច្ច​ប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក។ លោកទូតនៃប្រទេសមហាអំណាចរូបនេះ បង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖«វាសំខាន់ ដែលគ្រប់ភាគីត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃសិទ្ធិសញ្ញាមិត្តិភាព និងកិច្ចសហប្រតិបត្តិការស្តីពីការគោរពបូរណភាពទឹកដី និងការមិនប្រើប្រាស់កងកម្លាំង»។  
 
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក នឹងត្រូវរៀបចំឡើងក្នុងខេត្តសៀមរាម នៅចុងខែវិច្ឆិកា ឆ្នាំ២០២២។ លោកឯកអគ្គរដ្ឋទូត ជម្រាបសម្តេចរដ្ឋមន្រ្តីថា ​រដ្ឋមន្ត្រី​ការពារ​ជាតិ​​អាម៉េរិក ​នឹ​ងមក​កម្ពុជា​ ដើម្បី​ចូល​រួម​ក្នុ​ងកិច្ច​ប្រជុំរដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បូកនេះ​។ សម្តេច តបវិញថា ​ក្រសួង​ការ​ពារ​ជាតិកម្ពុជា ​បាន​រៀបចំក្រុម​ការងាររួចជាស្រេចហើយ ដើម្បី​​ទទួល​ស្វាគមន៍​​ដល់​ប្រមុខកា​រពា​រជា​តិអាស៊ាន ​និងប្រមុខការពារ​ជា​តិនៃប្រទេសដទៃទៀត ដែលត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។ កម្ពុជា ដែលជាប្រធានអាស៊ាន ទើបនឹងបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅរាជធានីភ្នំពេញ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕   
 
 
 

Tag:
 កម្ពុជា-អាម៉េរិក
  ទៀ បាញ់
  Patrick Murphy
  ទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com