សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតិផរណា វិបត្តិថាមពល អត្រាការប្រាក់ ជាបញ្ហាប្រឈមត្រូវបានលើកឡើងនាជំនួប G20
16, Nov 2022 , 5:59 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ និង១៦ វិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី មានបញ្ហាប្រឈមសកលជាច្រើនដែលត្រូវលើកយកមកពិភាក្សា។ បញ្ហាទាំងនោះរួមមាន អតិផរណា អត្រាការប្រាក់ វិបត្តិថាមពល ការធ្លាក់ចុះសេដ្ឋកិច្ច សុខភាពសកល និងបញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។



ក្រុមប្រទេស G20 មានប្រហែល ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលស្មើនឹង ៨០ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក និង ៧៥ភាគរយនៃពាណិជ្ជកម្មពិភពលោកសរុប។ ដូច្នេះហើយ កិច្ចប្រជុំនៃក្រុមនេះបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយដែលនាំឱ្យអឺរ៉ុបកំពុងជួបនូវវិបត្តិថាមពល។
 
ថ្លែង​នៅ​មុន​ព្រឹត្តិការណ៍​នេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ដែល​ជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 ឆ្នាំ​នេះ​បាន​ទទួល​ស្គាល់​ថា នេះ​ជា​ការ​កាន់​តំណែង​ជា​ប្រធាន G20 ដែល​ពិបាក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ជាមួយនឹងមូលបទ «ការងើបឡើងវិញរួមគ្នា ការងើបឡើងវិញកាន់តែរឹងមាំ» ឥណ្ឌូណេស៊ីសង្ឃឹមថានឹងធ្វើការជាមួយមេដឹកនាំដើម្បីស្វែងរកដំណោះស្រាយជាច្រើន ដើម្បីដោះស្រាយបញ្ហាលំបាកបំផុតដែលពិភពលោកកំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច។ 
 
អតិផរណា អត្រាការប្រាក់ ការធ្លាក់ចុះសេដ្ឋកិច្ច ទាំងនេះប្រហែលជាពាក្យគន្លឹះដែលត្រូវបានស្វែងរកច្រើនបំផុតក្នុងឆ្នាំ ២០២២។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង ជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្តកើតមាន ខ្សែច្រវាក់ផ្គត់ផ្គង់មិនទាន់បានតភ្ជាប់ពេញលេញនៅឡើយ។ ទាំងនេះគឺជាបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចពិភពលោក។
 
ដូច្នេះ ប្រទេសម្ចាស់ផ្ទះ G20 ឥណ្ឌូណេស៊ីមានបំណងនាំយករបៀបវារៈជុំវិញសសរស្តម្ភចំនួនបី សម្រាប់ការស្តារម៉ាក្រូសេដ្ឋកិច្ចឡើងវិញក្រាយពីជំងឺរាតត្បាតមានដូចជា ស្ថាបត្យកម្មប្រព័ន្ធសុខភាពសកល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព។
 
បើតាមសារព័ត៌មាន Al Jazeera កិច្ចប្រជុំ G20 នៅឆ្នាំនេះ ស្ថិតក្រោមសម្ពាធជាច្រើន ដោយសារភាពតានតឹងរវាងអាម៉េរិក-ចិន អាមេរិក-រុស្ស៊ី រុស្ស៊ី-សហភាពអឺរ៉ុប និងអារ៉ាប៊ីសាអូឌីត-អាម៉េរិក។
 
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ៖ « អ្នកមិនអាចដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយជាមួយនឹងវិធានការគោលនយោបាយសេដ្ឋកិច្ចបានទេ។ វានឹងពិបាកក្នុងការគណនាកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលត្រូវការ។ ការបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺជាកត្តាដ៏មានឥទ្ធិពលបំផុតក្នុងការប្រែក្លាយសេដ្ឋកិច្ចពិភពលោកត្រលប់មកវិញ»។ 
 
ថ្វីបើមានទំហំនៃបញ្ហាប្រឈម និងភាពតានតឹងផ្នែកនយោបាយមានពិតមែនក៏ដោយ អ្នកសង្កេតការណ៍មួយចំនួននៅតែមានសុទិដ្ឋិនិយមអំពីសមត្ថភាពរបស់ G20 ក្នុងការដោះស្រាយបញ្ហាដែលកំពុងមានការព្រួយបារម្ភជារួម។ ជាក់ស្តែង ក្រុមនេះបានចាប់ផ្តើមមូលនិធិបង្ការជំងឺរាតត្បាតដើម្បីប្រមូលប្រាក់ជាង ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីការពារនិងទប់ស្កាត់ការរាតត្បាតជំងឺនានាក្នុងពេលអនាគត៕
 

Tag:
 G20 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com