អន្តរជាតិ
សមាជិក G20 ភាគច្រើន ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន
16, Nov 2022 , 11:29 pm        
រូបភាព
ដោយ:
សមាជិកប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) ថ្កោលទោសទង្វើឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ហើយអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍ចេញក្រោយកិច្ចប្រជុំ ក៏បញ្ជាក់ជាថ្មីពីក្តីបារម្ភរបស់មេដឹកនាំជុំវិញផលប៉ះពាល់នៃសង្រ្គាមលើសន្តិសុខស្បៀង និងថាមពលសម្រាប់សកលលោកពិសេសប្រទេសមានប្រាក់ចំណូលមធ្យម។

 
នៅបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20)នៅឥណ្ឌូណេស៊ី សេចក្តីថ្លែងការណ៍រួមក៏បានចេញជារូបរាងឡើងដែលបង្ហាញពីទស្សនៈផ្សេងៗគ្នា ក៏ដូចជាភាពតានតឹងរវាងរដ្ឋសមាជិកជុំវិញសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។ 
 
«សមាជិកភាគច្រើនថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយសង្កត់ធ្ងន់ថា វាកំពុងបង្កឱ្យមនុស្សរងទុក្ខយ៉ាងខ្លាំង និងធ្វើឱ្យសេដ្ឋកិច្ចសកលលោកកាន់តែផុយស្រួយ»។ នេះបើតាមឯកសាររួមគ្នារបស់មេដឹកនាំ G20 ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ ប្រទេសទាំងនោះបញ្ជាក់ពីជំហររបស់ខ្លួនជាថ្មីដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយទាមទារឱ្យក្រុងមូស្គូដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍ដដែលក៏បានសរសេរថាមានទស្សនៈ និងការវាយតម្លៃផ្សេងទៀតពីស្ថានភាពនៅទីនោះ ក៏ដូចជាទាក់ទងការដាក់ទណ្ឌកម្មផងដែរ។ 
 
សេចក្តីថ្លែងការណ៍រួមបន្ថែមថា សង្រ្គាមនៅអ៊ុយក្រែនប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល។ សមាជិកជាច្រើនបង្ហាញពីក្តីបារម្ភជុំវិញការបំផ្លិចបំផ្លាញដោយជម្លោះទៅលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនងាយរងគ្រោះបំផុតដែលជាស្រ្តី​ និងកុមារ។ 
 
សូមបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនជាងប្រាំបីខែមកនេះគឺជាប្រធានបទដ៏ក្តៅគគុកក្នុងជំនួបកំពូលរបស់ក្រុម G20 ដែលរៀបចំឡើងដើម្បីជជែក និងពាំនាំដំណោះស្រាយបញ្ហាសេដ្ឋកិច្ចសកល៕
 
 
 
 

Tag:
 G20
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com