កីឡាជាតិ
ជាតិ
ក្លិបអង្គរថាយហ្គឺ បញ្ចប់កុងត្រាកីឡាករសំខាន់៧រូប ដើម្បីទុកឱកាសឲ្យក្មេងៗសាងស្នាដៃ
16, Nov 2022 , 6:29 pm        
រូបភាព
អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវគ្នា ជាមួយកីឡាករសំខាន់ៗចំនួន៧រូបក្រោយបញ្ចប់រដូវកាលនេះ។ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លិបអង្គរថាយហ្គឺរ ពន្យល់ពីការបញ្ចប់កិច្ចសន្យាជាមួយកីឡាករដ៏ច្រើននេះ ដោយសារក្លិបចង់ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង បានបង្ហាញស្នារដៃ និងទទួលយកបទពិសោធន៍ប្រកួតឲ្យបានច្រើន។



លោក អ៊ុំ ករុណា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការចែកផ្លូវជាមួយកីឡាករ គឺជារឿងជាស់មិនផុតសម្រាប់ក្លិបបាល់ទាត់ទាំងអស់ មិនថាក្លិបនៅកម្ពុជា ឬក៏នៅបរទេសនោះទេ។ ដោយឡែក ក្រោយចប់ប្រកួត Cambodian Premier League 2022 ក្លិបអង្គរថាយហ្គឺរ បានប្រកាសជាផ្លូវការនូវការចែកផ្លូវជាមួយកីឡាករ៧រូប ដោយរាប់បញ្ចូលកីឡាករ ខ្ចីជើងពីក្លិបដដៃផងដែរ។ 


ជំនួបជាមួយ​ អង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ រូបពីក្លិបអង្គរថាយហ្គឺរ
 
កីឡាករចំនួន៧ រូបដែលបានចែកផ្លូវជាមួយក្លិបនោះ មានខ្សែប្រយុទ្ធ សញ្ជាតិទីម័រខាងកើត Mouzinho,  ខ្សែបម្រើ រដ្ឋ សំណាង, ខ្សែការពារកណ្ដាល មិត សាម៉ើយ, បម្រើកណ្ដាល ចាន់ សុភា, កែវ សារ៉ាត់, ឡាក់ សុភក្ដ្រា និងម៉ៅ ពិសិដ្ឋ ជាកីឡាករខ្ចីជើងពីភ្នំពេញក្រោន។ ដោយឡែក កីឡាករ ស៊ុំ សាន់ ដែលខ្ចីពីបឹងកេត អាចត្រូវបានក្លិបចចារទិញ ឬបន្ដកុងត្រាខ្ចីជើងទៀត រីឯ Iago Bento Fernandes សញ្ជាតិប្រេស៊ីល ក៏ស្ថិតក្នុងការចរចារ។ ចំពោះរឿងកីឡាករទាំង២នេះ លោក អ៊ុំ ករុណា មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ដោយរងចាំការប្រកាសជាផ្លូវការរបស់ក្លិប។
 
អគ្គលេខាធិការរូ​បនេះ បាននិយាយដូច្នេះថា៖«យើង ចង់ប្ដូររចនាសម្ព័ននៅឆ្នាំក្រោយបន្ដិច។ យើង ចង់ផ្ដល់ឱកាសឲ្យក្មេងៗ ប្រកួតបានច្រើន។ ម្យ៉ាងវិញទៀត យើង ក៏នឹងយកកីឡាករផ្សេងៗមកពីក្រៅ ដើម្បីជំនួសអ្នកដែលចេញផងដែរ។»។
 
ចំពោះការលម្អិតពីផែនការសម្រាប់រដូវកាលក្រោយ អគ្គលេខាធិការរូបនេះ សុំមិនបញ្ជាក់បានទេ ដោយចាត់ទុកថាជាផ្ទៃក្នុងរបស់ក្លិប។
 
ក្លិបអង្គរថាយហ្គឺរ ធ្វើមិនបានល្អប៉ុន្មានទេ ក្នុងរដូវកាលនេះ ដោយមិនបានស្ថិតក្នុង វគ្គ៤ ក្រុមក្នុងកំពូលតារាង និងមិនមានឈ្មោះប្រកួតយកជើងឯក។ ទោះជាយ៉ាងនោះក៏ដោយ ក្រុមនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដែលធ្វើឲ្យអ្នកគាំទ្រនៅខេត្តសៀមរាបជាច្រើន បានចូលមកទស្សនា នៅក្នុងកីឡដ្ឋានហនុមាន។ ម្យ៉ាងវិញទៀត លោក អ៊ុំ ករុណា បញ្ជាក់ថា ទម្រង់លេង របស់លោក Alistair Heath គ្រូបង្វឹកក្លិបអង្គរថាយហ្គឺ គឺមានប្រសិទ្ធភាព និងធ្វើឲ្យក្រុមផ្សេងមានការប្រុងប្រយ័ត្នជាខ្លាំង។ 
 
«ទោះពេលខ្លះ ក្លិប ប្រកួតចាញ់ ប៉ុន្ដែ ក្លិបមិនមែនឲ្យគូប្រកួត មានបាល់លេងដោយស្រួលនោះទេ ហើយយើងក៏មានការវាយកបទៅវិញផងដែរ។ នេះ គឺជាទម្រង់លេង របស់គ្រូសញ្ជាតិអង់គ្លេសរូបនេះ។»។ អគ្គលេខាធិការរូបនេះ និយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា អង្គរថាយហ្គឺរ បានបញ្ចប់ការប្រកួតក្នុងលីគ ត្រឹម២១ប្រកួត ដោយក្នុងនោះ ឈ្នះ៦ ស្មើ៣ និងចាញ់១២ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ៨ក្រុម ដែលអាចបន្តលេងនៅលីគកំពូលរដូវកាលក្រោយ៕
 

Tag:
 បាល់ទាត់
  ក្លិបអង្គរថាយហ្គឺ
  CPL
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com