អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលចម្ងាយខ្លីមួយគ្រាប់ ក្រោយចេញសារព្រមានអាម៉េរិក និងសម្ព័ន្ធមិត្ត
17, Nov 2022 , 12:19 pm        
រូបភាព
 រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Choe Son-hui ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Choe Son-hui ។ រូបថត AFP
យោធារបស់ទីក្រុងសេអ៊ូល នៅថ្ងៃទី១៧ ខែវិច្ឆិកា អះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចម្ងាយខ្លីមួយគ្រាប់ទៅសមុទ្រខាងកើត។ ការបាញ់នេះធ្វើឡើងមិនយូរប៉ុន្មានក្រោយទីក្រុងព្យុងយ៉ាងព្រមានពីការឆ្លើយតបយោធាចំពោះអាម៉េរិក និងសម្ពន្ធមិត្តក្នុងតំបន់។



បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើង មីស៊ីលបាលីស្ទិកចេញពីតំបន់ Wonsan ឆ្នេរសមុទ្រភាគខាងកើតនៅម៉ោង៨ និង៤៨នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា។ មុនការបាញ់នេះ កូរ៉េខាងជើងក៏បានព្រមានអាម៉េរិក និងសម្ព័ន្ធមិត្តចំពោះទង្វើដែលខ្លួនចាត់ទុកជាការដុតកម្ដៅផងដែរ។
 
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅថ្ងៃទី១៧ ខែវិច្ឆិកា បានរិះគន់កិច្ចពិភាក្សារបស់មេដឹកនាំអាម៉េរិក និងចិន ក៏ដូចជាការពិភាក្សារវាងអាម៉េរិក ជាមួយកូរ៉េខាងត្បូង និងជប៉ុនដែលនិយាយពីបញ្ហាកូរ៉េខាងជើង។ លោកស្រីចាត់ទុកការនិយាយចំឈ្មោះកូរ៉េខាងជើង ជាការនាំឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឈានទៅកាន់ដំណាក់កាលដែលមិនអាចទាយទុកជាមុនបាន ហើយកូរ៉េខាងជើងនឹងឆ្លើយតបឱ្យកាន់តែចាស់ដៃ។ 
 
លោកស្រី Choe បន្តថា ការណ៍ដែលទីក្រុងវ៉ាស៊ីនតោនខិតខំធ្វើការកាន់តែច្រើនដើម្បីពង្រឹងសម្ពន្ធភាពសន្តិសុខរបស់ខ្លួនជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលនោះ យោធាកូរ៉េខាងជើងនឹងកាន់តែប្រឆាំងខ្លាំងក្លាឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
 
នាដើមសប្តាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជួបជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) លើកោះបាលី អំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ លោក បៃឌិន ដោយជំរុញចិនឱ្យប្រើឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សម្ពាឌលើកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបាញ់មីស៊ីលជាច្រើនគ្រាប់ ហើយនាំឱ្យមានការព្រួយបារម្ភចំពោះការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីរ។ 
 
ក្នុងជំនួបមួយក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងសមភាគីអាម៉េរិក លោក ចូ បៃឌិន បានព្រមានឆ្លើយតបយ៉ាងចាស់ដៃដោយប្រើយោធាជាមួយមធ្យោបាយសព្វបែបយ៉ាងតាមដែលអាចធ្វើបាន បើកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕ 
 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com