អន្តរជាតិ
ណាតូ និងសម្ព័ន្ធមិត្ត ថាមីស៊ីលធ្លាក់នៅប៉ូឡូញទំនងជារបស់អ៊ុយក្រែន តែអ៊ុយក្រែនបដិសេធ
17, Nov 2022 , 2:42 pm        
រូបភាព
ទីតាំងធ្លាក់មីស៊ីលនៅទឹកដីប៉ូឡូញ។ រូបថត AFP
ទីតាំងធ្លាក់មីស៊ីលនៅទឹកដីប៉ូឡូញ។ រូបថត AFP
ដោយ:
សម្ព័ន្ធយោធាណាតូ និងប៉ូឡូញ បញ្ជាក់នៅថ្ងៃទី១៦ ខែវិច្ឆិកាថា មីស៊ីលដែលផ្ទុះសម្លាប់មនុស្សពីរនាក់នៅទឹកដីប៉ូឡូញប្រហែលជាការបាញ់ខុសរបស់កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន មិនមែនជារបស់រុស្ស៊ីទេ។ ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនទទួលស្គាល់ការរកឃើញនេះ ហើយទាមទារព័ស្តុតាង។

 
មីស៊ីលមួយគ្រាប់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានធ្លាក់ទៅលើទឹកដីប៉ូឡូញដែលស្ថិតនៅចម្ងាយប្រហែលប្រាំមួយគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ហើយសម្លាប់មនុស្សពីរនាក់។ តាមលទ្ធផលស៊ើបអង្កេតជាបឋមរបស់ប៉ូឡូញ និងសម្ព័ន្ធយោធាណាតូ មីស៊ីលនោះប្រហែលជាត្រូវបានបាញ់ដោយភាគីអ៊ុយក្រែន។ ការរកឃើញនេះនឹងទប់ស្កាត់មិនឱ្យភាពតានតឹងរវាងរដ្ឋសមាជិកណាតូ និងរុស្ស៊ីកាន់តែរីករាលដាលដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្ទាល់ទៀតផង។
 
«តាមព័ត៌មានដែលយើង និងសម្ព័ន្ធមិត្តរបស់យើងមាន វាគឺជាគ្រាប់រ៉ុក្កែត S-300 ផលិតនៅសហភាពសូវៀតដែលជាគ្រាប់រ៉ុក្កែតចាស់មួយ ហើយគ្មានព័ស្តុតាងណាដែលថាវាត្រូវបានបាញ់ចេញពីភាគីរុស្ស៊ីទេ»។ ប្រធានាធិបតីប៉ូឡូញ Andrzej Duda បញ្ជាក់បែបនេះដោយបន្តថា វាមានភាគរយខ្ពស់ណាស់ដែលថាត្រូវបានបាញ់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន។ 
 
បន្ថែមពីលើនេះ អាម៉េរិកក៏គាំទ្រដល់ការវិនិច្ឆ័យរបស់ប៉ូឡូញដែរ។ ប្រមុខការពារជាតិអាម៉េរិក ឡយ អូស្ទីន ប្រាប់អ្នកកាសែតថា អាម៉េរិកកំពុងប្រមូលព័ត៌មាន ហើយអត់មានរកឃើញអ្វីដែលផ្ទុយនឹងការវាយតម្លៃជាបឋមរបស់ប្រធានាធិបតីប៉ូឡូញទេ។ ប៉ុន្តែ លោក អូស្ទីន បន្តថាមិនថាការសន្និដ្ឋានចុងក្រោយយ៉ាងណានោះទេ ពិភពលោកត្រូវដឹងថា រុស្ស៊ីត្រូវទទួលខុសត្រូវជាដាច់ខាតសម្រាប់ឧប្បត្តិហេតុនេះ។ 
 
ជាមួយគ្នានេះ ប្រមុខណាតូប្រាប់ទីកាន់អ្នកកាសែតថា រុស្ស៊ីនៅតែជាអ្នកត្រូវបន្ទោស ដោយសារជាភាគីចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ហើយបាញ់មីស៊ីលជាច្រើននៅអ៊ុយក្រែនដែលបណ្តាលឱ្យអ៊ុយក្រែនការពារប្រឆាំងទៅវិញ។ 
 
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ទទូចថាមីស៊ីលដែលផ្ទុះនៅប៉ូឡូញមិនមែនជារបស់អ៊ុយក្រែនទេ ហើយទាមទារព័ស្តុតាងដែលបញ្ជាក់ថាដូច្នោះ។ 
 
«ខ្ញុំគ្មានការសង្ស័យដែលថា វាជាមិនមែនជាមីស៊ីលរបស់យើងទេ»។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍សម្តីលោក ហ្សេលេនស្គី បែបនេះ។ បើតាមលោក ហ្សេលេនស្គី ការអះអាងរបស់លោកលើរបាយការណ៍មីស៊ីលនោះគឺអាស្រ័យលើយោធាអ៊ុយក្រែនដែលជាប្រភពលោកទុកចិត្ត។ លោកក៏បានជំរុញឱ្យបញ្ចូលអ៊ុយក្រែនក្នុងការស៊ើបអង្កេតនៅកន្លែងផ្ទុះមីស៊ីលនោះផងដែរដើម្បីកំណត់ការពិត។ 
 
សូមបញ្ជាក់ថា គ្រាប់រ៉ុក្កែត S-300 ដែលផលិតដោយសហភាពសូវៀត ត្រូវបានប្រើប្រាស់ដោយទាំងរុស្ស៊ី និងអ៊ុយក្រែន ហើយប្រទេស១៨ទៀតរួមមានសមាជិកណាតូ ក្រិក ស្លូវ៉ាគី និងប៊ុលហ្គារី​ផងដែរ។ នេះបើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ (CSIS)៕ 
 
 
 

Tag:
 ប៉ូឡូញ
  អ៊ុយក្រែន
  រុស្ស៊ី
  ណាតូ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com