អន្តរជាតិ
WTO ព្រមានពីហានិភ័យនៃឱនភាពសេដ្ឋកិច្ចនៅប្រទេសមានសេដ្ឋកិច្ចធំៗមួយចំនួន
17, Nov 2022 , 5:39 pm        
រូបភាព
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala។ រូបថត AFP
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala។ រូបថត AFP
ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៦ ខែវិច្ឆិកាបានព្រមានចំៗថា សេដ្ឋកិច្ចនៃប្រទេសសំខាន់ៗជាច្រើនលើពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យយ៉ាងពិតប្រាកដនៃការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ​ខណៈសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងតម្លៃស្បៀងអាហារនិងប្រេងឥន្ធនៈ ក៏ដូចជាអតិផរណាកើនបានកើនឡើងជាសកល។



ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្រៅកិច្ចប្រជុំមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកឡើងថា ប្រទេសសំខាន់ៗមួយចំនួនកំពុងប្រឈមនឹងការធ្លាក់ចូលទៅក្នុងឱន​ភាពសេដ្ឋកិច្ច។ 
 
«ជាការពិតណាស់ បញ្ហានេះអាចប៉ះពាល់ជាខ្លាំងសម្រាប់ទីផ្សារកំពុងរីកចម្រើន និងប្រទេសក្រីក្រ ដែលត្រូវការការផ្គត់ផ្គង់ទំនិញទៅប្រទេសអភិវឌ្ឍដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ»។ ប្រមុខ WTO បានលើកឡើងបែបនេះ។ 
 
គួរបញ្ជាក់ថា ស្ថាប័នពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះ កាលពីខែមុន បានព្យាករថា ពាណិជ្ជកម្មសកលអាចនឹងកើនឡើងត្រឹមតែ១ភាគរយក្នុងឆ្នាំ២០២៣ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងឆ្នាំនេះដែលពាណិជ្ជកម្មសកលកើនឡើង៣,៥ ភាគរយ។ 
 
លោកស្រី Ngozi Okonjo-Iweala បានបន្ថែមថា មានភាពមិនច្បាស់លាស់និងហានិភ័យជាច្រើនដែលអាចកើតមានដោយសារឱនភាពសេដ្ឋកិច្ច ដូចជាការប៉ះពាល់ពីសង្រ្គាមនៅអ៊ុយក្រែន និងអតិផរណាជាដើម​។ លោកស្រីក៏បានបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំ G20 លោកស្រីបានអំពាវនាវឱ្យមេដឹកនាំទាំងអស់លុបចោលការរឹតបន្តឹងលើការនាំចេញស្បៀងអាហារ និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្រីក្រដោយជំរុញឱ្យមានការឡើងថ្លៃតម្លៃម្ហូបអាហារ។
 
បន្ថែមពីនេះ លោកស្រី Okonjo-Iweala ក៏បានកត់សម្គាល់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងមេដឹកនាំចិនលោក ស៊ី ជិនភីងដើម្បីស្ដារទំនាក់ទំនងទ្វេភាគីដែលកំពុងតានតឹងផងដែរ។ 
 
លោកស្រី Okonjo-Iweala មានក្តីសង្ឃឹមពីភាពជឿនលឿនក្នុងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់ WTO ដែលបានអសកម្មទាំងពីឆ្នាំ២០១៩ មកនៅពេលដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំបានរារាំងការតែងតាំងចៅក្រមសម្រាប់ស្ថាប័នបណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មពិភពលោក។ ក្នុងកិច្ចប្រជុំមួយកាលពីខែកញ្ញា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានយល់ព្រមធ្វើការឆ្ពោះទៅរកការមានប្រព័ន្ធដោះស្រាយវិវាទដែលអាចដំណើរការនៅឆ្នាំ២០២៤៕
 

Tag:
 WTO
© រក្សាសិទ្ធិដោយ thmeythmey.com