អន្តរជាតិ
ភូមិសាស្ត្រនយោបាយនៅតែជារបៀបវារៈសំខាន់នៃកិច្ចប្រជុំ APEC នៅថៃ
17, Nov 2022 , 8:29 pm        
រូបភាព
កិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រារព្ធឡើងនាទីក្រុងបាងកក របស់ថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា នឹងត្រូវគ្របដណ្តប់លើបញ្ហាភូមិសាស្ត្រនយោបាយ ស្របពេលបញ្ហាសង្រ្គាម ភាពតានតឹងក្នុងតំបន់ និងវិបត្តិនុយក្លេអ៊ែរនៅតែជាប្រធានបទក្ដៅ។



កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាកិច្ចប្រជុំចុងក្រោយនៃកិច្ចប្រជុំកំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)។ 
 
នៅក្នុងព្រឹត្តិការណ៍មុនបើកកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ជាប្រធានកិច្ចប្រជុំ APEC បានរៀបរាប់ពីរបៀបវារៈរួមមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគថ្មី តម្រូវការដើម្បីភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ និងមធ្យោបាយដឹកជញ្ជូន ក៏ដូចជានិរន្តរភាពជាសលក ដែលសុទ្ធតែជាសកម្មភាពលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងតំបន់។ 
 
ទោះយ៉ាងណា បញ្ហាភូមិសាស្ត្រនយោបាយនឹងនៅតែជារបៀបវារៈដែលត្រូវពិភាក្សាដូចក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់នាពេលថ្មីៗនេះដែរ ខណៈសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ភាពតានតឹងនៅតៃវ៉ាន់ និងវិបត្តិនុយក្លេអ៊ែរនៅកូរ៉េខាងជើងនៅតែជាប្រធានបទក្ដៅគគុក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ប្រធានាធិបតីចិន ស៊ី ជីនភីង នឹងចូលរួមកិច្ចប្រជុំ APEC ដោយផ្ទាល់ ហើយរំពឹងថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ។ អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំផងដែរ។ ចំណែកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជាភ្ញៀវពិសេស។
 
ថៃ ក៏ដូចជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំ G20 ដែរ ដែលមានគោលដៅបង្រួបបង្រួមសមាជិកទាំង២១ របស់ APEC និងសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើបញ្ហារួម។ គួរបញ្ជាក់ថា កិច្ចប្រជុំ G20 បានបញ្ចប់ដោយអនុម័តសេចក្តីប្រកាសជាឯកច្ឆ័ន្ទថាសមាជិកភាគច្រើនថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែក៏បានទទួលស្គាល់ការមើលឃើញផ្សេងៗគ្នារបស់ប្រទេសមួយចំនួនទៅលើជម្លោះនេះផងដែរ៕
 
 

Tag:
 ថៃ
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com