អន្តរជាតិ
លោក ម៉ាក្រុង ថា បារាំងនៅតែបើកចំហលើកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យអូស្ត្រាលី
17, Nov 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានី នាជំនួបនៅឥណ្ឌូណេស៊ី។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានី នាជំនួបនៅឥណ្ឌូណេស៊ី។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៧ ខែវិច្ឆិកា បាននិយាយថា រដ្ឋាភិបាលបារាំងនៅតែបើកចំហដើម្បីពិនិត្យមើលឡើងវិញកិច្ចព្រមព្រៀងលក់នាវាមុជទឹកទៅឱ្យអូស្ត្រាលី។ ទំនាក់ទំនងប្រទេសទាំងពីរ មានការប្រេះឆាយ៉ាងខ្លាំងបន្ទាប់ពីក្រុងកង់បេរ៉ាសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយងាកទៅសហការអាម៉េរិក និងអង់គ្លេសវិញ។



នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ​លើកឡើងថា អូស្ត្រាលីនៅតែអាចសាងសង់រួមគ្នា ឬទិញនាវាមុជទឹកដែលផលិតដោយបារាំងបើទោះបីជាកន្លងមកមានរឿងចម្រុងចម្រះលើកិច្ចព្រមព្រៀងក្តី។ លោក ម៉ាក្រុង បានលើកឡើងបែបនេះ ទោះបីជាបច្ចុប្បន្នទីក្រុងកង់បេរ៉ាមិនទាន់បង្ហាញពីបំណងចាប់ផ្ដើមកិច្ចព្រមព្រៀងឡើងវិញក៏ដោយ។
 
លោក ម៉ាក្រុង ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស នៅក្រៅកិច្ចប្រជុំ G20 នៅកោះបាលី ហើយពិភាក្សាពីកិច្ចព្រមព្រៀងនាវាមុជទឹកនេះ។ យ៉ាងណាមិញ លោក អាល់បានីស បានលើកឡើងថា អូស្ត្រាលីមិនទាន់សម្រេចចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយ។ 
 
គួររំលឹកថា​ ទំនាក់ទំនងរវាងបារាំងនិងអូស្ត្រាលីបានធ្លាក់ចុះជាខ្លាំងនៅចុងឆ្នាំ ២០២១ នៅពេលដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន បានប្រកាសបោះបង់ចោលកិច្ចព្រមព្រៀងទិញនាវានាវាមុជទឹកដែលផលិតដោយបារាំងមានទំហំជាង៥៨ពាន់លានដុល្លារ។ បន្ទាប់ពីបោះបង់កិច្ចព្រមព្រៀងនេះ លោក មូរីសុន បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលសហការជាមួយអាម៉េរិក និងអង់គ្លេស ក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។
 
ចាប់តាំងឡើងកាន់អំណាចក្នុងខែឧសភារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉ារីសហាក់មានភាពប្រសើរឡើងវិញ បើទោះបីជាទីក្រុងប៉ារីសនៅតែរំលឹកពីការរំលោភលើទំនុកចិត្តរបស់អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី​ មូរីសុន កន្លងមក។ 
 
បន្ទាប់ពីឡើងកាន់អំណាច លោក អាល់បានីស បានចាប់ផ្តើមកសាងទំនាក់ទំនងជាមួយអូស្រ្តាលីឡើងវិញក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ដោយសង្កត់ធ្ងន់ថាលោកនឹងធ្វើសកម្មភាពដោយផ្ដល់ការជឿទុកចិត្ត ការគោរព និងភាពស្មោះត្រង់ក្នុងការទំនាក់ទំនងជាមួយបារាំង។ 
 
ដំណើរទស្សនកិច្ចបានធ្វើឡើងបន្ទាប់ពីអូស្ត្រាលីបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ដល់សំណងប្រមាណ ៥៨៤លានដុល្លារឱ្យទៅក្រុមហ៊ុនសាងសង់នាវាមុជទឹកបារាំង Naval Group ដើម្បីបញ្ចប់កិច្ចសន្យា៕
 

Tag:
 បារាំង
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com