ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកជំនាញអន្តរជាតិផ្នែកហិរញ្ញវត្ថុ នឹងមកពិនិត្យស្ថានភាពសម្អាតប្រាក់កខ្វក់នៅកម្ពុជា
17, Nov 2022 , 9:59 pm        
រូបភាព
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំស្តីពីការប្រឆាំងការសម្អាតប្រាក់កខ្វក់នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំស្តីពីការប្រឆាំងការសម្អាតប្រាក់កខ្វក់នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ

អង្គការអន្តរជាតិ១ ហៅថា ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅប្រទេសបារាំង នឹងចាត់ក្រុមការងារ មកកាន់កម្ពុជា នៅខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើអធិការកិច្ចដោយផ្ទាល់ លើបញ្ហាលួចសម្អាតប្រាក់កខ្វក់របស់ក្រុមឧក្រិដ្ឋជន។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មាននេះដល់អ្នកកាសែត ក្រោយសម្តេចចេញពីកិច្ចប្រជុំស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។



សម្តេច ស ខេង ដែលមានតួនាទីជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ផងនោះ លើកឡើងថា ការបើកកិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ក្រុមការងាររបស់អង្គការ FATF។ អង្គការ FATF បានដាក់កម្ពុជាឲ្យស្ថិតក្នុងបញ្ជីប្រផេះនៃចំណោមប្រទេស ដែលមានហានិភ័យពីការលួចលាងលុយកខ្វល់ដោយឧក្រិដ្ឋជន។

នៅចំពោះមុខអ្នកកាសែត សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បង្ហាញក្តីសង្ឃឹមថា៖«យើង នឹងអាចដកខ្លួនចេញពីបញ្ជីប្រផេះ [របស់អង្គការ FATF] បាន ដោយសារឆន្ទៈនយោបាយរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»។ 
 
សូមរម្លឹកឡើងវិញថា សម្តេច ស ខេង ធ្លាប់ថ្លែងក្នុងកិច្ចប្រជុំ១ ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់នេះ កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងមកថា បើកម្ពុជា មិនត្រូវបានដកចេញពីបញ្ជីប្រផេះរបស់អង្គការ FATF ទេនោះ ធនាគារនៅកម្ពុជា នឹងមានឧបសគ្គក្នុងការធ្វើប្រតិបត្តិការលើវិស័យធនាគារ។ ក្នុងកិច្ចប្រជុំនាពេលនោះ សម្តេច បានអំពាវនាវឲ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាព រួមគ្នាដកកម្ពុជាចេញពីបញ្ជីប្រផេះនេះឲ្យបាន។
 
ប្រទេស ដែលត្រូវចាត់ទុកថា មានស្ថានភាពមិនល្អពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់កខ្វក់ដោយក្រុមឧក្រិដ្ឋជន ត្រូវប្រឹងប្រែងធ្វើកិច្ចការលើចំណុច២ គឺ  IO7 និង IO8។ IO7 សំដៅលើកិច្ចការក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់ ឯ IO8 សំដៅលើកិច្ចការក្នុងការបង្កក ឬការរឹបអូសធនធានកខ្វក់របស់ឧក្រិដ្ឋជន។ 
 
ការស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ ដែលជាកិច្ចការក្នុងចំណុច IO8 ត្រូវរដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកជាកិច្ចការ ដែលកម្ពុជាត្រូវបន្តធ្វើ ដើម្បីឲ្យកម្ពុជា អាចរួចផុតពីបញ្ជីប្រផេះរបស់អង្គការ FATF៕  
 
 

Tag:
 ស ខេង
  ករណីសម្អាតប្រាក់
  FATF
© រក្សាសិទ្ធិដោយ thmeythmey.com