អន្តរជាតិ
លោកស៊ី៖ អាស៊ីប៉ាស៊ីហ្វិកមិនមែនជាតំបន់ស្ថិតក្រោមឥទ្ធិពលប្រទេសណាមួយឡើយ
18, Nov 2022 , 10:19 am        
រូបភាព
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង លើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១៧ ខែសីហា ថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាតំបន់ដែលស្ថិតក្រោមឥទ្ធិពលប្រទេសណាមួយឡើយ ហើយក៏មិនមែន ជាកន្លែងប្រកួតប្រជែងរវាងប្រទេសមហាអំណាចដែរ។ មេដឹកនាំចិនរូបនេះជំរុញឱ្យកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដោះស្រាយបញ្ហាក្នុងតំបន់ និងពង្រឹង​ការ​រួម​បញ្ចូល​ពាណិជ្ជកម្មផងដែរ។

 
លោក ស៊ី ជិនភីង ទៅដល់ទីក្រុងបាងកកនៅថ្ងៃទី១៧ ខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ APEC ចំនួន២ថ្ងៃ ខណៈដែលនឹងមិនមានការចូលរួមពីប្រធានាធិបតីអាម៉េរិក ចូ​​ បៃឌិន និងប្រហែល​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ផងដែរ។ លោក ស៊ី នឹងក្លាយជាឥស្សរជនដ៏សំខាន់​មួយ​រូប​ក្នុង​ចំណោមមេដឹកនាំដែលចូលរួមមកពីតំបន់ដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានប្រជែងគ្នា​ដណ្តើមឥទ្ធិពលជាយូរមកហើយ។ 
 
អវត្តមានអាម៉េរិកធ្វើឱ្យចិនមានជំហរល្អក្នុងការលើកកម្ពស់ចក្ខុវិស័យសេដ្ឋកិច្ចនៅពេលដែលមេដឹកនាំ ប្រមូលផ្តុំគ្នាដើម្បីពិភាក្សាបញ្ហាផ្សេងៗរួមមានអតិផរណា ការប្រែប្រួលអាកាសធាតុ ការកើនឡើងតម្លៃ អាហារ និងអសន្តិសុខថាមពលជាដើម។
 
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកាទៅកាន់កិច្ចប្រជុំកំពូល​នៃ​ថ្នាក់​ដឹកនាំធុរកិច្ចរួមជាមួយនឹងកិច្ចប្រជុំកំពូល APEC ប្រធានាធិបតីស៊ីលើកឡើងដោយប្រយោល​ពី​សកម្មភាពបង្កបញ្ហារបស់អាម៉េរិកនៅក្នុងតំបន់មានគំនិតសង្រ្គាមត្រជាក់ អនុត្តរភាព ឯកតោភាគីនិយម និងការគាំពារនិយមជាដើម។
 
«អាស៊ីប៉ាស៊ីហ្វិកមិនមែនជាតំបន់ដែលរងឥទ្ធិពលរបស់ប្រទេសណាមួយឡើយ ហើយក៏មិនគួរក្លាយជា ទីតាំងដែលមហាអំណាចប្រជែងគ្នានោះដែរ។ (ទីនេះ) មិនត្រូវអនុញ្ញាតឱ្យមានការប៉ុនប៉ងធ្វើសង្គ្រាម ត្រជាក់ថ្មីដោយប្រជាជនពួកយើង ឬក្នុងសម័យរបស់យើងឡើយ»។​ មេដឹកនាំចិនសង្កត់ធ្ងន់បែបនេះរួច​ បន្តថា ការប៉ុនប៉ងណាមួយដើម្បីបង្អាក់ឬសូម្បីតែរុះរើខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មក្នុងតំបន់នឹងនាំឱ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឈានដល់ទីបញ្ចប់។
 
លោក ស៊ី ក៏បាននិយាយថា បណ្ដាប្រទេសក្នុងតំបន់គួរតែដើរតាមផ្លូវនៃការ​អភិវឌ្ឍ​ប្រក​ប​ដោយ​សន្តិភាព ភាពបើកចំហ ការរួមបញ្ចូលគ្នា និងសាមគ្គីភាពគ្នាផងដែរ។ បន្ថែមពីនេះ ប្រឈម​មុខ​នឹង​ការ​វិវឌ្ឍថ្មីៗ សមាជិក APEC ចាំបាច់ត្រូវទាញបទពិសោធ និងមេរៀនពីអតីតកាលឆ្លើយតបទៅនឹ​ង​បញ្ហា​ប្រឈមនៃសម័យកាល។ 
 
មេដឹកនាំចិន ជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអំពាវនាវឱ្យមានការខិតខំ​រួមគ្នាក្នុងការបំបែកមូលដ្ឋានថ្មីក្នុងការអភិវឌ្ឍនិងការកសាងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានអនាគតរួមគ្នា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com