ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីបក្សភ្លើងទៀន ដែលថតអាជ្ញាធរចាំកត់ឈ្មោះអ្នកមកពីបោះឆ្នោត ត្រូវជាប់ពន្ធនាគារកន្លះឆ្នាំ
18, Nov 2022 , 3:19 pm        
រូបភាព
លោក ឡី សុខុន មន្រ្តីគណបក្សភ្លើងទៀនខេត្តបាត់ដំបង ចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីគណនីហ្វេសប៊ុកឈ្មោះ កូន ខ្មែរ
លោក ឡី សុខុន មន្រ្តីគណបក្សភ្លើងទៀនខេត្តបាត់ដំបង ចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីគណនីហ្វេសប៊ុកឈ្មោះ កូន ខ្មែរ
ដោយ៖ ទេពញាណ 

លោក ឡី សុខុន មន្រ្តីគណបក្សភ្លើងទៀនខេត្តបាត់ដំបង ត្រូវតុលាការខេត្តបាត់ដំបង ប្រកាសសាលក្រម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កំណត់ឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទរំលោភចូលលំនៅឋាន។ នេះជាការអះអាងរបស់លោក ដួង សារ៉ាន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តបាត់ដំបង។

 
 
លោកព្រះរាជអាជ្ញារង ដួង សាវ៉ន បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ដូច្នេះថា៖«ពុំមាន [តម្រូវឲ្យលោក ឡី សុខុន បង់ប្រាក់]ទេ។ មានត្រឹមតែការផ្តន្ទាទោសកំណត់ចំនួន៦ខែប៉ុណ្ណោះ»។ 

លោក ឡី សុខុន ត្រូវបានចោទពីបទរំលោភចូលលំនៅឋាន ដែលមានចែងក្នុងមាត្រា២៩៩នៃក្រមព្រហ្មទណ្ឌ ដោយសារអាជ្ញាធរ និងតុលាការ រកឃើញថា សកម្មភាពរបស់លោក ដែលចូលទៅថតអាជ្ញាធរដល់ក្នុងបរិវេណលំនៅឋានរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត គឺជាការរំលោភលំឋានរបស់អ្នកដទៃ។ លោក ត្រូវចាប់ខ្លួន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ គឺ៣ថ្ងៃក្រោយនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ លោក បានជាប់ឃុំជាង៥ខែរួចមកហើយ ដូច្នេះ បើគ្មានអ្វីប្រែប្រួល លោក នឹងត្រូវដោះលែងវិញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ 
 
អង្គការលីកាដូ បានផ្សព្វផ្សាយពីការរកឃើញរបស់ខ្លួនថា អាជ្ញាធរនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន បានរៀបចំតុ ក្រដាស ប៊ិច ដើម្បីចាំកត់ឈ្មោះប្រជាពលរដ្ឋ ដែលវិលមកពីបោះឆ្នោតវិញ៕ 
 

Tag:
 ឡី សុខុន
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com