ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនស្រីលោក កឹម សុខា៖ បម្រាមផុតកំណត់ពិតមែន តែលម្ហនយោបាយ នៅតែបិទដដែល
18, Nov 2022 , 4:19 pm        
រូបភាព
កញ្ញា កឹម មនោវិទ្យា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា។ រូបពីសារព័ត៌មាន NPR
កញ្ញា កឹម មនោវិទ្យា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា។ រូបពីសារព័ត៌មាន NPR
 ដោយ៖ ទេពញាណ 

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅតែមើលមិនឃើញពីភាពទូលំទូលាយនៃលម្ហនយោបាយនៅកម្ពុជាដដែល បើទោះជាថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មានសិទ្ធិធ្វើនយោបាយឡើងវិញក្តី។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តបថា មានតែអ្នកល្មើសច្បាប់ប៉ុណ្ណោះ ដែលមិនអាចធ្វើសកម្មភាពទូលំទូលាយក្នុងឆាកនយោបាយនៅកម្ពុជា។



ពីក្រៅប្រទេស កញ្ញា កឹម មនោវិទ្យា ដែលធ្លាប់ជាមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើបណ្តាញសង្គមធ្វីតធ័រ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដូច្នេះថា៖«ការដាក់បម្រាមដែលផ្ទុយរដ្ឋធម្មនុញ្ញ ទៅលើមន្រ្តី១១៨នាក់របស់គណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើនយោបាយរយៈ៥ឆ្នាំ បានដល់ទីបញ្ចប់ហើយនៅថ្ងៃនេះ។ យ៉ាងណា បរិយាកាសនិងលម្ហនយោបាយនៅកម្ពុជា នៅតែត្រូវបានបិទដដែល នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។ ឯគណបក្សសង្គ្រោះជាតិ នៅតែស្ថិតក្នុងស្ថានភាពដែលត្រូវបានរំលាយ»។ 
 
លោក សុខ ឥសាន ថ្លែងក្នុងសម្ភាសតាមទូរស័ព្ទជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែវិច្ឆិកា បែបនេះថា៖«លម្ហនយោបាយនៅកម្ពុជា នៅតែទូលំទូលាយធម្មតា។ លើកលែងតែអ្នកល្មើសច្បាប់ ដែលមិនអាច [មានភាព] ទូលំទូលាយ [នៃលម្អនយោបាយ]។ ដូច្នេះ មិនអាចចោទប្រកាន់ថា លម្ហនយោបាយនៅកម្ពុជា តូចចង្អៀតនោះទេ»។ 
 
កញ្ញា កឹម មនោវិទ្យា បន្តថា ក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨នាក់របស់អតីតគណបក្សសង្គ្រោះជាតិ មានថ្នាក់ដឹកនាំសំខាន់ៗ ដែលកំពុងរងការកាត់ទោស និងការចោទប្រកាន់លើសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ នៅតែមិនអាចចូលធ្វើនយោបាយបានក្នុងពេលសព្វថ្ងៃនេះ។ អ្នកនយោបាយស្រ្តីរូបនេះ ដែលត្រូវបានបិទសិទ្ធិនយោបាយអស់៥ឆ្នាំដែរនោះ ចោទជាសំណួរថា ក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ តើប្រជាជន មានគណបក្ស និងមេដឹកនាំ ដែលជាជម្រើសរបស់ពួកគាត់ដែរឬទេ? តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អព្យាក្រឹតដែរឬទេ? តើដំណើរការបោះឆ្នោត មានតម្លាភាពដែរឬទេ? តើមានលម្ហសម្រាប់គណបក្ស និងបេក្ខជន ក្នុងការប្រកួតប្រជែងដែរឬទេ? 
 
លោក សុខ ឥសាន បកស្រាយថា ការលើកឡើងរបស់អ្នកណាជុំវិញការបោះឆ្នោតនេះ គឺជាសិទ្ធិសេរីភាពរបស់គេ តែការចេញទៅបោះឆ្នោត គឺជាឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោក មើលឃើញថា ប្រជាពលរដ្ឋ នឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយចេញទៅបោះឆ្នោតនៅឆ្នាំ២០២៣ ហើយគ្មានអ្នកណាអាចរារាំងពួកគាត់បានឡើយ។ 
 
សូមទាញចំណាប់អារម្មណ៍បន្តិចថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជារយៈពេល៥ឆ្នាំត្រឹមនៃការរំលាយគណបក្សសង្គ្រោះជាតិ ហើយក៏ជាទីបញ្ចប់នៃបម្រាម ដែលតុលាការកំពូលហាមថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងដ៏ធំនេះ មិនឲ្យធ្វើនយោបាយដែរ។ ទោះជាបម្រាមនេះ ផុតរលត់ក្តី តែមិនមានន័យថា បុគ្គលទាំង១១៨នាក់នោះ អាចធ្វើនយោបាយបានគ្រប់គ្នាវិញឡើយ។ អ្នកខ្លះ ដូចជា លោក កឹម សុខា លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម នៅតែមិនអាចធ្វើនយោបាយនៅក្នុងស្រុកខ្មែរបានដដែល ព្រោះពួកគាត់ សុទ្ធតែជាប់ក្តីក្តាំនៅតុលាការ៕ 
 

Tag:
 កឹម មនោវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com