ជាតិ
គម្រោងGPE ជួយកុមារកម្ពុជា​បានចូលរៀនថ្នាក់មត្តេយ្យ​ កើនដល់៦០ភាគរយ​
18, Nov 2022 , 6:59 pm        
រូបភាព
សិស្សអាយុ៥ឆ្នាំ ដែលចូលរៀនកម្រិតថ្នាក់មតេ្តយ្យ​នៅទូទាំងប្រទេស បានកើនពី៤០ភាគរយក្នុងឆ្នាំ២០០៨ ដល់ ៦២ភាគរយ នាបច្ចុប្បន្ន។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា កំណើនយ៉ាងលឿននៃការសិក្សារបស់កុមារតូចៗនេះ គឺបានពីការគាំទ្ររបស់គម្រោងភាពជាដៃគូសកលសម្រាប់ការអប់រំ(Global Partnership for Education/ GPE)។​

 
គម្រោងGPE ក្រោមជំនួយរបស់អង្គការUNESCO និង UNICEF  បានជួយកម្ពុជាក្នុងការធ្វើបរិវត្តកម្មឱ្យក្លាយទៅជាប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ដែលសិស្សចូលរៀននៅសាលានឹងទទួលបានចំណេះដឹង ​និងជំនាញ។ គម្រោងនេះ​ បានផ្តោតយ៉ាងសំខាន់លើការជួយកុមារតូចៗរបស់កម្ពុជា​ដែលគ្រប់អាយុអាចចូលរៀនថ្នាក់មត្តេយ្យសិក្សា​បានពេញលេញ។ បើតាមលោក ហង់ ជួន ណារ៉ុន គម្រោងនេះ បានជួយកុមារកម្ពុជា ឱ្យបានចូលរៀននៅថ្នាក់មត្តេយ្យសិក្សា​កើនដល់កម្រិតដល់ជាង ៦០ភាគរយ។​


 លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​

ក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយលទ្ធផល និងឧត្តមានុវត្តន៍កម្មវិធីភាពជាដៃគូសកលសម្រាប់ការអប់រំដំណាក់កាលទី៣ (GPE-3) នាថ្ងៃទី១៧វិច្ឆិកា លោក ហង់ជួន ណារ៉ុន បានរៀបរាប់ថា ថវិកាដែលក្រសួងអប់រំបានពីGPE គឺមានមួយផ្នែកបានយកទៅពង្រីកសាលាមត្តេយ្យសិក្សា ក្រោមគោលនបោយបង្កើតមតេ្តយ្យយ៉ាងតិចមួយក្នុងសាលាបឋមសិក្សា និងបង្កើតមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់ការចូលរៀនរបស់កុមារ ដែលរស់នៅឆ្ងាយពីសាលារៀន។ 
 
លោកបានបញ្ជាក់ដូច្នេះ៖ «​ការរៀបចំបែបនេះ​ បានធ្វើឱ្យមានកើនឡើងនូវកម្រិតចូលរៀនរបស់កុមារតូចៗ​​។ បច្ចុប្បន្ន យើងមានមត្តេយ្យសិក្សាសហគមន៍ចំនួន៣០០០[កន្លែង]។ ក្នុងនោះ មតេ្តយ្យសហគមន៍ដែលត្រូវតាមស្តង់ដារក្រសួងអប់រំមានចំនួន ២ ១២៥កន្លែង ហើយនឹងអាចកើនឡើងច្រើនជាងនេះទៀត ប្រសិនយើងមានថវិកាផ្តល់ជូនគ្រូបង្រៀនសិស្សនៅមត្តេយ្យសិក្សាទាំងនោះ»។​
 
បើតាមលោក ហង់ជួន ណារ៉ុន គន្លឹះនៃការពង្រឹងមត្តេយ្យសិក្សា គឺការបណ្តុះបណ្តាលគ្រូបង្រៀន ដែលការបណ្តុះបណ្តាលធ្វើនៅសាលាមត្តេយ្យមជ្ឈឹម រួមទាំងមានជួយគាំទ្រពីដៃគូអភិវឌ្ឍ និងការរៀបចំកម្មវិធីសិក្សា​របស់ក្រសួងអប់រំកំពុងដំណើរការយ៉ាងល្អប្រសើរ។ លើសពីនេះក្រសួងអប់រំ ក៏មានផែនការពង្រីកសមត្ថភាពរបស់គ្រូមត្តេយ្យសិក្សា​បន្ថែមទៀត ផងដែរ។ «ព្រោះបញ្ហារបស់យើង គឺកង្វះគ្រូមត្តេយ្យដែលមានការបណ្តុះបណ្តាលបានត្រឹមត្រូវ»។ ជាការលើកឡើងរបស់លោករដ្ឋមន្ត្រីអប់រំ ដោយបន្តថា៖ «គ្រូមត្តេយ្យនៅសាលារដ្ឋ គឺយើងបណ្តុះបណ្តាល​បានល្អហើយ ប៉ុន្តែគ្រូមតេ្តយ្យសាលាឯកជន និងគ្រូមតេ្តយ្យសហគមន៍ គឺមិនទាន់បណ្តុះបណ្តាលបានពេញលេញទេ ហើយការជ្រើសរើសគ្រូក៏នៅមានកម្រិត ដែលទាមទារឱ្យមានការពង្រឹងបន្ថែម»។​
 
ការគាំទ្រគ្រូដើម្បីកែលម្អការរៀនសូត្ររបស់សិស្សនៃគម្រោងGPE ត្រូវបានអនុវត្តនៅកម្ពុជាចាប់តាំងពី២០០៦មក ក្រោមជំនួយឥតសំណង់ជាង១០០លានដុល្លារ​។ ការអនុវត្តគម្រោងនេះ ជាពិសេសកម្មវិធីGPE-3(ជំហានទី៣) គឺបានអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយជោគជ័យ ដើម្បីគាំទ្រឱ្យកាន់តែប្រសើរឡើងនូវការសិក្សាសម្រាប់ថ្នាក់ដំបូងជាង ២៣ម៉ឺននាក់នៅទូទាំងប្រទេស។​
 
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងអប់រំ អង្គការយូណេស្កូ និងអង្គការយូនីសែហ្វ កម្មវិធីGPE-3 បានដោះស្រាយបញ្ហានៃលទ្ធផលសិក្សាទាបរបស់សិស្ស ដែលសិស្សមិនទទួលបានកម្រិតស្ទាត់ជំនាញផ្នែកភាសាខ្មែរ  និងគណិតវិទ្យា ដែលរំពឹងទុកទៅតាមកម្រិតថ្នាក់របស់ពួកគេ ​សូម្បីតែនៅថ្នាក់ដំបូងក៏ដោយ។  កម្មវិធីនេះទទួលស្គាល់ថាគ្រូដែលត្រៀមខ្លួនជាស្រេច មានសមត្ថភាព ​និងមានទឹកចិត្តបន្តអភិវឌ្ឍវិជ្ជាជីវៈ គឺជាកត្តានៅកម្រិតសាលារៀនដ៏រឹងមាំបំផុតសម្រាប់ការកែលម្អការសិក្សារបស់សិស្ស ហើយអន្តរាគមន៍ត្រូវបានបង្កើតឡើងស្របតាមអាទិភាពជាតិនៃការអភិវឌ្ឍន៍គ្រូបង្រៀន។ 
 
កម្មវិធីនេះ សម្រេចបានគោលបំណងរបស់ខ្លួនតាមរយៈផ្នែកបំពេញគ្នាចំនួនពីរ ដែលអង្គការយូណេស្កូជាភ្នាក់ងារគ្រប់គ្រងហិរញ្ញប្បទានឥតសំណង«ផ្នែកថេរ» ចំនួន១៤,៤លានដុល្លារ ដែលត្រូវបានគេស្គាល់ថា ជាគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀនកម្ពុជា(STEP Cam) ហើយអង្គការយូនីសែហ្វ គឺជាភ្នាក់ងារគ្រប់គ្រង់ជំនួយ៦,២លានដុល្លារ «ផ្នែកអថេរ» នៃការអនុវត្តកម្ម GPE-3​ ដែលត្រូវបានបញ្ចប់នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២២។ 
 
លោក Anirban Chatterjee នាយកស្តីទី អង្គការយូនីសែហ្វប្រចាំកម្ពុជា បានលើកឡើងថា​ការផ្តល់ហិរញ្ញប្បទានខាងលើ គឺផ្នែកលើលទ្ធផលត្រូវបានអនុវត្តយ៉ាងល្អនៅកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងអប់រំ និងបង្ហាញពីសមត្ថភាពបច្ចេកទេសរបស់ក្រសួងក្នុងការរៀបចំផែនការ អនុវត្ត និងតាមដានសកម្មភាពសំខាន់ៗរបស់កម្មវីធី។  លោក​ បញ្ជាក់ថា អង្គការយូនីសែហ្វមានសោមនស្សរីករាយដែលបានធ្វើការយ៉ាងជិតសិទ្ធជាមួយក្រសួងអប់រំ លើការងារចំនួន ជាពិសេសការអនុវត្តកម្មវិធី GPE-3 ដើម្បីពង្រឹងកម្មវិធីអាហារូបករណ៍ ការសិក្សាថ្នាក់ដំបូង  និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីអានាឱ្យបានថា​កុមារទាំងអស់អាចទទួលបានការអប់រំប្រកបដោយគុណភាព និងរៀន៕ 
 
 
 

Tag:
 មត្តេយ្យសិក្សា
  GPE
  លោក ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com