FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចង់ឈ្នះ ​World Cup ហើយក៏ចង់ឃើញ Arsenal ឈ្នះ Premier League ប្រសិន Man Utd មិនអាច
18, Nov 2022 , 5:19 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ ជឿជាក់ថា ព័រទុយហ្គាល់ នឹងធ្វើបានល្អខ្លាំងសម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា។



ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បាននិយាយថា រូបគេមានក្តីស្រមៃចង់ឈ្នះពានរង្វាន់ World Cup នេះ ប៉ុន្តែការប្រកួតប្រជែងគ្មានភាពងាយស្រួលឡើយ ព្រោះត្រូវឆ្លងកាត់ក្រុមដូចជាបារាំង អេស្ប៉ាញ និងអាហ្សង់ទីន អាល្លឺម៉ង់ និងប្រេស៊ីល ជាដើម។
 
«ខ្ញុំមានសុទិដ្ឋិនិយមថាយើងនឹងធ្វើបានល្អ យើងមានគ្រូបង្វឹកដ៏អស្ចារ្យ យើងមានធនធានកីឡាករវ័យក្មេងមានសមត្ថភាព ខ្ញុំក៏សម្លឹងទៅមុខថា យើងនឹងអាចធ្វើរឿងដ៏អស្ចារ្យក្នុងការប្រកួត World Cup លើកនេះ។ ពិតណាស់ ខ្ញុំអាចនិយាយបានថាវាជារឿងដ៏ពិបាក ប៉ុន្តែរឿងអ្វីក៏អាចកើតឡើងទោះជាយ៉ាងណាយើងត្រូវតែប្រជែង។»។ Ronaldo និយាយបកស្រាយបែបនេះក្នុងកម្មវិធី Piers Morgan Uncensored។
 
និយាយទាក់ទងនឹងការប្រកួត Premier League វិញ ខ្សែប្រយុទ្ធចាស់វស្សារូបនេះ បានប្រាប់ទៅលោក Piers Morgan ដែលជាពិធីករប្រចាំកម្មវិធីថា ខ្លួនចង់ឱ្យក្រុមបិសាចក្រហម Manchester United លើកពានរង្វាន់កំពូលអង់គ្លេសមួយនេះ តែប្រសិនបើមិនអាចទៅរួច Arsenal ជាក្រុមសាកសមឈ្នះពានបំផុត។
 
«ខ្ញុំសង្ឃឹមថា Man United ជាក្រុមដំបូង តែប្រសិនបើមិនអាចទៅរួចទេ នោះគឺ Arsenal ជាក្រុមមួយដែលខ្ញុំចង់ឃើញការលេង។ ខ្ញុំចូលចិត្តក្រុមគេ គ្រូបង្វឹក ពួកគេជាក្រុមដ៏ល្អមួយ ហើយបើ United មិនអាចឈ្នះ Premier League ទេនោះខ្ញុំសប្បាយចិត្តចង់ឃើញ Arsenal បើពួកគេអាចធ្វើបាន។»។
 
ក្នុងកិច្ចសម្ភាសន៍នេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បាននិយាយរិះគន់ចំៗទៅក្លិប Man United ថា បានក្បត់រូបគេ ហើយព្យាយាមកម្ចាត់គេចេញពីក្រុម។ ម្ចាស់ពាន Ballon d’Or ៥សម័យបានបង្ហើបថា ក្រុមបិសាចក្រហមមិនដែលគាំទ្ររូបគេឡើយ នៅពេលកូនស្រីរបស់គេត្រូវបានយកទៅមន្ទីពេទ្យ កាលពីខែ កក្កដា ដែលធ្វើឱ្យរូបគេខកខានចូលរួមជាមួយក្រុម ពេលការប្រកួតត្រៀមរដូវកាល។
 
សូមជម្រាបថា ពេលបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ កំពុងតែស្ថិតនៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ ត្រៀមសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា ដែលពួកគេស្ថិតនៅក្នុងពូល ជាមួយ ហ្គាណា កូរ៉េខាងត្បូង និងអេស្ប៉ាញ៕
 
 

Tag:
 World Cup
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com