ជាតិ
ក្រសួងទេសចរណ៍ ផ្តល់អាហារូបករណ៍ឥតគិតថ្លៃ ៥០កន្លែងលើជំនាញគ្រប់គ្រងទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច
18, Nov 2022 , 10:59 pm        
រូបភាព
រូបភាពពី៖ វិទ្យាស្ថានសន្តប៉ូល។
រូបភាពពី៖ វិទ្យាស្ថានសន្តប៉ូល។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសផ្ដល់អាហារូបករណ៍១០០ភាគរយចំនួន៥០កន្លែងដល់យុវជន សិស្សានុសិស្ស លើជំនាញគ្រប់គ្រងទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅវិទ្យាស្ថានសន្តប៉ូល សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។


 
ក្នុងចំណោមអាហារូបករណ៍ទាំង៥០កន្លែងនេះ មាន​សម្រាប់ថ្នាក់បរិញ្ញាបត្រ លើជំនាញគ្រប់គ្រងទេសចរណ៍ ចំនួន២៥កន្លែង សិក្សារយៈពេល៤ឆ្នាំ ដោយឥតគិតថ្លៃ។ ដោយឡែក អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងវិញ ក៏មានចំនួន២៥កន្លែង លើជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច រយៈពេល២ឆ្នាំផងដែរ។
 
ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជន ឬបេក្ខនារីត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា លើមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា ត្រឹមកម្រិតនិទ្ទេសទាប E សម្រាប់ចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍។ ចំណែកឯថ្នាក់បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់បាក់ឌុប ដើម្បីចូលរៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច។
 
បន្ថែមពីនេះ បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញពាក្យចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថានសន្តប៉ូល និងតម្រូវឱ្យបង់សេវារដ្ឋបាលក្នុងមួយឆ្នាំ១០០ដុល្លារផងដែរ។ ការ​ទទួល​ពាក្យចុះឈ្មោះចូលរៀន នឹង​ផុតកំណត់នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក៏ដូចជាវិទ្យាស្ថានសន្តប៉ូល ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៤៩៥ ២៧៩១/ ០៧៨ ៨៩៩ ៩១៩/ ០៩២ ៦៩៧ ៧៧០/ ០៧០ ៥៦៦ ៥៩៥៕
 
 
 
 

Tag:
 ThmeyThmey25
 អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com