FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Infantino អាចនឹងកាន់តំណែងប្រធាន ​FIFA ៤ឆ្នាំបន្ថែមទៀត
19, Nov 2022 , 9:29 pm        
រូបភាព
ប្រធានសហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិលោក Gianni Infantino អាចនឹងកាន់តំណែងប្រធានស្ថាប័នបាល់ទាត់កំពូល FIFA រយៈពេល ៤ឆ្នាំ បន្ថែមទៀត ក្រោយមានការគាំទ្រជាបេក្ខភាព សម្រាប់ការបោះឆ្នោតក្នុងខែមីនាឆ្នាំ ២០២៣ ខាងមុខ។



Infantino ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហប័ន្ធបាល់ទាត់តាមទ្វីបនីមួយៗ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់តាមប្រទេសនានា ។ លោកក៏ជាបេក្ខភាពតែម្នាក់គត់ ដែលត្រូវបានដាក់ឈរឈ្មោះសម្រាប់ការបោះឆ្នោត អំឡុងកិច្ចប្រជុំរបស់ FIFA ដែលធ្វើឡើងកាលពីថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការប្រកាសរបស់ FIFA នាថ្ងៃទី១៧ ខែវិច្ឆិកា។
កាលពីខែកញ្ញាកន្លងទៅប្រធាន FIFA វ័យ​ ៥២ឆ្នាំរូបនេះ បានស្វែងរកការគាំទ្រ និងយល់ព្រមពីសំណាក់សមាគមអន្តរជាតិនានា ដែលជាសមាជិក FIFA ដើម្បីជាការពង្រឹងជំហរយ៉ាងសំខាន់របស់លោក ក្នុងការបន្តដឹកនាំ FIFA។ 
 
លោក Infantino នឹងត្រូវបានជ្រើសរើសជាប្រធាន FIFA ជាថ្មីនាកិច្ចប្រជុំសមាជរបស់ ​FIFA ដែលនឹងធ្វើឡើងនៅប្រទេសរវ៉ាន់ដា នាខែមីនា សម្រាប់ការកាន់តំណែង ៣ អាណត្តិជាប់គ្នា។ ប្រធាន FIFA រូបនេះ ទទួលបានតំណែងនៅឆ្នាំ ២០១៦ ដែលជំនួសលោក Sepp Blatter ដែលត្រូវដកតំណែងដោយអំពើពុករលួយ ។ ឆ្នាំ ២០១៩ លោក Infantino ត្រូវបានជាប់ឆ្នោតសារជាថ្មី។
 
ក្រោយត្រូវបានក្លាយជាបេក្ខភាពតែម្នាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោតសម្រាប់អាណត្តទី៣ ប្រធាន ​FIFA រូបនេះ បាននិយាយថា៖«ខ្ញុំពិតជាចង់និយាយដោយសមញ្ញ ព្រោះនេះជារឿងដំបូងហើយដែលខ្ញុំបាននិយាយជាសាធារណៈនៅថ្ងៃនេះ ដើម្បីជាកំណត់ត្រា ខ្ញុំពិតជាអរគុណខ្លាំងចំពោះសមាជិតជាង ២០០សហព័ន្ធ នៃ FIFA ព្រមតាំងសហព័ន្ធទ្វីបទាំង ៦ ដែលបានគាំទ្រខ្ញុំ។ ខ្ញុំពិតជាត្រែកអរ និងមានកិត្តិយសខ្លាំងណាស់ដែលទទួលបានការកាន់តំណែងបន្តរយៈពេល ៤ឆ្នាំ បន្ថែមទៀត។»។
 
មុនក្លាយជាប្រធាន FIFA លោក Infantino បានកាន់តំណែងជាអគ្គលេខាធិកានៃសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដែលជាតំណែងដ៏មានឥទ្ធិពលខ្លាំងមួយនៃបាល់ទាត់។ 
ចាប់តាំងពីលោកកាន់តំណែងនៅឆ្នាំ ២០១៦ មក បុរសវ័យ​៥២ឆ្នាំរូបនេះ បានជំរុញឱ្យព្រឹត្តិការណ៍ ​​World Cup បង្កើនចំនួនក្រុមឡើងដល់ ៤៨ក្រុមនៅឆ្នាំ ២០២៦ ដែលការប្រកួតនឹងធ្វើឡើងនៅប្រទេសសហម្ចាស់ផ្ទះ ដោយមាន កាណាដា អាម៉េរិក និង ម៉ិកស៊ិក៕
 
 
 

Tag:
 Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com