អន្តរជាតិ
កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​បន្ត​រយៈពេល៤ខែ​ទៀត
19, Nov 2022 , 10:29 pm        
រូបភាព
នាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនស្ថិតនៅសមុទ្រខ្មៅក្បែរទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២
នាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនស្ថិតនៅសមុទ្រខ្មៅក្បែរទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយ: VOA
ក្រុម​មន្ត្រី​អ៊ុយក្រែន​និង​តួកគី​បាន​និយាយ​កាលពីពេលថ្មីៗកន្លងមក​ថា​ កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​កាត់តាម​សមុទ្រ​ខ្មៅ​នឹង​បន្ត​៤ខែ​ទៀត​នៅ​ក្រោម​លក្ខខណ្ឌ​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន​នេះ។



ការ​បន្ត​កិច្ចព្រមព្រៀង​នេះ​បាន​កើត​មាន​ឡើង​មុន​ការ​ផុត​កំណត់​នៃ​កិច្ចព្រមព្រៀង​ដើម​ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​តួកគី​និង​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​កក្កដា​ដើម្បី​អនុញ្ញាត​ឱ្យ​បន្ត​ការ​ដឹក​គ្រាប់​ធញ្ញជាតិ​ដែល​ត្រូវ​បាន​បង្អាក់​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។
 
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ស្វាគមន៍​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ​ ដោយ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា អង្គការ​សហប្រជាជាតិ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​ប្រាកដ​ថា​«ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដ៏​សំខាន់​នេះ​នឹង​បន្ត​ដំណើរការ​ដោយ​រលូន»។
 
លោក​បាន​បន្ថែម​ទៀត​ថា ​អង្គការ​សហប្រជាជាតិ​ក៏​ត្រូវ​តាំងចិត្ត​ដកចេញ​នូវឧបសគ្គ​នានា​ដែល​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​សម្រាប់​ការនាំចេញ​ម្ហូបអាហារ​និង​ជី​មកពី​ប្រទេស​រុស្ស៊ី​ដែរ។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​ការប្រកាស​តាម Twitter អំពី​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ​ថា ​អ៊ុយក្រែន លោក Guterres ​និង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​«ធ្វើ​ការ​សម្រេច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វិបត្តិ​ម្ហូបអាហារ​លើក​សាកល​លោក»។
 
កិច្ចផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​កាត់​តាម​សមុទ្រ​ខ្មៅ​បាន​សម្របសម្រួល​ឱ្យ​មាន​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ចំនួន​១១​លាន​តោន​ ដែល​ចំនួន​២ភាគ៣​នៃ​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ​ ត្រូវ​បាន​ដឹក​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com