ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ នាយកអនុវិទ្យាល័យពន្លឺវិជ្ជា បារម្ភខ្លាចការប្រើប្រាស់គ្រឿងញៀនរាលដាលដល់សាលាខ្លួន
×
ដោយ៖ ប៉ាន់ រដ្ឋា (យុវជនឃុំកណ្តោល)
ស្រុកបូទុមសាគរ, កោះកុង៖ បញ្ហាគ្រឿងញៀនបានក្លាយកង្វល់របស់ លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា ដែលស្ថិតក្នុងភូមិកណ្តោលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្តីបារម្ភនេះ កើតឡើងដោយសារតែកន្លងមកលោកមើលឃើញថា មានការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងឃុំ។ «យើងមើលទៅ អ្នកជក់គ្រឿងញៀន អ្នកជួញដូរគ្រឿងញៀន ច្រើនតែអូសទាញក្មេង ឱ្យសាក។ វាច្រើនតែអ៊ីចឹង។ យើងចេះតែបារម្ភ តែយើងក៏តែងបញ្ជ្រាប(អប់រំ)បន្ត»។ នេះជាការលើកឡើងរបស់ លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា។
សម្រាប់នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា គ្រឿងញៀនមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សនោះទេ ប៉ុន្តែវានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងស្មារតីរបស់សិស្ស។ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះ លោក ម៉ែន ចាន់ បានអះអាងថា លោកតែងតែអប់រំណែនាំសិស្សទាំងនៅក្នុងថ្នាក់ និងពេលគោរពទង់ជាតិ អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀននេះ ។
សកម្មភាពរបស់សិស្សនៃអនុវិទ្យាល័យពន្លឺវិជ្ជា នៅម៉ោងចេញលេង។
ទន្ទឹមនឹងនេះ លោក ម៉ែន ចាន់ ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្ស ជួយអប់រំ និងតាមដានបន្ថែមនូវសកម្មភាព និងការសិក្សារបស់កូនផងដែរ។ «យើងបានតែផ្សព្វផ្សាយ យើងបានតែណែនាំ ធ្វើអ្វីឱ្យអស់ពីលទ្ធភាព និងការគ្រប់គ្រងរបស់យើង។ ព្រោះអីនៅជាមួយខ្ញុំ ក្នុងមួយថ្ងៃមិនបាន៨ ម៉ោងផង។ សំខាន់យើងជួបបានតែម៉ោងសិក្សាទេ។ ហើយការអប់រំហ្នឹង មានន័យថា អាណាព្យាបាលគាត់នៅផ្ទះ គាត់ជួយអប់រំកូនគាត់បន្ថែមទៅ ជួយតាមដានកូនរបស់គាត់ផងទៅ» ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ អនុវិទ្យាល័យ ពន្លឺវិជ្ជា មានសិស្ស១១៩នាក់ កំពុងសិក្សាពីថ្នាក់ទី៧ ដល់ទី៩។ ក្នុងចំណោមនោះ មានសិស្សស្រី ចំនន ៦៥នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមសិស្សទាំងអស់ មានសិស្សដែលទទួលបានអាហារូបករណ៍ចំនួន ៦៥នាក់ផងដែរ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
© រក្សាសិទ្ធិដោយ thmeythmey.com