ជាតិ
សេដ្ឋកិច្ច
អាស៊ាន
សភាកម្ពុជា ឡាវ និងវៀតណាម មានបំណងកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណ
21, Nov 2022 , 10:39 am        
រូបភាព
ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ប្រធានសភាកម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ។ រូបពី ក្រសួងព័ត៌មាន
ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ប្រធានសភាកម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ។ រូបពី ក្រសួងព័ត៌មាន
ភ្នំពេញ៖ ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ប្រធានសភាកម្ពុជា ប្រធានសភាឡាវ និងប្រធានសភាវៀតណាម បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការួមគ្នា (CLV) លើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងអ្នកជិតខាងល្អ ។



កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម បានប្រព្រិត្តឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០វិច្ឆិកា ដែល​មាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា, លោក សាយសំភូន ភូមវីហាន ប្រធានរដ្ឋសភាឡាវ និងលោក ឌឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម ចូលរួម។ 
 
ប្រធានសភាទាំង៣ រដ្ឋសភាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ ដើម្បីផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ 
 
ជាមួយគ្នាដែរ ប្រធានសភាទាំង៣ បានជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទៀតផង។ ភាគីទាំង៣ បានបង្ហាញគោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើ ដូច្នេះ៖ «កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA) ។ កិច្ចប្រជុំកំពូលលើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ២០២៣»។ 
 
ប្រធានសភាទាំង៣ ក៏ប្ដេជ្ញាជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភាខាងលើនេះ នឹងបង្កើតផលប្រយោជន៍បន្ថែមទៀត ដោយផ្អែកលើការគោរព យោគយល់ ជឿទុកចិត្ត គ្នាទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងបី៕ 
 

Tag:
 អាស៊ាន
  AIPA
 CLV
© រក្សាសិទ្ធិដោយ thmeythmey.com