ជាតិ
អាជ្ញាធរ កំពុងព្យាយាមស្រង់សាឡង់ដឹកខ្សាច់ ដែលលិចនៅស្ពានបាឡេខណ្ឌឫស្សីកែវ
21, Nov 2022 , 12:27 pm        
រូបភាព
រូបភាពពី facebook
រូបភាពពី facebook
ដោយ:
ភ្នំពេញ៖ សាឡង់ដឹកខ្សាច់មួយត្រូវបានលិចនៅចំណុចស្ពានបាឡេ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា មិនទាន់ត្រូវបានស្រង់ចេញពីទឹកនៅឡើយទេ។  បច្ចុប្បន្នស្ពាននោះ ត្រូវផ្អាកដំណើរមិនឱ្យឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវទឹក។



លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់សារព័ត៌មានThmeyThmey២៥ថា ករណីលិចសាឡង់ដឹកខ្សាច់ នៅចំណុចស្ពានបាឡេ ដោយសារបើកបញ្ច្រាស់ទឹក និងទប់លំនឹងមិនបាន។ 
 
លោក ឃុនដឿនបញ្ជាក់ដូច្នេះ៖ « សាឡង់បានក្រឡាប់នៅហ្នឹង វាប៉ះនៅស្ពាន។ ពេលនេះក្រុមការងារជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញកំពុងរកមធ្យោបាយ ដើម្បីយកវាចេញពីទឹក ប៉ុន្ដែដោយសារកម្លាំងទឹកហូរចេញពីទន្លេសាបខ្លាំងទើបពិបាកបន្តិច»។  
 
លោកបានបន្ថែមថា ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ បើតាមលោក ឃុនដឿន ចរាចរណ៍លើផ្លូវទឹក និងលើស្ពាន ត្រូវបានផ្អាកដំណើរការមួយរយៈ ដើម្បីឱ្យមន្ត្រីជំនាញស្រង់សាឡង់នោះ។ 
 
« ម្សិលមិញម៉ោង៥ល្ងាច យើងផ្អាកមិនឱ្យមនុស្ស ឡាន ម៉ូតូ ឆ្លងកាត់ទេ។ ចំពោះចរាចរណ៍ផ្លូវទឹកក៏ត្រូវបានផ្អាកដែរ។ ក្រុមការងារយើងពេលនេះកំពុងធ្វើការ។ ចំពោះឈ្មោះក្រុមហ៊ុនរបស់សាឡង់នោះ ខ្ញុំភ្លេចហើយ អត់ចាំទេ»។ នេះជាការលើកឡើងរបស់លោក ឃុនដឿន។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការបកស្រាយពីលោក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានទេ ដោយលោកកំពុងរវល់ប្រជុំ៕ 
 
 

Tag:
 សាឡង់ដឹកខ្សាច់
  ស្ពានបាឡេ
  ខណ្ឌឬស្សីកែវ
© រក្សាសិទ្ធិដោយ thmeythmey.com