ជាតិ
ក្រសួងអប់រំ​ មិន​តម្រូវ​ឱ្យ​បេក្ខជន​​ធ្វើ​តេស្ត​រក​កូវីដ-១៩ មុន​ពេល​ប្រឡង​ឡើយ
21, Nov 2022 , 2:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា នឹង​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២១-២០២២ នៅ​ថ្ងៃទី​៥-៦ ធ្នូខាង​មុខ ។ សម្រាប់​ឆ្នាំ​នេះ ក្រសួង​អប់រំ មិន​តម្រូវ​ឱ្យ​បេក្ខជន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រឡង​ឡើយ។ បើតាម​លោក ហង់ជួន ណារ៉ុន សិស្ស​កើត​ជំងឺ​កូវីដ-១៩ នឹង​ត្រូវ​ប្រឡង​នៅ​ក្នុង​បន្ទប់ពិសេស ដែល​ក្រសួង​បាន​រៀបចំ។



ក្រសួង​អប់រំ យុវជន និងកីឡា មិន​តម្រូវ​ឱ្យ​បេក្ខជន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ ឡើយ ពោល​គឺ​បេក្ខជន​អាច​ចូលប្រឡង​បាន​ ដោយ​គ្រាន់តែ​ពាក់ម៉ាស់ឱ្យ​បាន​ជា​ប្រចាំ​ក្នុង​ពេល​ប្រឡង។ ក្នុង​សន្និសីទសារព័ត៌មាន​ស្ដីពី​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ លើក​ឡើង​ដូច្នេះ៖ «ក្នុងការ​ប្រឡង​លើក​នេះ គឺ​ក្រសួងអនុ​វត្ត​ទៅ​តាម​ស្ដង់​ដា​ប្រតិបត្តិការ​របស់​ក្រសួង​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ គឺ​មាន​ន័យ​ថា​ យើង​នឹង​មិន​មាន​ការ​ធ្វើ​តេស្ត​​មួយ​ថ្ងៃ​មុនទេ។ ប៉ុន្តែ​ក្រសួង​អំពាវនាវ​សូម​ឱ្យ​បេក្ខជន​ទាំង​អស់​ត្រួត​ពិនិត្យ​មើល​សុខ​ភាព​ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​មាន​អាការៈ​មិន​ស្រួល​ សូម​ធ្វើ​តេស្ត​ជាមុន​ និង​ជូនដំណឹង​មក​ក្រសួង។ ក្រសួង​នឹង​រៀបចំ​បន្ទប់​ពិសេស​ សម្រាប់​បេក្ខជន​ចូលប្រឡង​បាន»។​
 
បើតាម​លោក ហង់ជួន ណារ៉ុន ការ​រៀបចំ​បន្ទប់​ពិសេស​សម្រាប់​បេក្ខជន​មាន​ជំងឺកូវីដ-១៩ គឺ​ដើម្បី​បង្ការ​ហានិភ័យ​ដល់​បេក្ខជន​ផ្សេង​ទៀត។ ជាមួយ​គ្នានេះ បេក្ខជន​ចូលរួម​ប្រឡង​ទាំង​អស់ ត្រូវ​ពាក់​ម៉ាស់​ជា​ប្រចាំ​ ដើម្បី​បន្ត​ការ​ពារ​សុវត្ថិភាព​។
 
សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២នេះ មាន​បេក្ខជន​ប្រឡង​ចំនួន ១២៨ ១៣៤នាក់ និង​មាន​មណ្ឌលប្រឡង ២២១ ស្មើនឹង​៥១៧៤បន្ទប់។ សម្រាប់​ថ្ងៃ​ប្រកាស​លទ្ធផល ក្រសួង​អប់រំ ​កំណត់យកថ្ងៃទី ២៧ ធ្នូ​សម្រាប់​​រាជធានីភ្នំពេញ និងខេត្តកណ្ដាល និង​ថ្ងៃទី​២៨ ធ្នូ ​​សម្រាប់​ខេត្ត​ផ្សេងៗ៕​ 
 

Tag:
 អប់រំ
  បាក់ឌុប
  សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​
© រក្សាសិទ្ធិដោយ thmeythmey.com