អន្តរជាតិ
ប្រេសិតអាកាសធាតុអាម៉េរិក ជំរុញឱ្យចិនពួតដៃគ្នាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
21, Nov 2022 , 10:29 pm        
រូបភាព
ដោយ:
ប្រេសិតអាកាសធាតុអាម៉េរិក John Kerry នៅថ្ងៃទី២០ ខែវិច្ឆិកា អំពាវនាវឱ្យក្រុងប៉េកាំងរួមគ្នាពន្លឿនដំណើរការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ លោក Kerry បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះ ក្រោយជំនួបជាមួយសមភាគីចិន Xie Zhenhua អំឡុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧ របស់អង្គការសហប្រជាជាតិនៅអេហ្ស៊ីប។

 
ដោយខឹងជុំវិញទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ ក្រុងប៉េកាំងកាលពីខែសីហាផ្អាកកិច្ចចរចាលើការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុជាមួយក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ភាគីទាំងពីរក៏បានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក​ ចូ បៃដិន ជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឥណ្ឌូណេស៊ី។ 
 
ជាប្រទេសបញ្ចេញឧស្ម័នកាបូនច្រើនជាងគេបំផុតលើពិភពលោក កិច្ចសហប្រតិបត្តិការរវាងអាម៉េរិក និងចិនពិតជាសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសាកល។ កាលពីសប្តាហ៍មុន ប្រេសិតទទួលបន្ទុកអាកាសធាតុ​អាម៉េរិក លោក John Kerry ក៏បានជួបជាមួយសមភាគិចិន លោក Xie Zhenhua អំឡុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧របស់អង្គការសហប្រជាជាតិ (COP27)ដែរដែលជាសញ្ញាដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។
 
«អាម៉េរិក និងចិនគួរតែអាចពន្លឿនដំណើរការរួមគ្នាមិនត្រឹមតែសម្រាប់ប្រយោជន៍យើងទេ ប៉ុន្តែថែមទាំងសម្រាប់ជំនាន់ក្រោយ»។ ប្រេសិតអាកាសធាតុរបស់អាម៉េរិក លោក Kerry លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍ក្រោយជំនួបជាមួយសមភាគីចិន។ 
 
លោក Kerry សង្ឃឹមថា ចិននឹងបំពេញទំនួលខុសត្រូវជាសកលរបស់ខ្លួន ពីព្រោះ គ្រប់ប្រទេសសុទ្ធតែមានប្រយោជន៍ក្នុងជម្រើសដែលចិនសម្រេចក្នុងទសវត្សរ៍ដ៏សំខាន់នេះ។ ប្រេសិតអាកាសធាតុអាម៉េរិករូបនេះបន្ថែមថា វិបត្តិអាកាសធាតុគឺមិនមែនជាបញ្ហាទ្វេភាគីទេ តែជាបញ្ហារួមជាសកល។
 
ចំណែក លោក Xie វិញពណ៌នាកិច្ចចរចាជាមួយលោក Kerry ថា មានសលក្ខណៈស្ថាបនា។ 
 
«យើងបានព្រមព្រៀងថា ក្រោយ COP នេះ យើងនឹងបន្តកិច្ចសន្ទនាជាផ្លូវការ រួមមានកិច្ចប្រជុំទល់មុខគ្នា»។ ប្រេសិតអាកាសធាតុចិន លោក Xie ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១៩ ខែវិច្ឆិកា។
 
ប៉ុន្តែប្រេសិតអាកាសធាតុចិន លោក Xie ក៏បានលើកឡើងពីភាពខុសគ្នាជាមួយប្រទេសលោកខាងលិចដែរ ដោយបដិសេធនូវគំនិតដែរថា ចិនលែងជាប្រទេសកំពុងអភិវឌ្ឍ បើទោះជាប្រទេសមួយនេះមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោកក៏ដោយ។ 
 
ក្រោមគោលការណ៍នៃសន្ធិសញ្ញាអាកាសធាតុរបស់ UN ឆ្នាំ១៩៩២ ប្រទេសអភិវឌ្ឍសត្រូវជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីជំរុញការផ្លាស់ប្តូរថាមពល ក៏ដូចជាកសាងភាពធន់ប្រឆាំងនឹងផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ៕
 
 
 
 
 
 
 

Tag:
 COP27
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com