ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទ័ពពិសេសកម្ពុជា ចងសម្ព័ន្ធមេត្រីជាមួយទ័ពខេត្តបិញយឿងរបស់វៀតណាម
21, Nov 2022 , 7:39 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា
រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា
ដោយ៖ ទេពញាណ 
 
បញ្ជាការដ្ឋានកងទ័ពពិសេសនៃកងទ័ពជើងគោកកម្ពុជា និងកងទ័ពខេត្តបិញយឿងនៃប្រទេសវៀតណាម បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ ពិធីចងសម្ព័ន្ធមេត្រីភាពនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។
 
លោក ខឹម ជាសាឃឿន មើលឃើញថា ការចងសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានកងទ័ពពិសេសកម្ពុជា និងកងទ័ពខេត្តបិញយឿងរបស់វៀតណាម នឹងផ្តល់ឱកាសឲ្យភាគីទាំង២ បានជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ដោយផ្អែកលើមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។ លោក លើកឡើងថា វៀតណាម តែងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា និងការបណ្តុះបណ្តាលធន់ធានមនុស្សដល់កងទ័ពកម្ពុជា ហើយក្នុងការសម្ព័ន្ធមេត្រីភាពនេះ លោក សង្ឃឹមថា វៀតណាម ជាពិសេសបញ្ជាការដ្ឋានកងទ័ពខេត្តបិញយឿង នឹងបន្តជួយដល់កងទ័ពកម្ពុជាទៀត។ 
 
លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពពិសេសកម្ពុជា ថ្លែងថា ការចងសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពខេត្តបិញយឿង ឆ្លុះបញ្ចាំងឲ្យឃើញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម។ ចំណែក លោកវរសេនីយ៍ឯក ង្វៀន ហ័ងមិញ មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពខេត្តបិញយឿង អះអាងថា បញ្ជាការដ្ឋានកងទ័ពខេត្តបិញយឿង បានចងសម្ព័ន្ធមេត្រីភាពជាមួយកងឯកភាពចំណុះចំនួន៧ នៃកងយោធពលខេមរភូមិន្ទ (កម្ពុជា) ដើម្បីរឹតចំណងសាមគ្គី មិត្តភាព និងបង្កើនភាពជឿជាក់លើគ្នាទៅវិញទៅមក។ 
 
ក្នុងពិធីខាងលើ បញ្ជាការដ្ឋានកងទ័ពពិសេសកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពខេត្តបិញយឿងនៃប្រទេសវៀតណាម បានចុះហត្ថលេខាលើពិធីសារស្តីពីកិច្ចសហការជួយទៅវិញទៅមកនៅគ្រប់កាលៈទេសៈ៕ 
 
 

Tag:
 ទ័ពកម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com