ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ សន្តិសុខក្នុងតំបន់និងក្នុងពិភពលោក នៅតែមានភាពផុយស្រួយ
22, Nov 2022 , 3:29 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា (ឆ្វេងដៃ លេខរៀងទី៥) រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង៨ទៀតក្នុងតំបន់អាស៊ាន និងអគ្គលេខាធិការអាស៊ាន ថតរួមគ្នាកិច្ចប្រជុំ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ា មិនមានវត្តមានក្នុងកិច្ចប្រជុំនេះឡើយ។
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា (ឆ្វេងដៃ លេខរៀងទី៥) រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង៨ទៀតក្នុងតំបន់អាស៊ាន និងអគ្គលេខាធិការអាស៊ាន ថតរួមគ្នាកិច្ចប្រជុំ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ា មិនមានវត្តមានក្នុងកិច្ចប្រជុំនេះឡើយ។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកយកបញ្ហារបស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតចេញពីសង្គ្រាម និងអាវុធនុយក្លេអ៊ែ ទៅថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលចាប់ផ្តើម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប។

 
នៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រដ្ឋមន្រ្តីការពារជាតិកម្ពុជា ដែលជាប្រធាននៃអង្គប្រជុំ បានគូសបញ្ជាក់ដូច្នេះថា៖«...ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់»។
 
សម្តេច បន្តថា ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បញ្ហានុយក្លេអ៊ែកូរ៉េខាងជើង និងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។ 
 
សម្តេចប្រធាននៃកិច្ចប្រជុំ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសឲ្យរដ្ឋមន្រ្តីការពារជាតិដែលចូលរួម បានពិភាក្សាគ្នា និងស្វែងរកវិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ សម្តេច សង្កត់ធ្ងន់ថា គ្មានប្រទេសណា អាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកតែម្នាក់ឯងបានឡើយ។
 
សូមបញ្ជាក់ខ្លីថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសមហាអំណាច មានរដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន ជាដើម ក៏មកចូលរួមកិច្ចប្រជុំនេះដែរ។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសមហាអំណាចទាំង២នេះ ថែមទាំងបានជួបពិភាក្សាគ្នាជាទ្វេភាគីទៀតផង៕ 
 

Tag:
 ទៀ បាញ់
  កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com