អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក ទៅដល់កោះហ្វីលីពីនដែលជាប់សមុទ្រចិនខាងត្បូង
22, Nov 2022 , 4:59 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស និងស្វាមីចាកចេញពីហ្វីលីពីន។ រូបថត AFP
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស និងស្វាមីចាកចេញពីហ្វីលីពីន។ រូបថត AFP
ដោយ:
ជាផ្នែកនៃដំណើរទស្សនកិច្ចបីថ្ងៃនៅហ្វីលីពីនដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ អនុប្រធានាធិបតីអាម៉េរិក លោកស្រី​ កាម៉ាឡា ហារីស នៅថ្ងៃទី២២ ខែវិច្ឆិកា បានទៅកោះ Palawan របស់ហ្វីលីពីនដែលនៅជាប់សមុទ្រចិនខាងត្បូងកំពុងមានជម្លោះតែម្ដង។

 
ជាមន្រ្តីអាម៉េរិកឋានៈខ្ពស់បំផុតទៅធ្វើទស្សនកិច្ចនៅហ្វីលីពីនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ទៅដល់កោះ Palawan ដើម្បីទប់ទល់ជំហរដ៏គឃ្លើនរបស់ចិននៅក្នុងតំបន់ជម្លោះនោះ។ 
 
កោះ Palawan ស្ថិតនៅក្បែរកោះជម្លោះ Spratly បំផុតក្នុងសមុទ្រចិនខាងត្បូងដែលទាមទារដោយចិន ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម និងព្រុយណេ។ រដ្ឋាភិបាលក្រុងប៉េកាំងទាមទារស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូងដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ និងសម្បូរធនធានជាច្រើនដូចជាប្រេង និងឧស្ម័ន។
 
បើតាមមន្រ្តីអាម៉េរិក អំឡុងទស្សនកិច្ចនៅកោះ Palawan លោកស្រី Harris នឹងបញ្ជាក់ជាថ្មីពីជំហរគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការក្រុងឡាអេឆ្នាំ២០១៦ដែលឱ្យហ្វីលីពីនឈ្នះក្តីចិនលើសំណុំរឿងដែនទឹកនៅសមុទ្រចិនខាងត្បូង។ អនុប្រធានាធិបតីអាម៉េរិករូបនេះក៏នឹងទៅទស្សនាភូមិនេសាទមួយ និងធ្វើទស្សនកិច្ចមើលនាវាឆ្មាំសមុទ្រហ្វីលីពីនមួយគ្រឿងផងដែរ។ 
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning តបទៅនឹងសំណួរអ្នកកាសែតថា ក្រុងប៉េកាំងមិនប្រឆាំងនឹងទំនាក់ទំនងរបស់អាម៉េរិកជាមួយប្រទេសក្នុងតំបន់ទេ។ ប៉ុន្តែ លោកស្រីសង្កត់ធ្ងន់ថា ទំនាក់ទំនងនេះគួរតែល្អសម្រាប់ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ហើយមិនបំផ្លាញផលប្រយោជន៍របស់ប្រទេសដទៃ។ 
 
មុននេះមួយថ្ងៃ លោកស្រី Harris ក៏បានជួបជាមួយលោក Ferdinand Marcos Jr. ដែលស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីចុងខែមិថុនាដែរ។ ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិកនៅហ្វីលីពីននេះធ្វើឡើងដើម្បីស្តារ ក៏ដូចជាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគីឡើងវិញ ក្រោយធ្លាក់ចុះក្រោមអាណត្តិ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលមានទំនោរទៅរកចិន។
 
អំឡុងជំនួបជាមួយលោក Marcos Jr. នៅថ្ងៃទី២១ ខែវិច្ឆិកានាវិមានប្រធានាធិបតី លោកស្រី Harris ប្តេជ្ញាថា អាម៉េរិកនឹងការពារហ្វីលីពីន បើរងការវាយប្រហារតាមផ្លូវទឹកណាមួយ ហើយព្រមទាំងបញ្ជាក់ជាថ្មីពីការប្តេជ្ញាឥតងាករេរបស់ក្រុងវ៉ាស៊ីនតោនចំពោះប្រទេសធ្លាប់ក្រោមអាណានិគមខ្លួនមួយនេះដែរ។ 
 
«យើងឈរជាមួយអ្នកដើម្បីការពារច្បាប់ និងបទដ្ឋានអន្តរជាតិដែលទាក់ទងជាមួយសមុទ្រចិនខាងត្បូង»។ លោកស្រី Harris ប្រាប់លោក Marcos Jr. បែបនេះ។ ចំណែកលោក Marcos Jr. វិញលើកឡើងថា ចំណងដ៏រឹងមាំរបស់ប្រទេសទាំងពីរកាន់តែមានសារសំខាន់ ស្របពេលចលាចលកំពុងតែកើតមានក្នុងតំបន់។ 
 
យ៉ាងណាមិញ ទន្ទឹមនឹងជំនួបនេះ មនុស្សជាច្រើននាក់នៅទីក្រុងម៉ានីលតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Harris ដោយលើកឡើងថា ពួកគេមិនចង់ឱ្យហ្វីលីពីនក្លាយជាប្រទេសប្រទាញប្រទង់រវាងចិន និងអាម៉េរិកទេ៕
 
 
 
 
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com