កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ប្រវត្តិសាស្ត្រ ៤៤ឆ្នាំ ប៉ូឡូញនៅតែមិនអាចយកឈ្នះលើម៉ិកស៊ិកបាន
23, Nov 2022 , 5:59 am        
រូបភាព
រូបភាពពី Mexico Football Team
រូបភាពពី Mexico Football Team
ប៉ូឡូញនៅតែមិនអាចយកឈ្នះលើម៉ិកស៊ិកបាននាការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្នុងប្រទេសកាតា នៃជំនួបពូល C នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ក្នុងកីឡដ្ឋាន 974។ ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលស្មើ ០-០ និងជាប្រកួតទីពីរដែលគ្មានការស៊ុតបញ្ជូលទីគ្នាក្នុងព្រឹត្តិការណ៍នេះ។

 
ការប្រកួតដ៏ជក់ចិត្តរវាងម៉ិកស៊ិកនិងប៉ូឡូញបានចាប់ផ្តើមដោយក្រុមទាំងពីរមានការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកនាវគ្គទីមួយ ទាំងម៉ិកស៊ិករួមជាមួយប៉ូឡូញតែងតែស្វែករកបាននូវឱកាសល្អនៅមុខតំបន់គ្រោះថ្នាក់រៀងខ្លួនតាំងពីការប្រកួតចាប់ផ្តើម។ 
 
ចូលដល់ពាក់កណ្តាលវគ្គទីមួយ ម៉ិកស៊ិកហាក់បង្ហាញទម្រង់លេងល្អជាងប៉ូឡូញ ដោយបានដាក់សម្ពាធខ្លាំងនៅតំបន់គ្រោះថ្នាក់ តែយ៉ាងណាឱកាសល្អរបស់ម៉ិកស៊ិក ត្រូវខកខានដោយការមិនយល់ចិត្តគ្នានៅតំបន់ប្រអប់ទីក្រុមប៉ូឡូញ។ ការប្រកួតដ៏ស្ថិតស្វាយនិងជក់ចិត្តនៅវគ្គទីមួយក៏ឈានដល់ការបញ្ចប់ដោយលទ្ធផល ០-០ គ្មានគ្រាប់បាល់បំប៉ោងសំណាញ់ទីគ្នាឡើយ។
 
ឈានដល់វគ្គទីពីរ ប៉ូឡូញបើកការវាយសម្រុកខ្លាំងលើម៉ិកស៊ិក រហូតដល់នាទី៥២ កីឡាករខ្សែការពារម៉ិកស៊ិកបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ បណ្តាល់ឱ្យប៉ូឡូញទទួលបានឱ្យស៊ុតបាល់ពិន័យ ១១ម៉ែត្រដែលជាឱ្យរកគ្រាប់បាល់ដ៏កម្រនៅនាទី ៥៨ ក្រោយត្រួតពិនិត្យប្រព័ន្ធ VAR។ តែ Robert Lewandowski ធ្វើឱ្យឱកាសមាស ៣ពិន្ទុរសាត់ឆ្ងាយទៅវិញ ក្រោយអ្នកចាំទីដៃស្អិតប្រចាំម៉ិកស៊ិក Guillermo Ochoa សង្គ្រោះបាល់បានដែលជាការសង្គ្រោះបាល់ពីន័យ ១១ម៉ែត្រលើកដំបូងប្រចាំព្រឹត្តិការណ៍ World Cup 2022។
 
ក្រោយការស៊ុតបាល់ពិន័យមិនចូលពី Lewandowski ធ្វើឱ្យម៉ិកស៊ិកបើកការវាយបក ដាក់សម្ពាធខ្លាំងលើប៉ូឡូញជារឿយៗ រហូតដល់នាទី៦៨ ឱកាសមាសនាំមុខលើប៉ូឡូញពីសម្រាប់ក្រុមកពីអាម៉េរិកឡាទីនត្រូវបានរារាំងដោយអ្នកចាំទី Wojciech Szczesny ពីការតែតបាល់យ៉ាងល្អរបស់កីឡាករម៉ិកស៊ិក។ ឱកាសស្វែករកគ្រាប់បាល់នៅតែជាបញ្ហាសម្រាប់ម៉ិកស៊ិកដោយការមិនយល់ចិត្តគ្នានៅតំបន់គ្រោះថ្នាក់ប៉ូឡូញ ហើយការប្រកួតអូសបន្លាយដល់ចប់វគ្គក្រុមទាំងពីរស្មើ ០-០។
 
បញ្ចប់ដោយលទ្ធផលស្មើ ០-០ ប៉ូឡូញ នៅតែបន្តប្រវត្តិសាស្ត្រប្រកួតមិនដែលឈ្នះលើម៉ិកស៊ិករយៈបេល ៤៤ឆ្នាំ បើគិតចាប់តាំពីឆ្នាំ ១៩៧៨ មកនៃការប្រកួត World Cup ដែលជាឆ្នាំពួកគេឈ្នះចុងក្រោយបង្អស់មកដល់ពេលបច្ចុប្បន្ន។ ប៉ូឡូញធ្លាប់យកឈ្នះម៉ិកស៊ិកចុងក្រោយបង្អស់នៅឆ្នាំ ១៩៧៨ ហើយកាលឆ្នាំ ២០១៧ ប្រកួតមិត្តភាពម៉ិកស៊ិកយកឈ្នះលើប៉ូឡូញ ១-០។
 
ចែកគ្នាម្នាក់មួយពិន្ទុប៉ូឡូញឡើងឈរលេខ២ បណ្តោះអាសន្ន ខណៈម៉ិកស៊ិកស្ថិតនៅលេខ៣ ពីលើអាហ្សង់ទីននៅបាតតារាងនៃពូល C។ ការប្រកួតបន្ទាប់របស់ប៉ូឡូញនឹងត្រូវជួបក្រុមអារ៉ាប៊ីសាអូឌីតនៅ ៥ថ្ងៃបន្ទាប់ចាប់ពីការប្រកួតនេះទៅ និងចុងក្រោយជួបអាហ្សង់ទីន ខណៈដែលម៉ិកស៊ិកប្រកួតបន្ទាប់ជួបអាហ្សង់ទីន៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com