អន្តរជាតិ
ប្អូនស្រីលោក គីម រិះគន់ក្រុមប្រឹក្សាសន្តិសុខដែលជជែកពីការតេស្តមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង 
លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ រូបថត AFP
×![]()
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូចុង នៅថ្ងៃទី២២ ខែវិច្ឆិកា លើកឡើងថា ការពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អំពីការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ជាការអនុវត្តស្ដង់ដារពីរជាន់។
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) លោកស្រី គីម យ៉ូចង រិះគន់កិច្ចពិភាក្សារបស់ UNSC ថា លម្អៀងចំពោះកូរ៉េខាងជើង ខណៈមិនមើលពីការគំរាមកំហែងរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត លើកូរ៉េខាងជើងអ្វីសោះ។
«UNSC បានធ្វើមើលមិនឃើញពីសមយុទ្ធយោធាដ៏គ្រោះថ្នាក់របស់អាម៉េរិក និងកូរ៉េខាងត្បូង និងព្រមទាំងការបង្កើនអាវុធដ៏លោភលន់របស់ពួកគេ ដោយមានគោលបំណងលើកូរ៉េខាងជើង ហើយទាញយកបញ្ហាជាមួយការតេស្តរបស់កូរ៉េខាងជើង ដែលមានសិទ្ធិមិនអាចរំលងបានក្នុងការការពារខ្លួន និងឆ្លើយតប»។ លោកស្រី គីម សង្កត់ធ្ងន់បែបនេះ រួចបន្តថា សកម្មភាពរបស់ UNSC បែបនេះ បង្ហាញពីភាពជាក់ស្តែងនៃការអនុវត្តស្តង់ដារពីរ។
ប្អូនស្រីមេដឹកនាំគីមព្រមានថា កូរ៉េខាងជើងនឹងប្រឆាំងដាច់ណាត់បំផុត ប្រសិនបើនរណាម្នាក់ បង្កាច់បង្ខូចការអនុវត្តសិទ្ធិការពារខ្លួន។ លោកស្រីក៏ប្រាប់អាម៉េរិកចំៗថា ទោះបីជាព្យាយាមរំសាយអាវុធកូរ៉េខាងជើង យ៉ាងណាក៏ដោយ ក៏មិនអាចដកហូតសិទ្ធិការពារខ្លួនបានដែរ។ ជាចុងក្រោយ លោកស្រី គំរាមក្រុងវ៉ាស៊ីនតោនថា ការណ៍ដែលអាម៉េរិក ប្រឆាំងកូរ៉េខាងជើង នឹងទទួលលទ្ធផលប្រឈម នឹងវិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការសាកល្បងនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង ក្នុងអំឡុងកិច្ចប្រជុំបន្ទាន់ UNSC នៅថ្ងៃទី២១ ខែវិច្ឆិកា។ ទោះបីជាយ៉ាងណា UNSC មិនបានចាត់វិធានការណាមួយ ជាការឆ្លើយតបទៅនឹងកូរ៉េខាងជើង ដោយសារតែការប្រឆាំងពីរុស្ស៊ី និងចិន។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានហៅអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ជាអាយ៉ងរបស់អាម៉េរិក សម្រាប់ការចូលរួមក្នុងការថ្កោលទោសការ បាញ់មីស៊ីលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com