កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
តារាចម្រៀងរ៉េប ពូ ឃ្លាំង៖ អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា គួរត្រូវបានលើកទឹកចិត្ត ច្រើនជាងមនុស្សធម្មតា
24, Nov 2022 , 8:59 am        
រូបភាព
ពូ ឃ្លាំង ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
ពូ ឃ្លាំង ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
ពូ ឃ្លាំង តារាចម្រៀងរ៉េ​បកម្ពុជា បង្ហាញក្តីរីករាយ បន្ទាប់ពីបានរួមគ្នាច្រៀងជាមួយតារា៥រូបផ្សេងទៀត ក្នុងបទ «វីរភាពកីឡា» សម្រាប់ព្រឹត្តិការណ៍ជាតិលើកទី៣។ អ្នកចម្រៀងរូបនេះ ចាត់ទុកថានេះ ជាស្នារដៃមួយដើម្បីចូលរួម​លើកទឹកចិត្ត និងស្មារតីគាំទ្រដល់អត្ដពលិក និងវិស័យកីឡានៅកម្ពុជា។ ជាមួយគ្នានេះ ពូឃ្លាំង ជំរុញឲ្យអ្នកគាំទ្រទាំងអស់ លើកទឹកចិត្តអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជាឲ្យបានច្រើន ព្រោះអ្នកទាំងនោះ មានលក្ខណៈពិសេស ដែលមនុស្សធម្មតាមិនអាចធ្វើបាន។



ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ ពូឃ្លាំងរីករាយ និងមានមោទកភាព ដោយបានចូលរួមចំណែកជាមួយវិស័យកីឡាកម្ពុជា តាមរយៈបទចម្រៀង ដែលមានចំណងជើងថា«វីរភាពកីឡា»។ នៅក្នុងពិធីបញ្ចប់ការប្រកួតសីដក់ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ តារាចម្រៀងរូបនេះ បានមកទស្សនាដោយផ្ទាល់ ដែលជាលើកដំបូង នៅទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
  

លោក ពូ ឃ្លាំង ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
 
ពូឃ្លាំង បញ្ជាក់ពីគោលបំណង ចង់ចូលរួមចំណែកជួយកម្ពុជា ក្នុងនាមជាប្រជាជនម្នាក់ ដោយសង្ឃឹមថាតាមរយៈបទចម្រៀង នឹងអាចឲ្យមិត្តភក្ដិក្រៅប្រទេស និងភ្ញៀវអន្ដរជាតិ បានស្គាល់ នូវអ្វីដែលជាអត្ដសញ្ញាណរបស់កម្ពុជា។ តារារ៉េបរបស់កម្ពុជារូបនេះ ចាត់ទុកថាខ្លួនកាន់តែមានតម្លៃ នៅពេលបានប្រាប់អន្តរជាតិ ពីរបស់ល្អរបស់កម្ពុជា។
 
«អត្ថន័យនៃបទចម្រៀង វីរភាពកីឡា គឺផ្ដោតទៅលើវិស័យកីឡាតែម្ដង ដូចជាការលើកទឹកចិត្ត​ ចំពោះញើសឈាមអត្ដពលិក ដែលប្រឹងប្រកួតដើម្បីជាតិ។ ឈាម គឺសំដៅលើញើសរបស់កីឡាករ កីឡាការិនី ដែលហូរចេញ អំឡុងពេលប្រកួតដើម្បីកម្ពុជា។»។ លោក ពូ ឃ្លាំង បានិយាយដូច្នេះ។
 
តារាចម្រៀងរ៉េបមានឈ្មោះល្បីរូបនេះ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យ នៅពេលឃើញអត្តន័យក្នុងបទចម្រៀងវិរភាពកីឡា។ ពូ ឃ្លាំង និយាយដូច្នេះថា៖«នៅពេលខ្ញុំ​ អានពាក្យពេជ្យក្នុងចម្រៀង ខ្ញុំមានអារម្មណ៍អស្ចារ្យ នេះ គឺជាការយល់អំពីកីឡា ដោយផ្ដោតលើការលើកទឹកចិត្ត និងអ្វីដែលអាចធ្វើទៅបានទាំងអស់គ្នា។ នៅក្នុងឃ្លារបស់ខ្ញុំ ខ្ញុំឲ្យគេស្ដាប់បេះដូង។ បេះដូងយើង កំពុងមានចង្វាក់តែមួយ មានន័យថាយើងលើស្ទួយកីឡាទាំងអស់គ្នា ព្រមគ្នា នោះវិស័យកីឡានឹងដើរទៅមុខលឿន។»។
 
ក្នុងការផ្ដល់បទសម្ភាសនោះផងដែរ អ្នកចម្រៀងរ៉េបរូបនេះ បានអរគុណក្រុមតន្ដ្រីករ និងអ្នកនិពន្ធទាំងអស់ ដោយបានចាត់ទុកថាស្នារដៃទាំងនេះ គឺជាការចូលរួមគាំទ្រ លើកទឹកចិត្ត ស្មារតី ដល់អត្ដពលិកកម្ពុជា។
 
«យើង មិនដឹងថា យើងអាចជួយប្រទេសកម្ពុជា តាមរយៈអ្វីក្រៅតែពីចម្រៀង។ ខ្ញុំបានច្រៀង នៅស្ដាតថ្មីលើកទី១ ជាមួយតារាចម្រៀងល្អៗ ខ្ញុំមានអារម្មណ៍ចង់យំ ពេលបានច្រៀង មុខប្រជាជនយ៉ាងច្រើនកុះករ។ ខ្ញុំ មានអារម្មណ៍ថាមានន័យណាស់។ ខ្ញុំ ចង់ប្រាប់ថា អ្នកទាំងអស់គ្នា មកស្គាល់កីឡាវិញ យើងចំណេញសម្រាប់ជាតិ។»។ លោក ពូ ឃ្លាំង បានពន្យល់ពីសុទិដ្ឋនិយមរបស់ខ្លួនបែបនេះ។
 
ពូ ឃ្លាំង បានរំលឹកដែលថា ខ្លួនមានវត្តមាន កាលស៊ីហ្គេមលើកទី១៨ នៅប្រទេសថៃ។ កាលនោះ តារាចម្រៀង លោក Bird Thongchai បានច្រៀងស្វាគមន៍ភ្ញៀវអន្ដរជាតិ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ពូឃ្លាំង ចងចាំទិដ្ឋភាពនោះ និងសង្ឃឹមថាថ្ងៃណាមួយរូបលោក នឹងអាចរួមចំណែកជាមួយកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះដែរ។
 
តារាចម្រៀងក្នុងបទវីរភាពកីឡារូបនេះ បានបន្ថែមដូច្នេះថា៖«ទីបំផុតព្រឹត្តិការណស៊ីហ្គេម បានមកដល់កម្ពុជា។ ពេលខ្ញុំនៅអាម៉េរិក ខ្ញុំមានអារម្មណ៍អំពីរឿងនេះ ហើយបានសរសេរបទខ្លះ។ កាលពីមុន មិនទាន់មានបទ Original ច្រើនទេ។ ខ្ញុំតែងតែគិតថា ខ្មែរយើងអើយឈ្លោះសគ្នាធ្វើអ្វី ចោទថាតារារូបនេះល្អ រូបនោះអាក្រក់ ប៉ុន្ដែខ្ញុំ ចង់ប្រាប់គេថា កុំអាលគិតពីរឿងហ្នឹង។ យើង គិតមើលកីឡាបន្ដិចមើល យើងគួរនិពន្ធបទអី ច្រៀងបទអីដើម្បីកំដររោង កំដរភ្ញៀវមក។ អារម្មណ៍ខ្ញុំ ប្រសិនជាខ្ញុំបានចូលរួមកម្មវិធីស៊ីហ្គេម ក្នុងចំណែកអីមួយខ្ញុំ នឹងសប្បាយថែមទៀត។ ជាអ្វីដែលយើងគិតថាមិនបានឃើញ ទីបំផុតយើងបានផ្សារភ្ជាប់។ ខ្ញុំ អរមែនទែន។»។
 
ការប្រកួតកីឡា តែងប្រកួតកីឡាតែងមានឈ្នះ ហើយនិងចាញ់ ប៉ុន្ដែក្នុងនាមជាអ្នកគាំទ្រ ត្រូវតែបន្ដការលើកទឹកចិត្ត ដើម្បីជំរុញស្មារតីអត្ដពលិកប្រកួតដើម្បីជាតិ។ ចំពោះមន្ដ្រីបច្ចេកទេស លោក ឃ្លាំង ជឿជាក់ថា មានការរីកចម្រើនហើយ ដោយសារតែបច្ចេកវិទ្យាទំនើប។ 
 
ជាមួយគ្នានេះដែរ ពូ ឃ្លាំ បន្ថែមថា អ្នកគាំទ្រ ត្រូវតែស្រឡាញ់អត្ដពលិកពិការ ឲ្យលើសពីអត្ដពលិកធម្មតាបន្ដិច។ ដោយលោក លើកយកបទពិសោធន៍ផ្ទាល់ខ្លួនមួយ ដែលធ្លាប់ច្រៀងជាមួយជនពិការ។ អ្នកវាយស្គរម្នាក់ បានតឺនុយ យ៉ាងស្អាត ហើយគាត់ជាជនពិការ។ ទោះពួកគាត់ មិនមានដៃ ជើង ឬអវយវៈ កន្លែងណាមួយគ្រប់គ្រាន់ ប៉ុន្ដែក៏ចង់ស្អាត និងល្អដូចមនុស្សមានកាយសម្បទាគ្រប់គ្រាន់ដែរ។ «ប្រសិនជាយើងនាំគ្នា និយាយអាក្រក់ពីពួកគាត់ តើពួកគាត់ពិបាកចិត្តបែបណា។ ពេលនោះខ្ញុំក៏ យំតែម្ដង។»។ 
 
«យើង ត្រូវយកចិត្តទុកដាក់ដល់អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ឲ្យបានច្រើនបំផុត ព្រោះគាត់ជាមនុស្សពិសេស លើសពីពិសេស។ គាត់ ខ្វះអវយវៈ ប៉ុន្ដែគាត់នៅមានកម្លាំងចិត្ត។ យើង ត្រូវការលើកទឹកចិត្តគាត់ឲ្យខ្លាំង។ ខ្ញុំ សូមគាំទ្រ និងលើកទឹកចិត្តយ៉ាង ពេញទំហឹង។»។ តារាចម្រៀងរ៉េបរូបនេះ បន្ថែមដូច្នេះ។
 
ពូឃ្លាំង ក៏បានអំពាវនាវផងដែរ ឲ្យក្មេងទំនើង ឈប់បន្ដសកម្មភាពអសកម្ម ដូចជាបក្សពួកបងតូចបងធំ ហើយមកនាំគ្នាគាំទ្រ វិស័យកីឡាវិញ ព្រោះជាផ្នែកមួយក្នុងការជួយជាតិកម្ពុជា។
 
ចំពោះការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ អ្នកចម្រៀងរ៉េបរូបនេះ បន្តអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដោយត្រូវបញ្ឈប់រាល់សកម្មភាពអសកម្ម ដូចជាការចោលសំរាមនៅទីសារធារណៈ ការខាកស្ដោះ និងការមិនគោរពច្បាប់ចរាចរណ៍ជាដើម។ ជាពិសេសទៀតនោះ ប្រជាពលរដ្ឋ មិនត្រូវលក់ទំនិញលើសពីតម្លៃទីផ្សារ ទៅឲ្យភ្ញៀវបរទេស អំឡុងពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមទេ។
 
«ត្រូ​វ រៀនទទួលភ្ញៀវ យើងត្រូវរៀបចំខ្លួនឲ្យដូចជាពេលចូលឆ្នាំ។ ពេលចូលឆ្នាំ យើងបោសផ្ទះ សំអាតផ្ទះ។ ដូចនេះ មុនចូលស៊ីហ្គេម យើងត្រូវបោសចិត្តយើង ដើម្បីឲ្យចំណេញដល់ប្រទេសយើង។ ខ្មែរយើង ពូកែយូរណាស់មកហើយ ប៉ុន្ដែយើង មិនអនុវត្តន៍ ប្រហែលជាយើងភ្លេច ឬយើងរវល់។»។ លោក ពូ ឃ្លាំង បានបន្ថែមដូច្នេះ។ 
 
គួរបញ្ជាក់ផងដែរថា បទចម្រៀងវិរភាពកីឡា ត្រូវបាននិពន្ធ ដោយ លោក កៅ សេដា, លោក រៀម សុខភិរម្យ, លោក ឌៀប សិដ្ឋសុធា រួមជាមួយ លោកពេជ្ជរិទ្ធ។ បទចម្រៀងបង្ហាញពីរឿងរ៉ាវកីឡានេះ ត្រូវបានតារាចម្រៀង ៦រូបច្រៀងរួមគ្នា ក្នុងនោះមាន អ្នកនាង មាស សុខសោភា, កញ្ញា តី, លោក ម៉ម ពេជ្ជរិទ្ធ, លោក ដួង វិរៈសិទ្ធ, ពូ ឃ្លាំង និង លោក រៀម សុខភិរម្យ។ តារាចម្រៀងទាំង៦រូបនោះ បានរួមគ្នាច្រៀងនូវបទនេះ ក្នុងពេលបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២១ ខែវិច្ឆិកា៕
 

Tag:
 កីឡាជាតិ
  National Games
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com