អន្តរជាតិ
សមាជិកព្រឹទ្ធសភាជំរុញរដ្ឋបាល បៃឌិន គិតគូរឱ្យម៉ត់ចត់ជុំវិញការបញ្ជូនដ្រូនទៅអ៊ុយក្រែន
23, Nov 2022 , 9:29 pm        
រូបភាព
សមាជិកព្រឹទ្ធសភាអាម៉េរិកដែលមកពីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ១៦នាក់បានជំរុញឱ្យរដ្ឋបាល ចូ បៃឌិន ពិចារណាដោយប្រុងប្រយ័ត្នជុំវិញសំណើសុំដ្រូនរបស់អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ រដ្ឋបាល បៃឌិន កន្លងមកបានបដិសេធមិនផ្ដល់ដ្រូនតាមសំណើអ៊ុយក្រែនទេ ដោយបារម្ភខ្លាចបង្កភាពតានតឹងបន្ថែមក្នុងសង្គ្រាម តែក៏មិនទាន់កំណត់ការឆ្លើយតបផ្លូវការទៅឱ្យអ៊ុយក្រែនដែរ។



អ៊ុយក្រែនកន្លងមក​បាន​អំពាវនាវ​ឱ្យអាម៉េរិក​​ផ្ដល់ដ្រូន ​ MQ-1C Grey Eagle ដ៏​មាន​ឥទ្ធិពល អាចហោះឡើងកម្ពស់ ៨៨០០ម៉ែត្រ ក្នុងរយៈពេលយូរជាង២៤ម៉ោង។ រហូតមកដល់ពេលនេះ រដ្ឋបាល លោក ចូ បៃឌិន បានច្រានចោលសំណើអ៊ុយក្រែនព្រោះបារម្ភថាដ្រូនអាចត្រូវរុស្ស៊ីបាញ់ទម្លាក់ ហើយក៏មិនជួយដល់សង្គ្រាមអ៊ុយក្រែន ហើយបង្កជម្លោះកាន់តែស្មុគស្មាញឡើងថែមទៀត។ 
 
យ៉ាងណាមិញ អ៊ុយក្រែនបានអំពាវនាវជាច្រើនលើកច្រើនសារទៅអាម៉េរិកដោយសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងផ្លាស់ប្តូរចិត្ត ព្រមផ្គត់ផ្គង់ដ្រូនដើម្បីឆ្លើយតបនឹងរុស្ស៊ីដែលបានប្រើដ្រូនអត្តឃាត និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនអស់យ៉ាងច្រើន។
 
មន្ទីរបញ្ចកោណមិនទាន់កំណត់ការសម្រេចចិត្តផ្លូវការទៅឱ្យអ៊ុយក្រែនជុំវិញការផ្ដល់ដ្រូននោះទេ។ សមាជិកព្រឹទ្ធសភាអាម៉េរិកចំនួន១៦នាក់រួមមានសមាជិកមកពីបក្សធំទាំង២ បានស្នើឱ្យមន្ទីរបញ្ចកោណពិចារណាល្អិតល្អន់មុនសម្រេចចិត្ត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
សមាជិកព្រឹទ្ធសភាបានផ្ញើសំបុត្រទៅរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin ដើម្បីសុំការពន្យល់លម្អិតពីមូលហេតុដែលមន្ទីរបញ្ចកោណមិនផ្ដល់ដ្រូនទៅឱ្យអ៊ុយក្រែនដែលនឹងផុតកំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា។ យ៉ាងណាមិញ  អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា វាជាបញ្ហាគោលនយោបាយផ្ទៃក្នុង ដូច្នេះរដ្ឋបាលមិនចាំបាច់អត្ថាធិប្បាយជាមួយសមាជិកព្រឹទ្ធសភាឡើយ។ 
 
ទោះយ៉ាងណា អាម៉េរិកនៅតែបន្តប្រឹងប្រែងដើម្បីពន្លឿនការផ្តល់ជំនួយដល់អ៊ុយក្រែន និងបានជំរុញឱ្យម្ចាស់ជំនួយផ្សេងទៀតធ្វើដូចគ្នា ខណៈដែលខ្លួនប្រកាសថានឹងផ្តល់ប្រាក់ចំនួន៤,៥ពាន់លានដុល្លារជាជំនួយសេដ្ឋកិច្ច ហើយចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com