អន្តរជាតិ
កូរ៉េខាងជើង ក្ដៅស្លឹកត្រចៀក ក្រោយកូរ៉េខាងត្បូងជំរុញឱ្យដាក់ទណ្ឌកម្មបន្ថែម​
24, Nov 2022 , 8:29 pm        
រូបភាព
កូរ៉េខាងជើងនៅថ្ងៃទី២៤ ខែវិច្ឆិកាប្រកាសថា ការណ៍ដែលទីក្រុងសេអ៊ូលជំរុញការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងបន្ទាប់ពីការបាញ់មីស៊ីលម្តងហើយម្តងទៀតនោះ នឹងធ្វើឱ្យកូរ៉េខាងជើងកាន់តែខឹងសម្បារ ហើយបង្កើនជម្លោះកាន់តែខ្លាំងឡើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងាព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA)។



ក្នុងឆ្នាំ២០២២ កូរ៉េ​ខាង​ជើង​ បាន​​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កជា​ច្រើនគ្រាប់​មិន​ធ្លាប់​មានពីមុន​។ ជាមួយការបាញ់នេះ ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែវិច្ឆិកា បានអះអាងថា ខ្លួនកំពុងពិនិត្យមើលទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ខណៈទណ្ឌកម្មលើវិស័យអ៊ីនធឺណិតស្ថិតក្នុងចំណោមការពិចារណាក្នុងករណីដែលកូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរ។ 
តបនឹងរឿងនេះ លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង បានព្រមានកូរ៉េខាងត្បូងថាការដាក់ទណ្ឌកម្ម និងការបន្ថែមសម្ពាធលើក្រុងព្យុងយ៉ាងនឹងមិនបាននាំផលល្អឡើយ តែនឹងធ្វើឱ្យកើនឡើងអរិភាពរវាងគ្នា និងធ្វើឱ្យកូរ៉េខាងជើងកាន់តែខឹងខ្លាំងឡើងប៉ុណ្ណោះ។ 
 
«យើងសូមព្រមានអំពីភាពឆោតល្ងង់នោះម្តងទៀតថា ការដាក់ទណ្ឌកម្ម និងសម្ពាធរបស់អាម៉េរិកជាមួយកូរ៉េខាងត្បូងប្រឆាំងកូរ៉េខាងជើង នឹងនាំឱ្យកើនឡើងអរិភាព និងកំហឹងរបស់កូរ៉េខាងជើង»។ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយ KCNA។
 
លើសពីនេះ លោកស្រី គីម អះអាងដែរថា ប្រសិនបើពួកគេគិតថាអាចគេចផុតពីស្ថានភាពដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះតាមរយៈការដាក់ទណ្ឌកម្ម ពួកគេច្បាស់ជាមនុស្សល្ងង់ហើយ ព្រោះពួកគេមិនយល់ពីរបៀបរស់នៅដោយសន្តិភាព និងការលួងលោម។ ក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រីក៏បានហៅប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ថាជាអាយ៉ងអាម៉េរិកផងដែរ។
 
កន្លងមកអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការ​សាក​ល្បងមីស៊ីល​នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ អាម៉េរិកថែមទាំងបានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យដាក់ទណ្ឌកម្មបន្ថែមលើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងដែរ តែត្រូវរុស្ស៊ី និងចិនប្រើសិទ្ធិវេតូ។ 
 
គួរបញ្ជាក់ថា លោកស្រី គីម បានរិះគន់លើកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ថា លម្អៀងចំពោះកូរ៉េខាងជើង ខណៈ​មិន​មើល​ពីការគំរាមកំហែងរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត លើកូរ៉េខាងជើងអ្វីសោះ។ លោក​ស្រី​ ក៏គំរាម​ក្រុងវ៉ាស៊ីនតោនដែរថា ការណ៍ដែលអាម៉េរិកប្រឆាំងកូរ៉េខាងជើង នឹងប្រឈម​​វិបត្តិ​សន្តិសុខកាន់តែ​ធ្ងន់ធ្ងរ៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com