អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំបក្សប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០
24, Nov 2022 , 4:40 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីទី១០ របស់ម៉ាឡេស៊ី។ រូបថត AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីទី១០ របស់ម៉ាឡេស៊ី។ រូបថត AFP
ដោយ:
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលដឹកនាំបក្សប្រឆាំង បានស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០ ដែលជាទម្លាយភាពទាល់ច្រកក្រោយការបោះឆ្នោតថ្ងៃទី១៩ ខែវិច្ឆិកា។ ទម្រាំក្លាយជាមេដឹកនាំប្រទេស លោក អាន់វ៉ាវ័យ ៧៥ ឆ្នាំតស៊ូប្រហែល២៥ ឆ្នាំប្រឡូកក្នុងនយោបាយដែលឆ្លងកាត់ការជាប់ពន្ធនាគារប្រាំបួនឆ្នាំ ជាឧបនាយករដ្ឋមន្រ្តីម្តង ជិតក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំ២០១៨។

 
ការជ្រើសរើសនាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្រាប់អាណត្តិបន្ទាប់ធ្លាក់ក្នុងដៃរបស់ស្តេចម៉ាឡេស៊ី Abdullah Sultan Ahmad Shah បន្ទាប់ពីបក្សធំៗមិនដណ្តើមបានអាសនៈក្នុងសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ ក្រោយកិច្ចប្រជុំពិសេសក្នុងចំណោមមេដឹកនាំបក្សជាមួយព្រះមហាក្សត្រនៅព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា ព្រះបរមរាជវាំងក៏ចេញសេចក្តីថ្លែងការណ៍ប្រកាសលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្រ្តីថ្មី។
 
លោក អាន់វ៉ា ក៏បានស្បថចូលកាន់តំណែងជាផ្លូវការរួចហើយដែរ។
 
«បន្ទាប់ពីពិចារណាលើទស្សនៈរបស់រាជវង្សដែលគ្រប់គ្រងម៉ាឡេស៊ី ព្រះអង្គម្ចាស់យល់ព្រមតែងតាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងនៅថ្ងៃទី២៤ ខែវិច្ឆិកា។
 
កាលពីបោះឆ្នោតសភាអាណត្តិទី១៥ កាលពីសប្តាហ៍មុន មិនមានបក្ស ឬសម្ព័ន្ធភាពណាមួយ ទទួលសំឡេង១១២ អាសនៈនៅសភាដើម្បីបង្កើតរដ្ឋាភិបាល។ ក្នុងចំណោមនោះ សម្ព័ន្ធភាពបីទទួលបានអាសនៈច្រើនជាងគេដូចជា សម្ព័ន្ធភាពដឹកនាំដោយបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទួលបានកៅអី៨១ក្នុងចំណោមកៅអី២២២ ខណៈបក្សរបស់អតីតនាយករដ្ឋមន្រ្តីលោក យ៉ាស៊ីន ទទួលបាន៧៣កៅអី ហើយសម្ព័ន្ធភាពកំពុងដឹកនាំប្រទេស Barisan Nasional ទទួលបាន៣០កៅអី៕
 
 
 
 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com