កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វ៉ូវីណាម៖ កីឡាការិនី ពៅ សុខា ថាការហ្វឹកហាត់បិទខ្ទប់ ធ្វើឲ្យមានសម្ពាធផ្លូវចិត្ត ប៉ុន្ដែគ្រប់គ្នាប្រឹងដើម្បី​ ស៊ីហ្គេម២០២៣
25, Nov 2022 , 7:59 am        
រូបភាព
កីឡាការិនី ពៅ សុខា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រោយបញ្ចប់ការប្រកួត កីឡាវ៉ូវីណាម
កីឡាការិនី ពៅ សុខា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រោយបញ្ចប់ការប្រកួត កីឡាវ៉ូវីណាម
កីឡាការិនី ពៅ សុខា ម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាមឆ្នាំ២០១៩ សារភាពថាអំឡុងពេលបិទខ្ទប់ហ្វឹកហាត់អំឡុងកូវីដ-១៩ ខ្លួនមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ព្រោះមិនអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយត្រូវហ្វឹកហាត់ទ្វេដងទៀត។ ប៉ុន្ដែ ម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេមរូបនេះ នៅតែពេញចិត្ត និងប្រឹងប្រែងអស់ពីសមត្ថភាព ព្រោះមានការគាំទ្រពីឪពុកម្ដាយ ជាពិសេសស្មារតីប្រកួតដើម្បីកម្ពុជានៅស៊ីហ្គេម២០២៣។



កីឡាការិនី ពៅ សុខា បានប្រាប់សារព័ត៌មានថ្មីៗថា ទម្រាំទទួលបានជ័យលាភី និងមានសមត្ថភាពដូចបច្ចុប្បន្ន ខ្លួនបានប្រឹងហ្វឹកហាត់ និងលះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើនដើម្បីវិស័យកីឡាមួយនេះ។ បន្ថែមលើសពីនេះ ដើម្បីប្រកួតស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ និងឆ្នាំក្រោយនៅកម្ពុជា កីឡាការិនីរូបនេះ បានហ្វឹកហាត់ទ្វេដង ដោយត្រូវបិទខ្ទប់ហ្វឹកហាត់ជាមួយជម្រើសជាតិផ្សេងទៀត អំឡុងពេលជំងឺកូវីដ-១៩ រាលដាលខ្លាំង។
  

អត្ដពលិកកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
 
ម្ចាស់ជើងឯកពិភពលោករូបនេះ និយាយដូច្នេះថា៖«យើងម្នាក់ៗ ឆ្លងកាត់ពេលវេលាពិបាកច្រើនណាស់។ ហើយជាក់ស្ដែងមួយទៀត ក្នុងឆ្នាំនេះ គឺពេលវេលាពិបាកបំផុតសម្រាប់កីឡាករ កីឡាការិនី មិនមែនតែខ្ញុំទេ គឺគ្រប់គ្នា ព្រោះមុនប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម យើងត្រូវហ្វឹកហាត់ បិទខ្ទប់។ ហើយការហ្វឹកហាត់បិទខ្ទប់ បើអ្នកទាំងអស់គ្នាមើលទៅដូចធម្មតា ប៉ុន្ដែសម្រាប់ពួកខ្ញុំ វាមិនធម្មតាទេ។ យើង មានសម្ពាធអារម្មណ៍ផ្លូវចិត្ត យើងអត់បានទៅណា អត់បានជួបម៉ាក់ប៉ា អត់បានជួបបងប្អូន អត់អាចញ៉ាំអី ដែលយើងចង់ញ៉ាំ ហើយយើងត្រូវហ្វឹកហាត់ទ្វេដង ប៉ុន្ដែអ្វីយើងចង់បាន គឺចង់ចូលរួមប្រកួតឆ្នាំក្រោយ។ គ្រប់គ្នា គឺប្រឹងដើម្បីឆ្នាំក្រោយ ហើយនឹងប្រឹងបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនានា។»។
 
ដោយឡែក កីឡាការិនី ពៅ សុខា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ហើយចាត់ទុកថា នេះ ជាការរីកចម្រើនខាងវិស័យកីឡា ព្រោះមានការចូលរួមច្រើនកុះករពីបណ្ដាខេត្តទាំងអស់។
 
«នាងខ្ញុំ ពិតជាមានអារម្មណ៍រំភើប ហើយសប្បាយរីករាយមែនទែន ពីព្រោះខានឃើញទិដ្ឋភាពបែបនេះយូរ។ មួយវិញទៀត យើង ឃើញប្រតិភូកីឡាករ និងកីឡាការិនី តាមរាជធានីខេត្តក្រុងបានចូលរួមប្រកួតច្រើនបែបនេះ គឺមានអារម្មណ៍ថារំភើបណាស់។ ជាពិសេស ការប្រកួត មានច្រើនវិញ្ញាសា មានន័យថាយើង បានមកសភាពដើមវិញហើយ។»។ ម្ចាស់ជើងឯកពិភពលោករូបនេះ និយាយដូច្នេះ។
 
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ បានខកខានអស់រយៈពេល ២ឆ្នាំរួចមកហើយ ដោយព្រឹត្តិការណ៍លើកទី១ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងលើកទី២ ឆ្នាំ២០១៨ ដោយឡែកលើកទី៣ ត្រូវធ្វើនៅឆ្នាំ២០២០ ប៉ុន្ដែដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ទើបត្រូវលើកមកធ្វើក្នុងឆ្នាំ២០២២។
 
កញ្ញា ពៅ សុខា បានដាក់គោលដៅប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡាការិនីរូបនេះ បញ្ជាក់ថា ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍នោះ ខ្លួនត្រូវប្រឹងហ្វឹកហាត់ ជាពិសេសទៀត ស្វែងយល់ពីបទពិសោធ និងចំណុចខ្វះខាត ដែលខ្លួនបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម ដែលកីឡាការិនីរូបនេះ សម្រេចបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ។
 
កីឡាការិនីរូបនេះ បញ្ជាក់ថា រូបខ្លួន នឹងបន្ថែមការហ្វឹកហាត់ទៀត។ ដោយយោងតាមបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ សុខា ដឹងច្បាស់ពីការខ្វះខាត និងចំណុចខ្សោយរបស់ខ្លួន។ ម្ចាស់មេដាយសំរិទ្ធរូបនេះ និយាយបន្ថែមថា៖«ខ្ញុំត្រូវកែប្រែចំណុច ដែលខ្ញុំខ្វះខាត កន្លែងដែលធ្វើខុស។ អ្វី ដែលខ្ញុំអនុវត្តអត់បាន ខ្ញុំត្រូវកែទាំងអស់ ហើយខ្ញុំ នឹងបំពេញបន្ថែមនូវចំណុចខ្សោរបស់ខ្ញុំ។ ខ្ញុំ ត្រូវជម្នះវា ហើយដណ្ដើមយកមេដាយមាស ជូនប្រទេសកម្ពុជា ឲ្យបាន។»។
 
គួរបញ្ជាក់ផងដែរ កីឡាការិនី ពៅ សុខា បានចូលហ្វឹកហាត់កីឡាវ៉ូវីណាម កាលពីឆ្នាំ២០១១។ កីឡាការិនីរូបនេះ បានក្លាយជាម្ចាស់ជើងឯកពិភពលោក ក្នុងឆ្នាំ២០១៧ នៃការប្រកួត World Championship នៅប្រទេសឥណ្ឌា និងឈ្នះ World Championship ម្ដងទៀត ឆ្នាំ២០១៩ នៅកម្ពុជា។ នៅអំឡុងខែឧសភា កញ្ញា ពៅ សុខា បានឈ្នះមេដាយសំរិទ្ធ១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕
 

Tag:
 វ៉ូវីណាម
  ពៅ សុខា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com