ជាតិ
នៅពីក្រោយភាពជោគជ័យរបស់ហ្វារពន្លឺសិល្បៈ ដែលជាប់ Guinness មានការហ្វឹកហាត់ដ៏គ្រោះថ្នាក់
25, Nov 2022 , 8:59 am        
រូបភាព
រូបភាពពីលោក ហេង តារ៉ា សិល្បករនៃអង្គការហ្វារពន្លឺសិល្បៈ
រូបភាពពីលោក ហេង តារ៉ា សិល្បករនៃអង្គការហ្វារពន្លឺសិល្បៈ
ភ្នំពេញ៖ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ បានសម្តែងសៀកមានរយៈពេល ២៤ម៉ោង ១០នាទីនិង៣០វិនាទី  ដែលបានបំបែកឯតទគ្គកម្មពិភពលោក។ ការសម្តែងសៀកនេះ មានសមាជិកប្រមាណ ៩០នាក់ ដោយត្រូវចែកជា ២៤ក្រុម។ យ៉ាងណាមិញ សមាជិកក្រុមដែលបានឡើងសម្តែងបំបែកឯតទគ្គកម្មពិភពលោក (Guinness World Record) ក៏បានរៀបរាប់ពីពិសោធន៍ រាប់ចាប់ពីពេលហាត់សម និងពេលសម្តែង។

 
ការសម្តែងសៀកនេះ ត្រូវបានសម្តែងឡើងកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែអង្គការ Guinness World Record ទើបប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា កន្លងទៅនេះ។ ការសម្តែងសៀកនៃអង្គការហ្វារពន្លឺសិល្បៈ បានប្រមូលផ្គុំសិល្បករជាច្រើននាក់ ដែលសុទ្ធសឹងតែមានសមត្ថភាព និងប៉ិនប្រសប់ប្រកបដោយភាពច្នៃប្រឌិតរៀងៗខ្លួន។
 
នៅពីក្រោយភាពជោគជ័យ Guinness World Record 
 
កញ្ញា វ៉ន ស្រីនាង សមាជិកក្រុមសៀកហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង ដែលបានចូលហាត់សម្តែងសៀកតាំងអាយុ ១១ឆ្នាំ ក៏មានវត្តមានស្ថិតក្នុងការសម្តែងដើម្បីបំបែកឯកទគ្គកម្មពិភពលោក។ បច្ចុប្បន្នយុវតីរូបនេះ មានអាយុ២០ឆ្នាំ ហើយក៏ជានិស្សិតជំនាញព័ត៌មានវិទ្យា ក្នុងខេត្តបាត់ដំបង។ ជំនាញសៀក អាចថាជាចំណូលចិត្តរបស់ ស្រីនាង ដែលមានក្តីស្រមៃចង់ក្លាយជាសិល្បការិនីឆ្នើម តាមរយៈការពាំនាំវប្បធម៌ខ្មែរទៅការពិភពលោក។ បើទោះកញ្ញាមមាញឹកការសិក្សា ប៉ុន្តែ ស្រីនាង នៅតែឆ្លៀតហាត់សម និងឡើងសម្តែងលើឆាកធម្មតា។
 

កញ្ញា វ៉ន ស្រីនាង សិល្បការនីជំនាញពត់ខ្លួន  មកពីខេត្តបាត់ដំបង។ រូបភាព៖ កញ្ញា វ៉ន ស្រីនាង
 
យ៉ាងណាមិញ ស្រីនាង ក៏បានផ្តល់បទសម្ភាសដល់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ការសម្តែងសៀករយៈពេលជាង ២៤ម៉ោងនេះ គឺជាលើកទីមួយក្នុងឆាកជីវិត ដែលវាខុសពីការសម្តែងរាល់ដងនៅលើឆាក។ ការចំណាយពេលហាត់ ជាផលវិបាកធំសម្រាប់កញ្ញា ដែលកំពុងសិក្សាបណ្តើរហាត់សមបណ្តើរ។ ជាធម្មតា ស្រីនាង សិក្សាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំណែកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាពេលវេលាល្អសម្រាប់ហាត់បាន។ 
 
សិល្បការិនីរូបនេះ បញ្ជាក់ថា៖ «ដោយសារក្រុមខ្ញុំមានសមាជិកច្រើន ដូច្នេះនៅពេលហាត់សមពេលខ្លះ មកសមមិនគ្រប់គ្នាក៏មាន។ ចំណែក ខ្ញុំមានពេលវេលាតិចជាងអ្នកផ្សេង ទើបរាងភ័យខុសធម្មតា ព្រោះខ្ញុំមានពេលតែ ពីរសប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវតាំងចិត្តឱ្យល្អ សម្រាប់ការសម្តែងរយៈពេល១ម៉ោង»។
 
អ្នកជំនាញពត់ខ្លួននៃក្រុមហ្វារពន្លឺសិល្បៈ បន្តថា ទស្សិកជនមើលមកក្រុមសិល្បករគឺអស្ចារ្យ ប៉ុន្តែការសម្តែងពោរពេញដោយការប្រុងប្រយ័ត្នជានិច្ច។ រយៈពេលជាង ២៤ម៉ោង គឺជាពេលវេលាស្វិតស្វាញ នៃការសម្តែងដាក់វេនគ្នា ទៅតាមជំនាញនីមួយៗ។ បន្ទាប់ពីចប់ការសម្តែង សមាជិកក្រុម ហាក់គ្មានកម្លាំងបន្តិចសោះក្នុងខ្លួន។
 
តរុណវ័យ វ៉ន ស្រីនាង រម្លឹកដូច្នេះ៖ «ការសម្តែងថ្ងៃនោះ គឺពិតជាហត់ តែពួកយើងមានកម្លាំងឡើងវិញ បន្ទាប់អង្គការ Guinness World Records  ប្រកាសពីការបំបែកឯតទគ្គកម្មពិភពលោក។ ពួកយើងរំភើប និងមានមោទកភាព ទីបំផុតពួកយើងអាចធ្វើបានហើយ»។
 
មិនខុសពីកញ្ញា វ៉ន ស្រីនាងនោះឡើយ លោក ហេង តារ៉ា ជាអ្នកខេត្តបាត់ដំបង និងជាសិស្សហាត់រៀន នៅក្នុងអង្គការហ្វាពន្លឺសិល្បៈ។ សិល្បករ វ័យ២៨ឆ្នាំរូបនេះ បានចូលហាត់រៀនសៀកនៅអាយុ ១៤ឆ្នាំ។ បច្ចុប្បន្ន តារ៉ា ជាអ្នកសម្តែងសៀកជំនាញដើរលើខ្សែកាប និងត្លុក។ អ្នកសម្តែងសៀក ជាមុខរបបគោល ដោយលោក បានដាក់ចិត្តស្រឡាញ់ការលេងសៀកនេះ តាំងពីកុមារភាព។ 
 
អ្នកជំនាញដើរលើខ្សែកាបរូបនេះ លើកឡើងថា ការហាត់រៀនដំបូង គឺជួបផលលំបាកខ្លាំងទាំងការពត់ខ្លួនឱ្យទន់ ការលោតពីកន្លែងខ្ពស់ៗ រៀនសម្តែងទឹកមុខ រាំរបាំជាដើម។ វាមិនងាយស្រួលនោះឡើយ ទម្រាំស្ទាត់ជំនាញ។ អ្នកខ្លះត្រូវគ្រេចជើង ដៃ និងរងរបួសដៃជើងជាដើម។ ចំណែកការឡើងសម្តែងម្តងៗ  គឺត្រូវហាត់សមជាប្រចាំ និងមានទំនួលខុសត្រូវខ្ពស់។ ជាពិសេសការសម្តែងរយៈពេលជាង ២៤ម៉ោងកន្លងមកនេះ។
 
អ្នកសម្តែងត្លុករូបនេះ រម្លឹករឿងសម្ដែងដូច្នេះ៖ «រាល់ដង ក្រុមសៀកយើងសម្តែងត្រឹមរយៈពេល ២ ទៅ៣ម៉ោងអស់ហើយ។ ប៉ុន្តែលើកនេះ ក្រុមសៀកសម្តែងយូរ ធ្វើឱ្យម្នាក់ៗអស់កម្លាំងជាខ្លាំង។ ការហាត់សម ពិបាកណាស់ ក្រុមសម្តែងនីមួយៗមានពេលហាត់ត្រឹម ១ខែប៉ុណ្ណោះ។ វាលំបាក តែយើងនៅតែខំប្រឹង»។
 
លោក ហេង តារ៉ា មានមោទកភាពថា វាលើសពីការរំពឹងទុករបស់សិល្បករធម្មតា ដែលអាចឆ្លងផុតការសម្តែងឥតឈប់។ អំឡុងពេលសមាជិកក្រុម ទៅសម្តែងនៅក្រៅប្រទេស គឺជាមោទកភាពមួយសម្រាប់ជនជាតិខ្មែរ និងប្រទេស។ ប៉ុន្តែការសម្តែងលើកនេះ វាជាពានរង្វាន់ធំធេងណាស់ សម្រាប់ប្រទេសកម្ពុជា។ 


 លោក ហេង តារ៉ា សិល្បករជំនាញដើរលើខ្សែកាប ដែលបានចូលរួមសម្ដែងសៀករយៈពេល២៤ម៉ោង។ រូបភាព៖ លោក ហេង តារ៉ា
 
សិល្បកររូបនេះ ពោលដោយសំឡេងរំភើប៖ «ខ្ញុំសប្បាយចិត្តរកអ្វីប្រៀបមិនបាន។ វាលើសពីការរំពឹងទុក។ បើទោះខ្ញុំមិនអាចធ្វើអ្វីបាន ប៉ុន្តែយើងបានធ្វើឱ្យគេស្គាល់ពីសាលាហ្វារ ស្គាល់សិល្បៈខ្មែរ ដ៏អស្ចារ្យមួយនេះ។ ខ្ញុំតែងរឭកថា ទោះការសម្តែងតូចតាច តែខ្ញុំត្រូវប្រឹងឱ្យអស់ពីសមត្ថភាព»។
 
សៀកខ្មែរ កាន់តែមានពន្លឺលើឆាកអន្តរជាតិ
 
លោក ហួត តារា នាយកប្រតិបត្តិ សហគ្រាសសង្គមហ្វារ (ល្ខោន សៀកកម្ពុជាហ្វារ & ស្ទូងឌីយ៉ូ គំនិតច្នៃប្រឌិតកម្ពុជា ហ្វារ) លើកឡើងថា វាជាក្តីរំភើប និងមោទកភាពដែលមានឱកាសពាំនាំនូវកេរ្តិ៍ឈ្មោះនេះ ជូនវប្បធម៌ និងប្រទេសកម្ពុជាទាំងមូល។  លើកពីនេះ ក្រុមសៀកហ្វាពន្លឺសិល្បៈ ក៏បានបង្ហាញពីអំពីគុណតម្លៃក្រុមសិល្បករទាំងអស់ក្នុងសង្គម។ ការឈ្នះនេះ គឺជាការលើកកម្ពស់កេរ្តិ៍ឈ្មោះសៀក ដែលមិនអាចប៉ាន់ស្មាន ជាទឹកលុយបាននោះឡើយ។
 
លោក ហួត តារា បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «សិល្បករហ្វាពន្លឺសិល្បៈ គឺជាទូតសុឆន្ទៈវប្បធម៌ ដ៏សំខាន់របស់កម្ពុជា ដែលដើរជុំវិញពិភពលោកទាំងអស់ ដើម្បីពាំនាំនូវរូបភាព កិត្តិនាមមកដល់ប្រទេសយើង និងជូនដល់ឆាកអន្តរជាតិ»។ 
 

លោក ហួត តារា នាយកប្រតិបត្តិ សហគ្រាសសង្គមហ្វារ ល្ខោន សៀកកម្ពុជាហ្វារ & ស្ទូងឌីយ៉ូ គំនិតច្នៃប្រឌិតកម្ពុជា ហ្វារ។ 
 
លោក ហួត តារា បានបន្តថា ក្រុមសៀករបស់លោក បានជួបផលលំបាកយ៉ាងខ្លាំងអំឡុងពេលកូវីដ-១៩។ ក្រុមសៀកហ្វារពន្លឺសិល្បៈ បានបាត់ចំណូលច្រើន ដោយសារមិនសូវមានអ្នកទស្សនា ហើយក្រុមនេះ ត្រូវផ្គត់ផ្គង់ក្រុមការងារជាអ្នកសម្ដែងថែមទៀត។
 
សូមជម្រាបដែរថា អង្គការហ្វារពន្លឺសិល្បៈ មានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ដោយបានជួយបណ្តុះបណ្តាលប្រជាជនខ្មែរ ទាំងការសិក្សាចំណេះដឹងទូទៅ និងសិល្បៈដោយឥតគិតថ្លៃ។ អង្គការនេះ បានជួយកុមារ និងប្រជាជនក្រីក្រកម្ពុជាតាំងពីឆ្នាំ ១៩៩៤មកម្ល៉េះ។ លើសពីនេះ អង្គការ Guinness World Records បានបញ្ជាក់ថា ក្រុមសៀកកម្ពុជា បានជួយកុមារជួបការលំបាកជាង ៨០០នាក់ផងដែរ៕ 
 

Tag:
 ThmeyThmey25
  យុវជន
  ហ្វាពន្លឺសិល្បៈ
 សៀក
© រក្សាសិទ្ធិដោយ thmeythmey.com