អន្តរជាតិ
មេដឹកនាំកូរ៉េខាងត្បូងជំរុញការនាំចេញសព្វាវុធ ដើម្បីក្លាយជាប្រទេសនាំចេញធំជាងគេលំដាប់ទី៤
24, Nov 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន​ សុកយ៉ល នៅថ្ងៃទី២៤ ខែវិច្ឆិកា បានលើកឡើងថាទីក្រុងសេអ៊ូលនឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីជំរុញការនាំចេញសព្វាវុធ និងអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យការពារជាតិឱ្យទំនើប។ មេដឹកនាំកូរ៉េខាងត្បូង ក៏មានបំណងកសាងឧស្សាហកម្មការពារជាតិឱ្យក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទីបួនរបស់ពិភពលោក។



លោក យូន​ សុកយ៉ល នៅថ្ងៃទី២៤ ខែវិច្ឆិកា បានរៀបចំកិច្ចប្រជុំស្តីពីការលើកកម្ពស់ការនាំចេញក្នុងសព្វាវុធជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា។ កិច្ចប្រជុំធ្វើឡើងដើម្បីរិះរកមធ្យោបាយកែលម្អផ្នែកសំខាន់នៃឧស្សាហកម្មផលិតសព្វាវុធ ដើម្បីឈានទៅរកការនាំចេញទៅក្រៅប្រទេស។ 
 
«ឧស្សាហកម្មការពារជាតិជាគ្រឿងម៉ាស៊ីនថ្មីនាំទៅរកភាពលូតលាស់នាពេលអនាគត និងជាស្នូលសំខាន់នៃឧស្សាហកម្មប្រកបដោយបច្ចេកវិទ្យាខ្ពស់»។ លោក យូន លើកឡើងបែបនេះក្នុងកិច្ចប្រជុំធ្វើនៅក្រុមហ៊ុនឧស្សាហកម្មអាវកាសកូរ៉េ ជាក្រុមហ៊ុនអភិវឌ្ឍយន្តហោះចម្បាំងតែមួយគត់របស់កូរ៉េខាងត្បូងមានទីតាំងនៅទីក្រុង Sacheon។ 
 
ជាចុងក្រោយនៃកិច្ចប្រជុំ ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវឱ្យមានការកែលម្អលក្ខខណ្ឌមួយចំនួនសម្រាប់ការស្រាវជ្រាវ និងការវិនិយោគរបស់បណ្ដាសហគ្រិនក្នុងវិស័យការពារជាតិ ក៏ដូចជាការកសាងប្រព័ន្ធអេកូឡូស៊ីដែលអាចលូតលាស់ដោយស្វ័យភាព តាមរយៈការជំរុញរចនាសម្ព័ន្ធឧស្សាហកម្មដែលផ្តោតលើការនាំចេញកាន់តែច្រើន។ រដ្ឋាភិបាលនឹងបង្កើតមូលនិធិសម្រាប់អភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យការពារជាតិដែលមានតម្លៃ៩០លានដុល្លារផងដែរ។
 
កិច្ចប្រជុំនេះបានធ្វើឡើងនៅរយៈពេលបួនខែបន្ទាប់ពីកូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានជាមួយប៉ូឡូញ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប៉ូឡូញនឹងទិញយន្តហោះចម្បាំង FA-50 ចំនួន៤៨គ្រឿង និងរថក្រោះ Black Panther ចំនួន ១៨០គ្រឿង រួមទាំងកាំភ្លើងធំ Howitzers ពីកូរ៉េខាងត្បូងដែលមានតម្លៃសរុបប្រមាណ១៥ពាន់លានដុល្លារ។ 
 
កាលពីខែសីហា លោក យូន បានប្រកាសដាល់គោលដៅកសាងឧស្សាហកម្មការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីឱ្យក្លាយទៅជាប្រទេសនាំចេញសព្វាវុធធំជាងគេលំដាប់ទីបួនក្នុងពិភពលោក បន្ទាប់ពីអាម៉េរិក រុស្ស៊ី និងបារាំង។ 
 
មេដឹកនាំរូបនេះបានលើកឡើងដែរថា ប្រទេសជាច្រើនរួមទាំងអូស្ត្រាលី និងន័រវែស កំពុងចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយក្រុងសេអ៊ូល។ ការណ៍នេះនឹងជួយពង្រឹងសមត្ថភាពក្រុងសេអ៊ូលទល់នឹងការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង ហើយវាក៏រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិផងដែរ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com