អន្តរជាតិ
លោក អាន់វ៉ា អ៊ីប្រាហ៊ីម៖ ពីអ្នកទោស ទៅជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ី
25, Nov 2022 , 9:59 am        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ី។ រូបភាព៖ AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ី។ រូបភាព៖ AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ី។ មុនមកដល់ចំណុចនេះ លោក អាន់វ៉ា ធ្លាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ និងធ្លាប់ធ្វើជាឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងរដ្ឋាភិបាលរបស់លោកមហាធៀ មហាម៉ាត់។ តើនាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ីរូបនេះ មានប្រវត្តិបែបណា?



 
 
កើតនៅឆ្នាំ ១៩៤៧ ក្នុងក្រុង Penang លោក អាន់វ៉ា អ៊ីប្រាហ៊ីម កើតក្នុងគ្រួសារមួយ ដែលមានម្តាយឪពុកជាអ្នកនយោបាយ។ នៅក្នុង ១៩៦៨ លោក អាន់វ៉ា បានចូលរៀននៅសកលវិទ្យាល័យ University of Malaya ផ្នែកសិក្សាម៉ាឡេ មុននឹងក្លាយជាប្រធានសហភាពជាតិនៃនិស្សិតមូស្លីមម៉ាឡេស៊ី។ 
 
ក្រោយមក និស្សិតដែលសិក្សានៅសកលវិទ្យាល័យ University of Malaya រូបនេះ បានទទួលតួនាទីមួយទៀតជា ប្រធានសង្គមភាសាម៉ាឡេ របស់សកលវិទ្យាល័យ University of Malaya។ នៅឆ្នាំ១៩៧១ លោក អាន់វ៉ា បានបង្កើត «ចលនាយុវជនមូស្លីមម៉ាឡេស៊ី» និងទទួលបន្ទុក តួនាទីជាប្រធានក្រុមប្រឹក្សាយុវជនម៉ាឡេស៊ីផងដែរ។ 
 
នៅក្នុងឆ្នាំ១៩៧៤ មេដឹកនាំយុវជនឥស្លាមរូបនេះ ត្រូវបានចាប់ខ្លួន ក្នុងពេលការតវ៉ារបស់និស្សិត ដើម្បីគាំទ្រកសិករនៅតំបន់ជនបទ និងត្រូវបានដាក់ពន្ធនាគាររយៈពេល ២០ខែ។ ក្រោយពីចេញពីពន្ធនាគារ លោក អាន់វ៉ា នៅក្នុងឆ្នាំ១៩៨២​ បានចូលរួមជាមួយបក្សអង្គការជាតិបង្រួបបង្រួមម៉ាឡេ។ 
 
ក្នុងឆ្នាំ១៩៨៣ លោកអាន់វ៉ា ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីវប្បធម៌ យុវជន និងកីឡា មុនពេលក្លាយជារដ្ឋមន្រ្តីកសិកម្មនៅក្នុងឆ្នាំ ១៩៨៤ និងរដ្ឋមន្រ្តីអប់រំនៅក្នុងឆ្នាំ ១៩៨៦។ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩៨ លោកបានកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ នៅក្នុងរដ្ឋាភិបាលរបស់លោក មហាម៉ាត់ មហាធៀ ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីលើកដំបូងចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ២០០៣។ 
 
ក្រោយបក្សទង្គិចជាមួយលោកមហាធៀ ជុំវិញការអនុវត្តវិធានការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ លោក អាន់វ៉ា ត្រូវដកចេញពីតំណែង ហើយជាប់ពន្ធនាគារនៅក្នុងឆ្នាំ១៩៩៩ ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ និងបទចោទលើការរួមសង្វាសប្រភេទ Sodomy ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅឆ្នាំ ១៩៩៨ លោក មហាធៀ បានថ្លែងយ៉ាងដូច្នេះថា៖ «បុរសរូបនេះ មិនអាចត្រូវបានអនុញ្ញាតឱ្យក្លាយជាមេដឹកនាំប្រទេសដូចម៉ាឡេស៊ីឡើយ»។ 
 
អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះ ត្រូវបានដោះលែងមកវិញនៅក្នុងឆ្នាំ២០០៤ ប៉ុន្តែត្រូវជាប់ពន្ធនាគារម្តងទៀតរយៈពេល ២ឆ្នាំ នៅក្នុងឆ្នាំ ២០១៥ ក្រោមបទចោទការរួមសង្វាសប្រភេទ Sodomy ដដែល។ 
 
រហូតដល់ឆ្នាំ ២០១៨ លោក អាន់វ៉ា បានឯកភាពធ្វើការជាមួយដៃគូចាស់ លោក មហាធៀ ដើម្បីទម្លាក់លោក ណាជីប រ៉ាហ្សាក់ ចេញពីតំណែង បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធនឹងមូលនិធិ 1Malaysia Development Berhad។ 
 
ក្រោយឈ្នះឆ្នោតកាលនោះ លោកមហាធៀ បានសន្យាប្រគល់អំណាចដល់លោក អាន់វ៉ាន់ នៅរយៈពេល ២ឆ្នាំបន្ទាប់។ យ៉ាងណាមិញ ត្រឹមតែ ២២ខែប៉ុណ្ណោះ សម្ព័ន្ធភាពមួយនេះ ត្រូវបានបាក់បែក ហើយលោកអាន់វ៉ា នៅតែមិនអាចកាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីដដែល។ 
 
ក្នុងការបោះឆ្នោត ឆ្នាំ២០២២ សម្ព័ន្ធភាពរបស់លោក អាន់វ៉ា ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ដោយមានសំឡេង ៨១កៅអី ក្នុងចំណោម ២២២កៅអី។ ប៉ុន្តែសំឡេងគាំទ្រនេះ មិនអាចបង្កើតរដ្ឋាភិបាលបានឡើយ។ ដើម្បីបង្កើតរដ្ឋាភិបាលបាន បក្ស ឬសម្ព័ន្ធភាពនយោបាយម៉ាឡេស៊ី ត្រូវមានកៅអីចំនួន​​ ១១២នៅក្នុងសភា។ បន្ទាប់ពីគ្មានបក្សនយោបាយណាមានសំឡេងគ្រប់គ្រាន់ក្នុងការ បង្កើតរដ្ឋាភិបាល ព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចជ្រើសរើសលោក អាន់វ៉ា ជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ី៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com