FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ស្រក់ទឹកភ្នែកក្រោយគ្រេចករជើង ខណៈ Richarlison ស៊ុត២គ្រាប់ជួយប្រេស៊ីលឈ្នះស៊ែប៊ី 
×![]()
Neymar សម្រក់ទឹកភ្នែកនៅកៅអីបម្រុង ក្រោយត្រូវបានប្តូរចេញដោយសារគ្រេចករជើងដែលបង្កដោយកីឡាករស៊ែប៊ីនាជំនួបបើកឆាកពួល G នៃពានរង្វាន់ FIFA World Cup កាតា។ Richarlison រកបាន២គ្រាប់ម្នាក់ឯងដើម្បីជួយប្រេស៊ីលទទួលបាន៣ពិន្ទុពីស៊ែប៊ី។
ក្រុមគ្រូពេទ្យប្រេស៊ីលបានបញ្ជាក់ថា Neymar បានរងរបួសត្រង់ករជើង ហើយខ្សែប្រយុទ្ធក្រុម Paris St-Germain រូបនេះនឹងត្រូវពិនិត្យរបួសឡើងវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធឆ្នើមក្រុមស៊ាំបារូបនេះ គ្រេចករជើងក្រោយប៉ះទង្គិចគ្នាជាមួយកីឡាករស៊ែប៊ី និងត្រូវបានប្តូរចេញជំនួសដោយ Antony របស់ Manchester United នៅនាទី៧៩។ អង្គុយនៅកៅអីបម្រុង Neymar បានស្រក់ទឹកភ្នែក ដោយហាក់បង្ហាញថារូបគេមានរបួសករជើងធ្ងន់ធ្ងរ និងមិនអាចបន្តលេងបាននៅជំនួបបន្តបន្ទាប់។
នៅមុនពេល Neymar ប្តូរចេញ ប្រេស៊ីលបាននាំមុខគូប្រជែងស៊ែប៊ីពីរគ្រាប់ ដោយសម្រេចទីបានពីសំណាក់ខ្សែប្រយុទ្ធ Richarlison នៅនាទី ៦២ និង៧៣។ ២គ្រាប់របស់ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ បានជួយប្រេស៊ីលឈ្នះស៊ែប៊ី ២-០ និងទទួលបាន៣ពិន្ទុ ដើម្បីឈរកំពូលតារាងពូល G។ ស្វ៊ីសដែលឈ្នះកាមេរូន ១-០ ស្ថិតនៅលេខរៀងទី២បណ្តោះអាសន្ន។
ជំនួបបន្ទាប់ពូល G ប្រេស៊ីលត្រូវប៉ះស្វ៊ីស ស្របពេលកាមេរូន ជួបស៊ែប៊ី នៅថ្ងៃទី២៨ ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com