កីឡាជាតិ
ជាតិ
ឈុត សេរីវ៉ាន់ថង គ្រងខ្សែក្រវាត់សម្តេច ទៀ បាញ់ ក្រោយឈ្នះ ឃុន បូរ៉ា វគ្គផ្តាច់ព្រ័ត្រ
25, Nov 2022 , 11:29 am        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងបង្គោលក្រហម ឃុន បូរ៉ា និងបង្គោលខៀវ ឈុត សេរីវ៉ាន់ថង។ រូបCapture ពី TV5
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងបង្គោលក្រហម ឃុន បូរ៉ា និងបង្គោលខៀវ ឈុត សេរីវ៉ាន់ថង។ រូបCapture ពី TV5
ដោយ:
ឈុត សេរីវ៉ាន់ថង គ្រងដំណែងខ្សែក្រវាត់សម្តេច ទៀ បាញ់ បន្ទាប់ពីឈ្នះពិន្ទុ ឃុន បូរ៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ទៀ​ បាញ់ ដែលមានប្រាក់រង្វាន់តម្លៃស្មើផ្ទះវីឡាមួយខ្នង។ ចំណែក វ៉ាន់ វឿន ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះពិន្ទុកីឡាករ សូត្រ វាសនា នៅសង្វៀនខេត្តសៀមរាប ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

 
នៅក្នុងទឹកទី១ កីឡាករបង្គោលខៀវរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ទាត់ឆ្វេងគោះស្ទាបស្ទង់សារជាថ្មីទៅលើបង្គោលក្រហមនាគមាសខេត្តបន្ទាយមានជ័យ ឃុន បូរ៉ា ការវាយសងគ្នាទៅមករវាងអ្នកទាំងពីរសុទ្ធសឹងតែធ្វើឱ្យអារម្មណ៍ពុះកញ្រ្ជោល នឹងចង់ផ្តាច់គ្នាពិសេស ការចេញស្នៀតប្តូរកែងគ្នា បណ្តាលឱ្យរាហ៊ូមាស បែកថ្ងាស ក្រោមផ្លែកែងនាគមាសខេត្តបន្ទាយមានជ័យ។
 
ឈានចូលដល់ទឹកទី២ សេរីវ៉ាន់ថង ដើរចូលសារជាថ្មីទាត់ជើងក្រោមមួយពីរ និងបន្តដាក់សម្ពាធទៅកាន់ បូរ៉ា យ៉ាងណាក៏មានការសងបកទៅវិញដែរតែមិនមានអ្វីជាប្រែប្រួលឡើយ បន្តនៅទឹកទី៣ បង្គោលខៀវ បន្តដើរចូលទៀតវាយសន្ធប់ទៅលើ បង្គោលក្រហម ហើយបន្ថែចេញទាត់ និងការប្តូរកណ្តាំហឹង ចូលដល់ទឹកទី៤ កីឡាករទាំងពីរមិនសូវជាបុកគ្នាខ្លាំងនោះទេ តែក៏មានការប្រូរជង្គង់សងគ្នាចុះឡើង និងទឹកទី៥ វ៉ាន់ថង បន្តដើរចូលទៀត បន្ថែមការប្រយុទ្ធទៅលើ បូរ៉ា។
 
បញ្ចប់ការប្រកួតទាំង៥ទឹក កីឡាករបង្គោលខៀវរាហ៊ូមាស ឈុត សេរីវ់ាន់ថង ឈ្នះពិន្ទុបង្គោលក្រហមនាគមាសខេត្តបន្ទាយមានជ័យ គ្រងដំណែងពានរង្វាន់ខ្សែក្រវាត់សម្តេច ទៀ បាញ់ មានតម្លៃស្មើផ្ទះវីឡាមួយខ្នង។ ចំណែកកីឡាករ វ៉ាន់ វឿន ឈ្នះពិន្ទុ សូត្រ វាសនា។ 
 
សម្រាប់អ្នកទទួលបានលេខមួយ បានផ្ទះវីឡាភ្លោះមួយខ្នង និងប្រាក់រង្វាន់៦០០០០០០៛(ប្រាំមួយលានរៀល) ចំណែកលេខពីរទទួលបានដីឡូតិ៍ទំហំ១០x២០ម៉ែត្រ ប្រាក់អម ៥០០០០០០៛(ប្រាំលានរៀល) ខណៈលេខបីដីឡូតិ៍ទំហំ ៥x២០ម៉ែត្រ ប្រាក់អម៤០០០០០០៛(បួនលានរៀល) និងលេខបួនដីឡូតិ៍ទំហំ ៥x២០ម៉ែត្រ ៣០០០០០០៛(បីលានរៀល)៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com