អន្តរជាតិ
គណៈកម្មាធិការ UN ជំរុញចិនដោះលែងអ្នកជាប់ឃុំតំបន់ស៊ីនជាំង
25, Nov 2022 , 4:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) នៅថ្ងៃទី២៤ ខែវិច្ឆិកា បានជំរុញឱ្យចិនដោះលែងអ្នកដែលត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំងក្នុងតំបន់ស៊ីនជាំង ហើយបានផ្តល់អនុសាសន៍ឱ្យចិនផ្តល់សំណងដល់ជនរងគ្រោះផងដែរ។



សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) ចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា នឹងបន្ថែមសម្ពាធទៅលើចិន ដែលបានរងការចោទថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធនៅតំបន់ស៊ីនជាំង។ គណៈកម្មាធិការខាងលើដែលមានសមាជិកសរុប១៨រូបបានអំពាវនាវឱ្យចិនដោះលែងបុគ្គលជាប់ឃុំឃាំងទាំងអស់ដែលត្រូវចាប់ខ្លួនដោយបង្ខំ និងផ្តល់សំណងឱ្យជនរងគ្រោះ ក៏ដូចជាផ្ដល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេទៅសាច់ញាតិជាដើម។
 
សេចក្ដីថ្លែងការណ៍នេះធ្វើឡើងមានបំណងស្នើឱ្យចិនធ្វើកំណែទម្រង់ការអនុវត្តរបស់ខ្លួនលើជនជាតិភាគតិចវីហ្គ័រ និងក្រុមជនជាតិភាគតិចមូស្លីមជាច្រើនទៀតនៅតំបន់ស៊ីនជាំង ព្រោះកន្លងមកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អះអាងថា អ្វីដែលកើតឡើង អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ 
 
លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សក៏បានទទូចឱ្យចិន អនុវត្តការត្រួតពិនិត្យឱ្យបានពេញលេញលើក្របខ័ណ្ឌច្បាប់របស់ខ្លួនដែលគ្រប់គ្រងសន្តិសុខជាតិ ប្រឆាំងអំពើភេរវកម្ម និងសិទ្ធិជនជាតិភាគតិចនៅក្នុងតំបន់ស៊ីនជាំង ដើម្បីធានាការអនុលោមតាមអនុសញ្ញាស្ដីពីការលុបបំបាត់ការរើសអើសជាតិសាសន៍។ 
 
អ្នកនាំពាក្យបេសកកម្មចិននៅអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ លោក Liu Yuyin បាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងយ៉ាងដាច់អហង្ការចំពោះចំណាត់ការរបស់គណៈកម្មាធិការ UN ដោយចាត់ទុកចំណាត់ការនេះ ជាការប្រមាថ និងបង្កាច់បង្ខូចស្ថានភាពសិទ្ធិមនុស្សនៅចិន ដោយផ្អែកលើព័ត៌មានមិនពិត ប្រឌិតដោយបណ្តាប្រទេសលោកខាងលិច និងកងកម្លាំងបំបែកខ្លួនប្រឆាំងចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
កន្លងមក ក្រុមសិទ្ធិមនុស្សជាច្រើនបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានលើក្រុមជនជាតិភាគតិចវីហ្គ័រ ដែលជាជនជាតិភាគតិចមូស្លីមមានប្រហែល១០លាននាក់រស់នៅតំបន់ស៊ីនជាំង តាមរយៈការបង្ខំឱ្យធ្វើការងារលើសកម្លាំងនៅជំរំឃុំឃាំងនានា។។ យ៉ាងណាមិញ ក្រុងប៉េកាំងបានច្រានចោលការចោទនេះ ដោយអះអាងថាខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធានាការអភិវឌ្ឍក្នុងតំបន់ប៉ុណ្ណោះ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com