FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ីរ៉ង់ ស្វែងរកពិន្ទុដំបូងទល់វេលស៍ ឯម្ចាស់ផ្ទះកាតា និងសេណេហ្កាល់ត្រូវការឈ្នះរៀងខ្លួន
25, Nov 2022 , 4:34 pm        
រូបភាព
អ៊ីរ៉ង់ និងវេលស៍ត្រូវបន្តយុទ្ធនាការបស់ខ្លួនក្នុងជំនួបទី២ពូល B ពានរង្វាន់ FIFA World Cup នៅម៉ោង៥ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានេះ មុនអង់គ្លេសបន្តស្វែងរក៣ពិន្ទុបន្ថែមទល់នឹងអាម៉េរិកនៅម៉ោង២អាធ្រាត្រ។ សម្រាប់ពូល A វិញម្ចាស់ផ្ទះកាតាត្រូវស្តាមួយមាត់ឡើងវិញដោយត្រូវតតាំងជាមួយក្រុមត្រូវការពិន្ទុដូចគ្នាសេណេហ្កាល់នៅម៉ោង៨យប់។ ហូឡង់ និងអេក្វាទ័រដែលរកបាន៣ពិន្ទុរៀងខ្លួនជំនួបបើកឆាកពូល A ត្រូវប៉ះគ្នានៅជើងទី២ នាវេលាម៉ោង១១យប់។



ក្រុមអាស៊ី អ៊ីរ៉ង់ និងកាតា រួមជាមួយក្រុមអាហ្វ្រិកសេណេហ្កាល់ សុទ្ធតែត្រូវការពិន្ទុដាច់ខាតនៅជំនួបទី២ បន្ទាប់ពីខកចិត្តនៅជំនួបបើកឆាករៀងខ្លួន។ ក្នុងចំណោមក្រុមទាំង៣ ក្រុមណាបន្តចាញ់នៅជំនួបទី២នេះ នឹងត្រូវហាលអាវដោយស្វ័យប្រវត្តិតែម្តង។
 
ក្រោយចាញ់អង់គ្លេសនៅជំនួបដំបូងដោយលទ្ធផល ៦-២ រួចមក អ៊ីរ៉ង់ ត្រូវបន្តជួបវេលស៍ នៅជើងទី២ពូល B នាកីឡដ្ឋាន Ahmad bin Ali។ ជំនួបបើកឆាករបស់វេលស៍ ស្មើអាម៉េរិក ១-១។ ដោយឡែកអាម៉េរិក នឹងត្រូវបន្តជួយក្រុមខ្លាំងតោកំណាចអង់គ្លេសដែលកំពុងឈរកំពូលតារាងពូល B។
 
ដោយឡែកនៅពូល A ម្ចាស់ផ្ទះកាតាដែលរងការខកចិត្តនៅជំនួបដំបូងក្រោមថ្វីជើងអេក្វាទ័រក្នុងលទ្ធផល ២-០ ត្រូវស្តាមុខមាត់ឡើងវិញជាមួយសេណេហ្កាល់ដែលត្រូវការពិន្ទុចាំបាច់ដូចគ្នា។ សេណេហ្កាល់ ចាញ់ហូឡង់ ២-០ កាលពីជំនួបបើកឆាក។
 
ហូឡង់ក្រុមឈរកំពូលតារាងពូល A បណ្តោះអាសន្ន ត្រូវបន្តជួបក្រុមអេក្វាទ័រដែលឈរលេខ២។ ចំណោមក្រុមទាំងពីរ ក្រុមណាអាចរកបាន៣ពិន្ទុបន្ថែម នឹងទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គខ្វែងតែម្តង៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com