អន្តរជាតិ
អង់គ្លេស រឹតត្បិតការប្រើប្រាស់កាមេរ៉ាចិនក្នុងអាគាររដ្ឋាភិបាលដោយសារហានិភ័យសន្តិសុខ
25, Nov 2022 , 8:29 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី២៤ ខែវិច្ឆិកា ប្រាប់ក្រសួង និងស្ថាប័ននានារបស់ខ្លួនឱ្យឈប់ដំឡើងកាមេរ៉ាសុវត្ថិភាពរបស់ចិនក្នុងអាគារសំខាន់ៗក្រោមហេតុផលសន្តិសុខ។

 
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីខុន្ទកាល័យអង់គ្លេស Oliver Dowden ទៅកាន់សភាអង់គ្លេស ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការពិនិត្យឡើងវិញពីហានិភ័យសន្តិសុខដែលអាចកើតមានឡើងនាពេលបច្ចុប្បន្ន និងអនាគតទាក់ទងនឹងការដំឡើងប្រព័ន្ធឃ្លាំមើលតាមអាគាររបស់រដ្ឋាភិបាល។
«ដោយពិចារណាលើការគំរាមចំពោះអង់គ្លេស ក៏ដូចជាការកើនឡើងនៃសមត្ថភាព និងការតភ្ជាប់នៃប្រព័ន្ធទាំងនេះ ការត្រួតពិនិត្យឡើងវិញសរុបថាត្រូវតែមានការគ្រប់គ្រងបន្ថែម»។ សេចក្តីថ្លែងការណ៍របស់លោក Dowden សរសេរបែបនេះនៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយបញ្ជាក់ថា ក្រសួងនានាគួរតែពិចារណាផ្លាស់ប្តូរកាមេរ៉ាទាំងនេះឥឡូវនេះ។ 
 
បើតាមលោក Dowden ក្រុមហ៊ុនដែលនៅក្រោមច្បាប់ចារកម្មជាតិចិនអាចត្រូវបានបង្ខំឱ្យប្រគល់ព័ត៌មានទៅអង្គភាពសន្តិសុខនៅក្រុងប៉េកាំង។ កាលពីខែកក្កដា ក្រុមតស៊ូមតិពីឯកជនភាព Big Brother Watch អះអាងថា ភាគច្រើននៃកាមេរ៉ាឃ្លាំមើលដែលប្រើប្រាស់ក្នុងអាគាររដ្ឋាភិបាលអង់គ្លេសត្រូវបានផលិតឡើងដោយក្រុមហ៊ុនចិនពីររួមមាន Hikvision និង Dahua។
 
ទន្ទឹមនោះ សមាជិកសភាអង់គ្លេសជិត៧០ នាក់អំពាវនាវឱ្យដាក់បម្រាមលើការលក់ និងប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនចិន Hikvision និង Dahua ដែលមួយផ្នែកត្រូវបានគ្រប់គ្រងដោយអាជ្ញាធរចិន។ នេះដោយសារតែការព្រួយបារម្ភជុំវិញឯកជនភាព និងផលិតផលរបស់ក្រុមហ៊ុនទាំងនេះមានជាប់ទាក់ទិននឹងការបំពានសិទ្ធិមនុស្សនៅចិន។
 
យ៉ាងណាមិញ ក្រុមហ៊ុន Hikvision ប្រតិកម្មថា ការចោទប្រកាន់ទាំងនេះមិនពិតទាំងស្រុង ខណៈមិនទាន់មានការអត្ថាធិប្បាយពីក្រុមហ៊ុន Dahua នៅឡើយ។
 
«ក្រុមហ៊ុន Hikvision មិនអាចបញ្ជូនទិន្នន័យពីអ្នកប្រើប្រាស់ទៅភាគីទីបីបានទេ ហើយយើងក៏មិនគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់អ្នកប្រើប្រាស់ និងលក់សេវាផ្ទុកទិន្នន័យនៅអង់គ្លេសដែរ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Hikvision នៅថ្ងៃទី២៤ ខែវិច្ឆិកា៕
 
 
 
 
 
 
 
 

Tag:
 អង់គ្លេស
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com