ជាតិ
គម្រោងរេដបូកនៅដែនជម្រកព្រៃលំផាត់ នឹងជួយឱ្យកម្ពុជា លក់ឥតទានកាបូនបន្ថែម
25, Nov 2022 , 9:59 pm        
រូបភាព
 ព្រៃឈើ ត្រូវបានអភិរក្សនៅក្នុងខេត្តមណ្ឌលគិរី។ រូបថត៖ បូ សុភា
ព្រៃឈើ ត្រូវបានអភិរក្សនៅក្នុងខេត្តមណ្ឌលគិរី។ រូបថត៖ បូ សុភា
ដោយ:
ភ្នំពេញ៖ គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់គ្រប់ដណ្ដប់លើស្រុកកោះញែក ស្រុកកូនមុំ ស្រុកលំផាត់ ដែលមានផ្ទៃដីសរុប២៥ម៉ឺនហិកតា។គម្រោងនេះ នឹងត្រូវអនុវត្តជំហានទី១ ចាប់ពីចុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ ។

 
លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25ថាការអនុវត្តគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់អាចចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។  គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុបចំនួន២៥ម៉ឺនហិកតាក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ ប៉ុន្ដែផ្ទៃដីមានត្រឹមចំនួន១៣៦ ៥៣៧ ហិកតាប៉ុណ្ណោះដែលអាចអនុវត្តគម្រោងរេដបូកបាន។ 
 

 លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា។ រូបភាព៖ USAID Morodok Baitang

ជាមួយគ្នានោះ លទ្ធផលនៃការសិក្សា បានបង្ហាញថាផ្ទៃដីព្រៃ ១៣៦ ៥៣៧ ហិកតានៃដែនជម្រក​សត្វព្រៃលំផាត់ មានសក្ដានុពលខ្ពស់ក្នុងការរៀបចំគម្រោងរេដបូក ដែលអាចកាត់បន្ថយកាបូន ៥៧៦ ២៤២,២៧ តោន ក្នុងរយៈពេល៥ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១៩ ដល់២០២៣។ បរិមាណកាបូនជាមធ្យម អាច១១៥ ២៤៨,៤៥ តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំដំបូង។
 
លោក វរសក្ស បញ្ជាក់ដូច្នេះ៖ «ជាជំហានទីមួយគម្រោងរបស់យើង នឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២២​ដល់២០២៤។ បន្ទាប់មកទៀតនៅជំហានទី២ និងគម្រោងបន្តបន្ទាប់អាចធ្វើឡើងរយៈពេល៥ឆ្នាំម្ដងៗ រហូតដល់រយៈពេល៣០ឆ្នាំ។  គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ត្រូវអនុវត្តសកម្មភាពលើស្រុកចំនួនបី មានភូមិចំនួន១៦»។ 
 
ការបង្កើតគម្រោងរេដបូកជាយុទ្ធសាស្រ្តមួយដើម្បីធានានិរន្តភាពហិរញ្ញវត្ថុក្នុងការគ្រប់គ្រងព្រៃឈើ។  លើសពីនេះនៅពេលគម្រោងត្រូវបានអនុវត្ត មានន័យថា គេត្រូវរក្សាព្រៃឈើឱ្យនៅឈរបន្ទាប់មកនឹងប្រមូលយកបរិមាណកាបូនដែលស្រូបបានពីព្រៃទាំងនោះទៅលក់លើទីផ្សារស្ម័គ្រចិត្ត។ 
 
នៅពេល​គម្រោងទទួលជោគជ័យ មូនិធិមួយចំនួនធំនឹងត្រូវបានយកទៅផ្គត់ផ្គង់ព្រៃឈើឱ្យនៅគង់វង្សក៏ដូចជាកែលម្អ និងលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរជាងមុន។ មួយវិញទៀត មូនិធិនោះនឹងត្រូវបានយកទៅកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធទាំងអស់ដែលធ្វើការទាក់ទងព្រៃឈើដែលក្នុងនោះរួមមាន ប្រជាពលរដ្ឋ មន្ត្រីឧទ្យានុរក្ស
និងបូករួមទាំងមន្ត្រីធ្វើការក្នុងNGOផងដែរ៕
 
 
 

Tag:
 រតនគិរី
  មណ្ឌលគិរី
  គម្រោងរេដបូក
  USID
© រក្សាសិទ្ធិដោយ thmeythmey.com