ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ កត្តាអាកាសធាតុ ​ធ្វើឱ្យការសាងសង់ និងជួសជុលផ្លូវក្នុងឃុំអណ្តូងទឹក មានភាពយឺតយ៉ាវ
26, Nov 2022 , 8:59 am        
រូបភាព
ដោយ៖ វុធ អ៊ិត(យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ លោក ឃៀង យិង មេឃុំអណ្ដូងទឹក បានឱ្យដឹងថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ផ្លូវនៅក្នុងឃុំមានការរាំងស្ទះ ដោយសារបញ្ហាមេឃភ្លៀង ទើបធ្វើឱ្យមានការយឺតយ៉ាវ ក្នុងការជួសជុល និងសាងសង់ផ្លូវ។

 
លោក ឃៀង យិង បានបញ្ជាក់ថា ការសាងសង់ផ្លូវ និងអភិវឌ្ឍឃុំអណ្ដូងទឹក គឺមានការចូលរួមច្រើន ពីប្រជាពលរដ្ឋ និង​ស្ថាប័នដែលពាក់ព័ន្ធ។​ លោក យិង បន្តថា នៅឆ្នាំ២០២២ជិតដាច់ចូលឆ្នាំ២០២៣ ដូច្នេះខាងឃុំ នឹងបន្តអភិវឌ្ឍផ្លូវបន្តទៀត ដើម្បីបំពេញតម្រូវការនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ 


 
«ស្ថានភាពផ្លូវបច្ចុប្បន្នខូចច្រើន នៅតាមបណ្តាភូមិនីមួយៗ ដោយសារអាកាសធាតុនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ទើបធ្វើឱ្យមានផ្លូវខូចខាតខ្លាំងនៅតាមភូមិ»។ លោក ឃៀង យិង លើកឡើងដូច្នេះ រួចបន្ថែមថា កត្តាយានយន្តធំៗ បានបើកបរលើផ្លូវលំ ទើបបណ្ដាលឱ្យខូចផ្លូវ ពលរដ្ឋពិបាកក្នុងការធ្វើដំណើរប្រកបមុខរបររកស៊ីប្រចាំថ្ងៃ ពិសេសស្ត្រីមានផ្ទៃពោះ ជនពិការ និងសិស្សសាលាជាដើម។
 
លោកមេឃុំបន្ថែមថា បច្ចុប្បន្នក្នុងឃុំអណ្ដូងមានផ្លូវចំនួន ២ខែ្ស ដែលពុំទាន់បានជួសជុលគឺ ផ្លូវនៅភូមិអណ្ដូងទឹក និងភូមិជីមាល។ ជុំវិញការសាងសង់ផ្លូវក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាជ្ញាធរឃុំ មានគម្រោងសាងសង់ផ្លូវ ២ខ្សែបន្តទៀត ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ លោក យិង បន្តថា សម្រាប់គម្រោងបានដេញថ្លៃជាមួយក្រុមហ៊ុនរួចហើយ គឺចំណាយថវិកាប្រមាណជាង ១០០លានដុល្លារ សម្រាប់សាងសង់ផ្លូវបេតុង និងជាង ៤០លានដុល្លារ សម្រាប់សាងសង់ផ្លូវក្រួសក្រហមប្រវែង ៥០០ម៉ែត្រ។ 
 
មេឃុំរូបនេះ បន្ថែមថា ចំពោះសមិទ្ធផលដែលបានធ្វើកន្លងមក គឺនៅភូមិអណ្ដូងទឹកបានជួសជុលផ្លូវចំនួន ៧ខ្សែ។ នៅឆ្នាំ២០២១ បានចាក់បេតុង​ ២ខ្សែ គឺខ្សែទី១ នៅភូមិជីត្រេះ មានប្រវែង ៥០០ម៉ែត្រ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងខ្សែទី២ មានប្រវែងប្រមាណ ២០ ម៉ែត្រ ជាជំនួយរបស់មន្ទីរអភិវឌ្ឍន៍ជនបទ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 សាងសង់ផ្លូវ
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com