ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ រឹបអូសយកដីនិងអគាររបស់លោក សុន ឆ័យ ជាបណ្តោះអាសន្ន
26, Nov 2022 , 5:54 pm        
រូបភាព
លោក សុន ឆ័យ ថ្លែងទៅកាន់អ្នកកាសែត នៅមុខតុលាការភ្នំពេញ ពេលលោក ចេញសវនាការ កាលពីដើមខែតុលា ឆ្នាំ២០២២។
លោក សុន ឆ័យ ថ្លែងទៅកាន់អ្នកកាសែត នៅមុខតុលាការភ្នំពេញ ពេលលោក ចេញសវនាការ កាលពីដើមខែតុលា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ

លោក សុន ឆ័យ ត្រូវយកប្រាក់ជាង៧សែនដុល្លារ ទៅតម្កល់នៅតុលាការ ទើបបានដីនិងអគារទាំងនោះវិញ



ដីនិងអគារ២កន្លែងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវតុលាការភ្នំពេញរឹបអូសយកជាបណ្តោះអាសន្ន។ លោក អួង វុទ្ធា ចៅក្រមនៃតុលាការភ្នំពេញ បានចេញដីកាស្តីពីការរឹបអូសដីនិងអគារ ដែលជាអចលនវត្ថុរបស់លោក សុន ឆ័យ តាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ តែទើបនឹងត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែវិឆ្ឆិកានេះ។

អចលនវត្ថុទាំង២ទីតាំងរបស់លោក សុន ឆ័យ ដែលត្រូវតុលាការរឹបអូសយកជាបណ្តោះអាសន្ន ស្ថិតក្នុងរាជធានីភ្នំពេញ១កន្លែង និងស្ថិតក្នុងខេត្តសៀមរាប១កន្លែង។ តុលាការ អះអាងក្នុងដីកាថា លោក សុន ឆ័យ គ្មានឆន្ទៈបង់ប្រាក់តាមការកំណត់របស់តុលាការ ទើបតុលាការ សម្រេចរឹបអូសយកអចលនវត្ថុរបស់លោកជាបណ្តោះអាសន្ន។

តុលាការ ប្រាប់ទៅលោក សុន ឆ័យ ដែលជាកូនបំណុល តាមរយៈដីកាដូច្នេះថា៖«ដើម្បីទទួលបានការលុបចោលការរឹបអូស  [អចលនវត្ថុ] ជាបណ្តោះអាសន្ននេះ កូនបំណុល ត្រូវដាក់ប្រាក់តម្កល់នៅតុលាការចំនួន៣ពាន់លានរៀល (ជាង៧សែនដុល្លារ) ជាប្រាក់រំដោះ»។

សូមរម្លឹកថា កាលពីដើមខែតុលា ឆ្នាំ២០២២ តុលាការ ចេញដីកាតម្រូវឲ្យលោក សុន ឆ័យ បង់ប្រាក់ដល់៣ភាគី គឺបង់៧,៥សែនដុល្លារ ទៅគណបក្សប្រជាជនកម្ពុជា បង់ជាង២ពាន់ដុល្លារ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបង់២ពាន់ដុល្លារទៀត ចូលទៅរដ្ឋ។ លោក ត្រូវគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ប្តឹង ដោយសារលោក និយាយជាមួយសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ស្ថិតក្រោមការគ្រប់គ្រងស្ទើរទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យ និងជាអនុប្រធានរបស់គណបក្សភ្លើងទៀនដែរនោះ ប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាច់ថ្ងៃទី២៦ ខែវិច្ឆិកានេះថា ការតម្រូវឲ្យលោក សុន ឆ័យ បង់ប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ និងរហូតឈានដល់ការរឹបអូសទ្រព្យសម្បត្តិរបស់លោកបែបនេះ គឺមានភាពធ្ងន់ធ្ងរ ដែលគណបក្សភ្លើងទៀនមិនអាចទទួលបាន។ លោក មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ ដូចជាគ្មានយោបល់អីទេ ព្រោះវាជារឿងធម្មតាក្នុងសង្គមកម្ពុជា។ អំណាចនៅលើគេ គេ ចង់សម្រេចយ៉ាងម៉េចក៏បាន»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា បើតុលាការ សម្រេចអ្វីក៏បានដូចការលើកឡើងរបស់លោក ថាច់ សេដ្ឋា តុលាការ នឹងសម្រេចរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតដែរហើយ។ លោក ចោទសួរថា ហេតុអ្វី អ្នកដទៃ មិនត្រូវតុលាការ រឹបអូសយកទ្រព្យសម្បត្តិ ដូចលោក សុន ឆ័យ? ចម្លើយយ៉ាងខ្លីរបស់អ្នកលោក គឺដោយសារលោក សុន ឆ័យ ចោទប្រកាន់អ្នកដទៃ។ 

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«មានភ្លើង បានមានផ្សែង។ លោក សុន ឆ័យ គាត់ ជាអ្នកដុតភ្លើង ទើបបានជាមានផ្សែង។ បើគាត់ នៅឲ្យស្ងៀម មិនចោទប្រកាន់គេ គ្មានអ្នកណាទៅធ្វើអីគាត់ទេ»។ 

សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីលោក ជូង ជូងី ដែលជាមេធាវីរបស់លោក សុន ឆ័យ បានឡើយ ដោយសារលេខទូរស័ព្ទរបស់លោកមេធាវីរូបនេះ មិនអាចហៅចូល៕

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com