អន្តរជាតិ
កាណាដា ដាក់ចេញយុទ្ធសាស្ត្រថ្មីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សំដៅទប់ទល់ចិន
28, Nov 2022 , 9:29 pm        
រូបភាព
កាណាដា នៅថ្ងៃទី២៧ ខែវិច្ឆិកា បានដាក់ចេញយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់នេះ និងទប់ទល់ការកើនឡើងឥទ្ធិពលចិន។ ក្នុងឯកសារយុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិក រដ្ឋាភិបាលអូតាវ៉ាគ្រោងចំណាយលុយខ្ទង់១,៧ពាន់លានដុល្លារដើម្បីជំរុញវិស័យនានាក្នុងរយៈពេល៥ឆ្នាំរួមមានយោធា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។



រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly នៅថ្ងៃទី២៧ ខែវិច្ឆិកា បានបង្ហាញឯកសារ ២៦ទំព័រដែលលម្អិតពីយុទ្ធសាស្ត្រថ្មីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងសេដ្ឋកិច្ចកាណាដា។ ឯកសារនោះបានលើកឡើងពីការជំរុញវិស័យយោធា ការ​បង្កើនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ផែនការ​ប្រឆាំង​​ការ​ជ្រៀតជ្រែក​ពី​​ចិន​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កាណាដា ការរឹតបន្តឹងច្បាប់វិនិយោគបរទេសដើម្បីការពារកម្មសិទ្ធិបញ្ញា និងរារាំងសហគ្រាសរដ្ឋរបស់ចិនពីការទាញយករ៉ែសំខាន់ៗនៅឥណ្ឌូប៉ាស៊ីហ្វិក។
 
«យើងនឹងផ្សាភ្ជាប់នឹងផ្នែកការទូត ពីព្រោះយើងគិតថាការទូតគឺជាកម្លាំងមួយ ក្នុងពេលជាមួយគ្នានេះ យើងនឹងរឹងមាំ ហើយនោះជាមូលហេតុដែលធ្វើឱ្យយើងមានផែនការប្រកបដោយតម្លាភាពដើម្បីដោះស្រាយជាមួយចិន»។ រដ្ឋមន្ត្រីការបរទេសកាណាដា លើកឡើងបែបនេះ។
 
ក្នុងសន្និសីទសារព័ត៌មានក្រុង Vancouver លោកស្រី Mélanie Joly រៀបរាប់ពីយុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិកថាវាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាបញ្ហាអាកាសធាតុ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ឥណ្ឌូប៉ាស៊ីហ្វិកដ៏ធំ បានរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោកក្នុងទំហំទឹកប្រាក់ជិត ៣៧ទ្រីលានដុល្លារ។ ហេតុនេះ ទីក្រុងអូតាវ៉ាកំពុងស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេស ៤០ របស់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយការវិនិយោគដំណាក់កាលដំបូងក្នុងទឹកប្រាក់ ១,៧ពាន់លានដុល្លារ រយៈ៥ឆ្នាំលើវិស័យនានា។ កាណាដានឹងបែងចែកថវិកាជិត ៣៧០លានដុល្លារបង្កើនវត្តមានកងទ័ពជើងទឹកនៅតំបន់នេះ និងជាង ៣៤លានដុល្លារជំរុញវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ 
 
គួរបញ្ជាក់ថា ការបង្កើតយុទ្ធសាស្ត្រថ្មីរបស់កាណាដា ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះធ្វើឡើងស្របតាមនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ ដែលចង់ធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ខណៈកន្លងមកពឹងផ្អែកខ្លាំងតែលើអាម៉េរិក។ ទីក្រុងអូតាវ៉ាចាប់អារម្មណ៍ជាពិសេសចំពោះពាណិជ្ជកម្មជាមួយឥណ្ឌា។ 
 
មហិច្ឆិតាទប់ទល់ចិនរបស់កាណាដាកើតឡើងដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងចាប់ពីឆ្នាំ ២០១៨ ពេលកាណាដាចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei ហើយចិនបានចាប់ខ្លួនជនជាតិកាណាដា ២នាក់ពីបទធ្វើចារកម្ម។ ក្នុងកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) លោក ស៊ី ជិនភីង ក៏បានចោទនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ជុំវិញការធ្វើឱ្យបែកធ្លាយព័ត៌មានពិភាក្សាក្នុងកិច្ចប្រជុំ។ តែទោះយ៉ាងណា ទីក្រុងអូតាវ៉ាអះអាងថានឹងនៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ខណៈកន្លងមកមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជិត ៧ភាគរយដែរ៕ 
 

Tag:
 កាណាដា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com