FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកប្រាប់ផ្លូវរថភ្លើងនៅ World Cup កាតា ទទួលការចាប់អារម្មណ៍ខ្លាំងលើប្រព័ន្ធផ្សព្ធផ្សាយសង្គម
29, Nov 2022 , 7:59 am        
រូបភាព
រូបភាព៖ Al Jareeza
រូបភាព៖ Al Jareeza
បុរសវ័យក្មេងសញ្ជាតិកេនយ៉ា ជាអ្នកប្រាប់ផ្លូវទៅកាន់រថភ្លើងក្រោមដីនៅកាតាម្នាក់ បានក្លាយជាចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដែលបានទៅទស្សនាការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022។



Abubakr Abbass ដែលមានវ័យ ២៣ឆ្នាំ មកពីប្រទេសកេនយ៉ា បំពេញការងារនៅប្រទេសកាតា បានទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្របាល់ទាត់មកពីគ្រប់ប្រទេស និងក្លាយជារឿងមួយដែលបានផ្ទុះការគាំទ្រខ្លាំងលើបណ្តាញសង្គមដោយចៃដន្យ នាការប្រកួត World Cup នៅកាតា។
 
អង្គុយលើកៅអីដូចទៅនឹងកៅអីអាជ្ញាកណ្តាលកាត់ក្តីការប្រកួតវាយកូនបាល់ ដោយមានពាក់ស្រោមដៃដ៏ធំពណ៍ផ្កាឈូន Abbass បានបង្ហាញផ្លូវអ្នកគាំទ្ររាប់ពាន់នាក់ដែលមកទស្សនានៅផ្សារប្រវត្តិសាស្ត្រដែលហៅឈ្មោះថា Souq Waqif ទៅកាន់គោលដៅស្ថានីយ៍រថភ្លើងក្រោមដី តាមរយៈការប្រកាសដោយប្រើមេក្រូ និងស្លាកចង្អុលផ្លូវ។
 
ពាក្យចង្អុលបង្ហាញផ្លូវរបស់ Abbass ទៅកាន់អ្នកដំណើរ ដូចជា «Metro? This Way. Metro? This Way» បានក្លាយជាពាក្យដ៏គួរចាប់អារម្មណ៍ និងជាពាក្យដ៏ល្បីមួយនៅក្នុងប្រទេសកាតាសម្រាប់អ្នកគាំទ្រ។ ដោយសារតែពាក្យទាំងនេះ បានធ្វើឱ្យអ្នកឆ្លងកាត់ទីនោះចាប់អារម្មណ៍ ព្រមទាំងបង្ហាញក្តីស្រឡាញ់ទៅកាន់រូបគេផង។
 
«យើងស្រលាញ់គាត់ យើងស្រលាញ់ Metro Guy។»។ នេះបើតាមសម្តីអ្នកគាំទ្រម្នាក់និយាយសំដៅទៅកាន់ Abbass។ 
បុរសវ័យក្មេងម្នាក់ទៀតបានបង្ហោះនៅលើបណ្តាញសង្គម ​Tik Tok ដោយពាក់អាវក្រុម Chelsea ដោយនិយាយថា៖«ខ្ញុំបានឃើញគាត់នៅលើ Tik Tok ខ្ញុំគិតថារឿងនេះពិតជាគួរឱ្យអស់សំណើច គាត់បានធ្វើឱ្យខ្ញុំសើច វាជាកិច្ចការដ៏សមញ្ញមួយតែ ពិតជាចាប់អារម្មណ៍ខ្លាំង។»។
 
មកដល់ពេលនេះអ្នកគាំទ្រដែលទៅទស្សនាផ្សារប្រវត្តិសាស្ត្រ Souq Waqif គឺតែងតែចាប់អារម្មណ៍ទៅលើ Abbass ហើយអ្នកគាំទ្រទាំងអស់នោះតែងតែចូលរួមបង្កើតរឿងសប្បាយៗជាមួយនឹង Abbass ក៏ដូចជាបានផ្សព្ធផ្សាយរូបគេទៅកាន់ពិភពលោកផង។
 
លើសពីនេះទៅទៀត Abbass ក៏ជាមនុស្សម្នាក់ដែលបានបំផុសគំនិតអ្នកធ្វើការងារដទៃទៀតឱ្យចូលរួមការងារដ៏គួរឱ្យរីករាយដូចគេ ដោយពួកគេបានប្រើប្រាស់ដៃដែលជាសញ្ញាសំគាល់ក្នុងការបង្ហាញគោលដៅទៅអ្នកធ្វើដំណើរ និងបង្កើតរឿងប្លែកៗជាមួយអ្នកគាំទ្រអំឡុងព្រឹត្តិការណ៍ World Cup ផង៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com