អន្តរជាតិ
អាម៉េរិក គាំទ្របាតុកម្មអហិង្សានៅចិន
29, Nov 2022 , 11:29 am        
រូបភាព
ប្រជាជនចិន កាន់ក្រដាសសជាការតវ៉ាវិធានការរបស់រដ្ឋាភិបាល។ រូបថត AFP
ប្រជាជនចិន កាន់ក្រដាសសជាការតវ៉ាវិធានការរបស់រដ្ឋាភិបាល។ រូបថត AFP
ដោយ:
អាម៉េរិក គាំទ្របាតុកម្មដោយសន្តិភាពនៅចិន។ សេចក្តីថ្លែងការណ៍របស់សេតវិមានបញ្ជាក់បែបនេះនៅថ្ងៃទី២៨ ខែវិច្ឆិកា។ ខណៈប៉ូលិសចិនកំពុងចាត់វិធានការហាមបាតុករប្រមូលផ្តុំតវ៉ានៅក្រុងសៀងហៃ និងក្រុងប៉េកាំង និស្សិត និងអ្នកប្រឆាំងចិននៅបរទេសប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយតូចជុំវិញនៅក្រុងឡុងដ៍ ក្រុងតូក្យូ និងក្រុងស៊ីដនីថែមទៀត។

 
ជាចំណាត់ការទប់ទល់ការតវ៉ារបស់ប្រជាជនប្រឆាំងគោលនយោបាយគ្មានកូវីដរបស់រដ្ឋាភិបាលចិន ប៉ូលិសចិននៅថ្ងៃទី២៨​ ខែវិច្ឆិកា បន្ថែមកងកម្លាំងយ៉ាងច្រើននៅតាមផ្លូវនៃក្រុងប៉េកាំង និងក្រុងសៀងហៃ ក៏ដូចជាដាក់របាំង និងរថយន្តតាមផ្លូវកុំឱ្យក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ាដូចប៉ុន្មានថ្ងៃមកនេះ។
 
នេះជាបាតុកម្មដ៏កម្របំផុតដែលរដ្ឋាភិបាលចិនប្រឈម តាំងពីបាតុកម្មរបស់សិស្សនិស្សិតគាំទ្រប្រជាធិបតេយ្យនៅទីលានធានអានមិនឆ្នាំ១៩៨៩។ ទាក់ទងរឿងនេះ អាម៉េរិកដែលតែងរិះគន់រដ្ឋាភិបាលចិនជុំវិញសិទ្ធិមនុស្ស និងបំបិទសិទ្ធិសេរីភាពប្រជាជន នៅថ្ងៃទី២៨ ខែវិច្ឆិកា បង្ហាញការគាំទ្រការតវ៉ាដោយសន្តិភាពគ្រប់ទីកន្លែង។
 
«យើងបាននិយាយពីដើមមកហើយថា គ្រប់គ្នាមានសិទ្ធិតវ៉ាប្រឆាំងដោយសន្តិភាពនៅទីនេះក្នុងអាម៉េរិក និងជុំវិញពិភពលោក។ នេះរួមបញ្ចូលនៅសាធារណរដ្ឋប្រជាមានិតចិន»។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបញ្ជាក់បែបនេះ ហើយបន្ថែមថា ក្រុងវ៉ាស៊ីនតោនគិតថា វានឹងពិបាកសម្រាប់ក្រុងប៉េកាំងក្នុងការគ្រប់គ្រងវីរុសនេះតាមរយៈយុទ្ធសាស្រ្តគ្មានកូវីដ។
 
បាតុករទាំងនោះមិនត្រឹមតែទាមទារឱ្យបញ្ចប់គោលនយោបាយគ្មានកូវីដ ហើយសេរីភាពនយោបាយទេ ពួកគេព្រមទាំងអំពាវនាវឱ្យប្រធានាធិបតីចិន​ ស៊ី ជិនភីង ចុះចេញពីតំណែងទៀតផង។ ទាក់ទងប្រតិកម្មរបស់ប្រធានាធិបតីអាម៉េរិកជុំវិញការទាមទារឱ្យលោក ស៊ី ចុះចេញពីតំណែងនេះ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby ឆ្លើយសំណួរអំឡុងសន្និសីទកាសែតថា ប្រធានាធិបតីអាម៉េរិក នឹងមិននិយាយឱ្យបាតុករជុំវិញពិភពលោកទេ។ បាតុករទាំងនោះបង្ហាញគំនិតរបស់ពួកគេផ្ទាល់។
 
បើតាមលោក Kirby លោក បៃឌិន កំពុងតាមដានពីអ្វីដែលកំពុងកើតឡើងក្នុងទឹកដីចិន ហើយរក្សាការយកចិត្តទុកដាក់ពីសកម្មភាពតវ៉ាទាំងនោះយ៉ាងដិតដល់។ ទន្ទឹមនេះ សមាជិកសភាអាម៉េរិកមួយចំនួនក៏បានរិះគន់លោក ស៊ី ដែរដោយចេញសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងបែបគាបសង្កត់របស់បក្សកុម្មុយនីស្តចិនមិនទទួលបានប្រជាប្រិយភាព ហើយប្រឈមឧបសគ្គ៕
 
 
 
 
 
 
 

Tag:
 ចិន
 ​អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com