ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងរាស្រ្តអូស្ត្រាលីម្នាក់ ស្នើឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
29, Nov 2022 , 2:49 pm        
រូបភាព
រូបលោក ជូលៀន ហីល ពី AAP, រូបកញ្ញា ឈឹម ស៊ីថរ ពីបណ្តាញសង្គម
រូបលោក ជូលៀន ហីល ពី AAP, រូបកញ្ញា ឈឹម ស៊ីថរ ពីបណ្តាញសង្គម
ដោយ៖ ទេពញាណ 

តំណាងរាស្រ្តបក្សកាន់អំណាចម្នាក់របស់អូស្រ្តាលី គឺលោក ជូលៀន ហីល (Julian Hill) បានអំពាវនាវចេញពីរដ្ឋសភា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ មេសហជីពរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ជាបន្ទាន់។ លោក ក៏បានអំពាវនាវឲ្យថៅកែក្រុមហ៊ុនណាហ្កាវើលដ៍ ប្រព្រឹត្តអំពើឲ្យបានត្រឹមត្រូវលើបុគ្គលិកផងដែរ ហើយត្រូវបញ្ចប់ជម្លោះជាមួយពួកគេ។   



«ខ្ញុំ នឹងនិយាយជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ដើម្បីស្វែងរកផ្លូវអ្វី ដែលឯកអគ្គរាជទូតយើង [ប្រចាំកម្ពុជា] អាចនិយាយក្នុងប្រទេសកម្ពុជាបាន [ជុំវិញករណីកញ្ញា ឈឹម ស៊ីថរ]»។ នេះជាសម្តីរបស់លោក ជូលៀន ហីល នៅក្នុងរដ្ឋសភាអូស្ត្រាលី។ លោក ចាត់ទុកការចាប់មេសហជីពស្រ្តីរូបនេះ ថាមិនសមហេតុល ហើយធ្វើឲ្យលោករន្ធត់។ 
 
កញ្ញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មី នៅព្រលានយន្តហោះភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ពេលកញ្ញា វិលមកពីប្រទេសអូស្ត្រាលីវិញ។ លោក សាន សុខសីហា ប្រាប់សារព័ត៌មានថ្មីៗថា កញ្ញា មិនគោរពតាមដីការបស់តុលាការ ទើបត្រូវចាប់ខ្លួន។ លោក លើកឡើងថា ដីការបស់តុលាការ បានដាក់លក្ខខណ្ឌមិនឲ្យកញ្ញា ចេញទៅក្រៅប្រទេសឡើយ។ 
 
យ៉ាងណា សមាជិករដ្ឋសភាអូស្ត្រាលី លោក ជូលៀន ហីល អះអាងថា គ្មានអ្នកណា បានប្រាប់កញ្ញា ពីលក្ខខណ្ឌដែលហាមមិនឲ្យចេញក្រៅប្រទេសនោះទេ។ លោក ថ្លែងថា កញ្ញា ទៅអូស្រ្តាលី ក្នុងនាមជាគណៈប្រតិភូនៃអង្គការ១របស់អូស្រ្តាលីនៅកម្ពុជា គឺអង្គការអាហ្វីដា (APHEDA) ដើម្បីចូលរួមសមាជសហជីពអន្តរជាតិ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងមែលប៊ន។ លោក បន្តថា កញ្ញា ក្រោកតស៊ូដើម្បីការពារសិទ្ធិរបស់បុគ្គលិក ដែលត្រូវបានក្រុមហ៊ុនណាហ្កាវើលដ៍ បណ្តេញចេញ។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចោទសួរថា ហេតុអ្វី បានតវ៉ាឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ? លោក ចោទសួរទៀតថា ការចេញទៅបរទេសដោយលួចលាក់ តើកញ្ញា មានចេតនាអ្វី? បន្ទាប់មក លោក បកស្រាយថា កញ្ញា លួចចេញទៅអូស្ត្រាលីដោយរំលោភបម្រាមរបស់តុលាការ ដូច្នេះការចាប់កញ្ញាដាក់ពន្ធនាគារវិញ គឺជាការអនុវត្តច្បាប់។ 
 
តាមរយៈបណ្តាញតេឡេក្រាម ដែលប្រមូលផ្តុំដោយក្រុមអ្នកកាសែត អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរថា៖«មេបាតុកម្មនៅណាហ្កាវើលដ៍ មិនគោរពកិច្ចសន្យាជាមួយតុលាការ ត្រូវចាប់ខ្លួន ក្រោយពេលវិលត្រឡប់ពីបរទេសវិញ ដែលល្មើសបម្រាមមិនឲ្យចេញក្រៅប្រទេសដោយមិនសុំការអនុញ្ញាតពីតុលាការ»។ 
 
ក្រោយកញ្ញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួន លោក ភិល រ៉ូបឺសិន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ប្រចាំតំបន់អាស៊ី បានហៅការចាប់ខ្លួននេះ ថាជាការដាក់ទោសឧក្រិដ្ឋលើកញ្ញាដោយជ្រុលហួសហេតុ និងមិនអាចទទួលយកបាន។ តាមរយៈបណ្តាញសង្គមធ្វីតធ័ររបស់ខ្លួន លោក ភិល រ៉ូបឺសិន ក៏បានទាមទារឲ្យតុលាការដោះលែងកញ្ញាជាបន្ទាន់ និងឥតលក្ខខណ្ឌ។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់យោបល់ទៅលោក ភិល រ៉ូបឺសិន ថា បើចង់ជួយកញ្ញា ឈឹម ស៊ីថរ គឺត្រូវអនុវត្តតាមច្បាប់កម្ពុជា ដោយត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយបង្ហាញភស្តុតាងដោះបន្ទុក។ លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗដូច្នេះថា៖«ការទាមទារឲ្យដោះលែង និងទម្លាក់បទចោទហ្នឹង គឺមិនមែនជាមធ្យោបាយផ្លូវច្បាប់ ក្នុងការការពារជនជាប់ចោទនៅកម្ពុជាទេ»។ 
 
បន្ថែមពីនេះ ក្រុមមអង្គការសង្គមស៊ីវិលដល់ទៅ៦៩ស្ថាប័ននៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ជុំវិញការចាប់កញ្ញា ឈឹម ស៊ីថរ និងបានអំពាវនាវដោះលែងកញ្ញាវិញ។ ក្រុមអង្គការសង្គមស៊ីវិល ថែមទាំងស្នើឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើកញ្ញា។ 
 
ក្រោយឃាត់ខ្លួននៅព្រលានយន្តហោះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។ នេះជាលើកទី២ហើយ ដែលកញ្ញា ត្រូវចាប់ខ្លួន។ កញ្ញា ត្រូវសមត្ថកិច្ចចាប់ខ្លួនកលើកទី១ កាលពីខែមករា ឆ្នាំ២០២២ តែក្រោយមក ត្រូវបានដោះលែងវិញ។ 
 
កញ្ញា ជាមេសហជីពម្នាក់ ដែលដឹកនាំក្រុមបុគ្គលិកណាហ្កាវើលដ៍ ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកបុគ្គលិកមួយចំនួន ដែលត្រូវបានបណ្តេញចេញ ឲ្យចូលបម្រើការងារវិញ។ ពួកគេ តវ៉ាតាំងចុងឆ្នាំ២០២១មកម្ល៉េះ តែរហូតមកដល់ចុងឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមិនយល់ព្រមតាមការទាមទាររបស់ពួកគេ៕ 
 
 

Tag:
 ឈឹម ស៊ីថរ
© រក្សាសិទ្ធិដោយ thmeythmey.com